ផ្សារចាស់នឹងចាប់ បើកឡើងវិញ ខែក្រោយ

ដោយ នៅ ស៊ីវុត្ថា No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ –​​ ផ្សារចាស់ គ្រោងនឹងបើក ដំណើរការធម្មតាវិញ នៅខែក្រោយ បើសង្កេត មើលទៅលើកម្មករ ដែលកំពុងធ្វើការងារយ៉ាង សស្រាក់សស្រាំ ក្នុងការសាងសង់តូប នៅក្នុង ផ្សារចាស់ឡើញវិញ។ តូបភាគច្រើននៅក្នុង ផ្សារនេះបានត្រូវ អគ្គីភ័យលេបត្របាក់ កាល ពីខែមុន។
 
លោកអនុសេនីយ៍ ទិត្យ វិសាល ដែលជា ប៉ូលីស ប្រចាំផ្សារ បានមានប្រសាសន៍ប្រាប់ កាសែត ខ្មែរថាមស៍ថា តូបជាង ៤០ភាគរយ នៅក្នុងផ្សារ ប្រវត្តិសាស្ត្រនេះបានសាងសង់ រួចរាល់ហើយ។ “ផ្សារនឹងបើកឡើងវិញនៅខែ ក្រោយ។ ឥឡូវយើងកំពុងដាក់ប្រព័ន្ធទទឹក ភ្លៀង និង លូ នៅក្នុងផ្សារ។ តូបចាស់ៗមួយ​ ចំនួន ក៏ត្រូវបាន សាងសង់ឡើងវិញដែរ​ដើម្បី អោយស៊ីគ្នា ជាមួយតូប ដែលសង់ថ្មីដូចនេះ​ហើយបានជាយើងយឺតបន្តិច។ នៅពេលដែល គេសង់តូប បានហើយភ្លាម ម្ចាស់តូប​នឹងបើក លក់​ដូរភ្លាម” លោក​អនុសេនីយ៍ វិសាល បាន បន្ត។
 
ប៉ុន្តែជាងសំណង់មួយរូប លោក មៃ ចាន់ថា បាននិយាយថាទោះបីជាតូបជាង៦០ ភាគរយ បានសាង សង់ រួចរាល់ហើយក្តីការងារដាក់ ប្រព័ន្ធ លូ និងបង្ហូរទឹក កំពុងដំណើរការទៅ មុខដោយយឺតៗ។
 
អាជីវករលក់ខោអាវម្នាក់ឈ្មោះ លី ឆាយអឹង នៅមានអារម្មណ៍ ល្ហិតល្ហៃនៅឡើយនៅពេល គាត់អង្គុយមើល ជាងសំណង់សង់តូបទាំងពីរ របស់់គាត់។ លោកស្រី ឆាយអឹង បាននិយាយ ថាឥវ៉ាន់លក់ដូររបស់គាត់ ដែលឆេះអស់នៅ ក្នុងភ្លើងនោះ អស់ទឹកប្រាក់ជិត ១ម៉ឺនដុល្លា។
 
គាត់បានបន្តថា ទោះបីជាតូបនៅក្នុងផ្សារបាន សង់រួចជាង ៤០ភាគរយក្តីក៏គាត់នៅមិនទាន់ ដឹងច្បាស់ថាគាត់នឹងអាចបើកតូប របស់គាត់ លក់ដូរ នៅថ្ងៃណានៅឡើយទេ ដោយសារ គាត់ គ្មានលុយទៅទិញឥវ៉ាន់យកមកលក់ទេ។
 
“ឥឡូវខ្ញុំគ្មានលុយសង់តូបឡើងវិញ ខ្លួនឯងទេ ព្រោះឆេះអស់ហើយ។ ខ្ញុំទៅខ្ចីលុយគេដើម្បី យកមកធ្វើតូបឡើងវិញ” លោកស្រី ឆាយអឹង បាននិយាយ។ គាត់បន្តថាគណៈកម្មការផ្សារ ចង់អោយគាត់បង់លុយ សំរាប់ការដាក់ប្រព័ន្ធ លូ និងបង្ហូរទឹក។ “ខ្ញុំត្រូវចេញលុយសង់តូប ខ្ញុំ ហើយឥឡូវ ខ្ញុំត្រូវចេញលុយថ្លៃលូនិងដាក់ ទ​ទៀត។ គណៈកម្មការផ្សារបាន  យកលុយ ភាសីុ ពី​ខ្ញុំ ហើយអត់មានចេញលុយអី អោយខ្ញុំ សោះ។ ខ្ញុំជាអ្នកចេញលុយខ្លួនឯងទាំង​អស់” គាត់បានគូស បញ្ជាក់បន្ថែម។
 
តូបជាងពីរភាគបី ក្នុងចំណោមតូបជាង ៩១៤ តូបនៅក្នុងផ្សារ ប្រវត្តិសាស្រ្ត​ នៅកណ្តាលទី​ក្រុងមួយនេះ បានខូតខាត នៅក្នុងអគ្គីភ័យ​ពី​ខែមុន៕ 

Share and Like this post

Related Posts

Previous Article

ចោរឆក់កាបូប៖ បញ្ហាប្រឈមរបស់អ្នកទេសចរណ៍

Next Article

ទន្លេ ៖ ការផលិត វាយនភណ្ឌ បែបថ្មី