រស់នៅជាមួយខ្មោច

Ros Chanveasna and Va Sonyka / Khmer Times No Comments Share:

ផ្ទះប្រជាជននៅក្នុងកន្លែងកប់ខ្មោចមួយក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ (រូបថត សុទ្ធ សុផារី )
 
 
ភ្នំពេញ, ខ្មែរថាមស៍ – ដោយសារតែទីក្រុងភ្នំពេញកាន់ តែចង្អៀតទៅ ប្រជាជនជាងពីររយគ្រួសារបានទៅតាំងលំនៅក្នុងកន្លែងកប់ខ្មោចចិន វៀតណាមមួយ នៅតំបន់ជាយក្រុង ខាងត្បូងភ្នំពេញដែលមានចំណាស់ តាំងពីមុនសម័យលន់ នល់។
 
ប្រជាជន បានមកតាំងលំនៅក្នុង តំបន់នេះតាំងពីទសវត្ស ឆ្នាំ៨០មកម្លេះ ដោយសារ​បន្ទាប់ ពីបែកជំនាន់ប៉ុល ពត មក​ មិនមែនមនុស្សគ្រប់គ្នាអាច ចូលមករស់នៅ​កណ្តាល ក្រុងភ្នំពេញបាននោះទេ។       បច្ចុប្បន្ន ពេលដែល មនុស្សពីជនបទចូលមករស់នៅ និងប្រកបការងារក្នុងទីក្រុងកាន់តែច្រើន មនុស្សភាគច្រើនមិនមានចំនូលគ្រប់ គ្រាន់ដើម្បីជួលផ្ទះនៅក្នុងក្រុងទេ។ ដូចនេះហើយអ្នក ខ្លះក៏បានចូលទៅរស់នៅក្នុងតំបន់នោះ។ អ្នកដែលមក ពីជនបទទាំងនោះ ខ្លះក៏មានដីនិងផ្ទះនៅស្រុករបស់​គេដែរ​ តែការងារ និងប្រាក់កាសរបស់គេនៅភ្នំពេញ។ អ្នកទាំងនោះរស់នៅដោយសន្សំសំចៃ ដើម្បីបានសល់ លុយផ្ញើរទៅផ្ទះ។ 
កាលពីដប់ឆ្នាំមុន ដោយឃើញ មានមនុស្សចេះតែចូល​មករស់នៅតំបន់ នោះច្រើនពេក គេឈប់អោយមាន សង់ផ្ទះថ្មី ឬក៏ធ្វើផ្នូរខ្មោចថ្មីទៀត។ ការហាមនេះធ្វើ ឡើង ដោយសារអាជ្ញាធរខ្លាចពេល​ ដែលប្រជាជនចូល​មករស់នៅខុសច្បាប់ច្រើនពេក​ តំបន់នេះអាចនឹងមាន​ បញ្ហាចំរូងចំរាស់ដូចនៅបឹងកក់ទៀត។ ចាស់ៗដែល​ នៅក្នុងតំបន់ នោះតាំងពីដើមមកបាន បង្ហើបអោយ​ដឹងថា កាលពីជាង៣០ឆ្នាំមុន មានមនុស្សប្រហែល​ជា២៥០គ្រួសារ បានស្នើរសុំមកតាំងរស់នៅក្នុង​កន្លែង​នេះ ហើយសហគម៍បានអនុញ្ញាតអោយគេ រស់​នៅជាលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ មិនមែន អោយនៅរហូតទេ។
 
អ្នកមីង ញឿន មាន អាយុ៦០ឆ្នាំ មានកូន៥នាក់ ធ្វើការ​ជាអ្នកសំអាតអោយសាលាឯកជនមួយ បាន មករស់នៅកន្លែងកប់ខ្មោច នេះតាំងពីឆ្នាំ២០០០មក។ គាត់និយាយថា “ពេលខ្ញុំចូលមករស់នៅទីនេះមាន មនុស្សនៅនេះស្រាប់ហើយ ចឹងខ្ញុំអត់ខ្លាចខ្មោចឬព្រលឹង អីទេ”។​ គាត់លឺគេនិយាយ ពីគំរោងអភិវឌ្ឍន៍តំបន់ នេះបីបួនដងពីមុនមកដែរ តែជាក់ស្តែងមិនទាន់ឃើញ មានអីកើតឡើងនៅឡើយ។ គាត់ថាគាត់មិនចង់អោយ​ មានការអភិវឌ្ឍន៍អីទេព្រោះ បើមានគាត់អាចនឹងបាត់ បង់ផ្ទះដ៏តូចរបស់គាត់។ “ប្រសិន បើគេអភិវឌ្ឍន៍ដីនេះ ហ្នឹងជាសិទ្ធិរបស់​ គេ​ព្រោះនេះជាដីរដ្ឋ គ្រាន