ការលុបបំបាត់ភាពក្រីក្រពិតជាអាចធ្វើបាន

ដោយ អាន សុវត្ថា No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – កាលពីសប្តាហ៍មុន ខ្ញុំបានឃើញ សារខ្លីមួយ នៅលើធ្វីតធើរបស់ធនាគារពិភពលោក ដែលជាស្ថាប័នធំមួយធ្វើការងាដើម្បីលុប បំបាត់ភាព ក្រីក្រនៅក្នុងពិភពលោក សារនោះបាននិយាយថាការ លុបបំបាត់ភាពក្រីក្រពិតជាអាចធ្វើបាន។ សារនោះ ក៏បានភ្ជាប់ទៅនឹងទំព័រពត៌មាន ក្រាហ្វិក មួយដែល ពន្យល់ថា ការលុបបំបាត់ភាព ក្រីក្រ អាចធ្វើឡើង តាមវិធីណា។ ពេលខ្ញុំឃើញសារ នោះ ខ្ញុំគិតថាគួរ តែយកការពន្យល់ជាសង្ខេបនេះ មកពិចារណា និង ចែករំលែកជាមួយបងប្អូនមិត្តអ្នកអានទាំងអស់។
 
យោងតាមពត៌មាន ក្រាហ្វិកនេះ  យើងឃើញថាកាលពី ឆ្នាំ២០១០ នៅលើពិភពលោកទាំងមូលមានមនុស្ស ចំនួន ១ពាន លាននាក់ដែលរស់នៅ ក្នុងភាពក្រីក្រ ហើយក្នុងចំនោមមនុស្សទាំងអស់នោះ អ្នកដែលក្រីក្រ ខ្លាំងភាគច្រើនរស់នៅតំបន់ដែលមានជំលោះ  និងតំបន់ ជនបទ។ មនុស្ស១ពាន លាននាក់ដែល ក្រីក្រនោះ គឺគេរស់នៅ ដោយប្រាក់ចំនូលតិចជា ១.២៥  ដុល្លា ឬ ៥០០០ពាន់ រៀលក្នុងមួយថ្ងៃ ។
 
មានដំណោះស្រាយជាចំបងបួន ដែលពត៌មានក្រាហ្វិក នេះបានលើកឡើង គឺការរីកចំរើនដោយមាន​​ការ រាប់បញ្ចូល ​ការបង្កើតការងារការទទួលបានសេវា បឋមការ និងការជួយមនុស្សដែលងាយរងគ្រោះ។ ការរីកចំរើន ដោយមានការរាប់បញ្ចូលមានន័យថា គេគួរធ្វើ យ៉ាងមេចអោយការរីកចំរើនមានឥទ្ធិពល​ខ្លាំង​​​​​​​ទៅ លើការកាត់បន្ថយភាពក្រីក្រដោយ​ បំលែង ការរីកចំរើន ទាំងអស់នោះទៅជាឱកាសបង្កើន ចំនូល សំរាប់ មនុស្ស ៤០ភាគរយខាងក្រោមគេ បង្អស់ ក្នុងចំនោម មនុស្សដែលមានចំនូលទាំង អស់។ បទពិសោធន៍ ពីប្រទេសផ្សេងៗបានបង្ហាញ អោយឃើញថាការរីកចំរើន តែមួយមុខមិន គ្រប់គ្រាន់ ទេ។ គេត្រូវការ គោលនយោបាយដែលធានាថា ធនធាននឹងអាចចែករំលែក ផ្ទាល់ទៅដល់មនុស្សក្រីក្រ ខ្លាំងទាំងនោះ។
 
ដំណោះស្រាយ ចំបងមួយទៀតគឺការបង្កើតការងារ ។ ដំណោះស្រាយ នេះអាចធ្វើទៅបានគេត្រូវការ អោយ មានភាពជាដៃគូរ វាងរដ្ឋាភិបាល និង ផ្នែកឯកជន និងការ វិនិយោគទៅលើការ បណ្តុះបណ្តាលធនធាន មនុស្សដើម្បីអោយទាំងតំរូវការនិង ការផ្គត់ផ្គត់មាន តុល្យភាពគ្នា។ ភាគច្រើននៅកម្ពុជាយើងឃើញថា មានមនុស្សរកការងារធ្វើច្រើន ប៉ុន្តែការងារមិនទាន់មាន គ្រប់សំរាប់អ្នកដែលរកការងារធ្វើនោះទេ។ រដ្ឋាភិបាល ក៏មានតួនាទីសំខាន់ ដែរក្នុងការ បង្កើតការងារនេះ ដោយជួយធានា អោយមាន ស្ថេរភាព នយោបាយ និងបង្កើតបរិយាកាសដែលអាចអោយអ្នកវិនិយោគបរទេសមានទំនុកចិត្តនៅលើទីផ្សារកម្ពុជា។ 
 
ដំណោះស្រាយសំខាន់ ទីបី គឺការផ្តល់សេវាបឋម សំខាន់ៗ ដូចជា ការអប់រំ សុខភាព អនាម័យទឹកស្អាត និងមធ្យោបាយធ្វើដំណើរ។ ចំនុចនេះបើយើងសង្កេត មើលស្ថានភាពនៅកម្ពុជា ឃើញបានទួលលទ្ធផលល្អ ខ្លះហើយ ដូចជាមានអត្រាកុមារចុះឈ្មោះចូលរៀន បឋមសិក្សា បានរហូតដល់ជាង៩៥ភាគរយ នេះបើ តាមប្រភពពីយូនីសេហ្វ។ តាមប្រភពដូចគ្នានេះដែរ អត្រាស្លាប់របស់កុមារ ក្នុងចំណោមក្មេងកើតមក ១ពាន់នាក់ គឺធ្លាក់ចុះពី ៩៥ មក ៤៥នាក់ ប៉ុណ្ណោះ  ដែលនេះបង្ហាញថាកម្ពុជា នឹងអាច​សំរេចគោលដៅ អភិវឌ្ឍន៍ សហវត្សក្នុងការកាត់បន្ថយ អត្រាស្លាប់របស់​  កុមារនេះបាន។ ជាមួយនឹងលទ្ធផលវិជ្ជមានទាំងនេះ ក៏នៅមានបញ្ហាប្រឈម មួយចំនួន ទៀតដែរដូចជា មានមនុស្សជាង ៦លាននាក់នៅ កម្ពុជាមិនទាន់មាន ទឹកស្អាត ប្រើប្រាស់ និងជាង ៦៦ភាគរយមិនទាន់  មានបង្គន់អនាម័យ នេះបើតាម ប្រភពពីយូនីសេហ្វ និងធនាគារពិភពលោក។ បើសិនគេអាចផ្តល់សេវា បឋមទាំងនេះបានល្អ នោះគេនឹងអនុញ្ញាតអោយ ប្រជាជនក្រីក្រទាំងនោះមាន លទ្ធភាព នឹងចូលរួម ក្នុងសកម្មភាព រកចំនូលបានច្រើន ជាងមុន។
 
ដំណោះស្រាយទីបួន ក្នុងពត៌មានក្រាហ្វិកនេះគឺការ ជួយដល់ជនងាយរងគ្រោះ ដូចជាស្រ្តី និងកុមារ។ បើធ្វើយ៉ាងមេចអោយ មានកម្មវិធីបង្កើនចំនូលទៅ ដល់ម្តាយ នោះម្តាយទាំងនោះនឹង អាចបញ្ជូនកូន របស់គេអោយ ទៅរៀនបានគ្រប់ៗគ្នា។ ធនាគារ ពិភពលោកបានប្រមាណមើលថា ការលុបបំបាត់ ភាពក្រីក្រខ្លាំង នៅក្នុងពិភពលោកនឹអាចសំរេចបាន នៅកំឡុងឆ្នាំ ២០៣០ ដែលទៅដល់ពេលនោះនឹង​មានមនុស្ស តែ៣ភាគរយប៉ុណ្ណោះនៅក្នុងពិភពលោក​  ដែលរស់នៅក្នុងភាពក្រីក្រ ហើយអត្រានេះបានធ្លាក់ ពី ៣៦ភាគរយ នៅឆ្នាំ ១៩៩០។
 
តើអ្នកអាចធ្វើការផ្លាស់ប្តូរអ្វីខ្លះ? យើងទាំងអស់គ្នា អាចចូលរួម ក្នុងការលុបបំបាត់ភាពក្រីក្រ ដោយ ផ្តោត ទៅលើការងារមួយចំនួនដូចជា ការកាត់បន្ថយអត្រា មនុស្សផ្ទុកជំងឺអេដស៍ បំលាស់ផ្តូរអាកាសធាតុ ការ ទទួលបានទឹកស្អាតអនាម័យ ការអប់រំ សមភាព យេនឌ័រ ការបង្កើនការងារសំរាប់យុវជន ។ល។ 
 
តើបងប្អូនមិត្តអ្នកអានទាំងអស់ យល់ស្របជាមួយ ធនាគារពិភពលោកថា យើងនឹងអាចលុបបំបាត់ ភាពក្រីក្រនៅលើពិភពលោក ក៏ដូចជានៅកម្ពុជាបាន ឬទេ? ហើយដើម្បីលុបបំបាត់ ភាពក្រីក្រនៅស្រុក ខ្មែរបានយើងត្រូវ ធ្វើយ៉ាងណា? សូមផ្ញើរគំនិត យោបល់របស់បងប្អូនតាមរយៈ សារខ្លីនៅលើធ្វីតធើ មកខ្ញុំបាទតាមរយៈធ្វីតធើ @Sovatha_KT ជាភាសា ខ្មែរឬអង់គ្លេសក៏បាន។ ខ្ញុំនឹងបូកសរុបប្រមូលមតិ យោបល់របស់បងប្អូន នឹងសរសេរជាអត្ថបទចុះផ្សាយ បន្តទៀតថាតើគំនិតមជ្ឈដ្ឋាន អ្នកអានទូទៅគិតថាយើង អាចលុបបំបាត់ ភាពក្រីក្រនៅកម្ពុជាតាមវិធីណា។ 

Share and Like this post

Related Posts

Previous Article

សកលភ្នំពេញសហការជាមួយសាលានៅហុងកុង និងហុងហ្គារី

Next Article

រស់នៅជាមួយខ្មោច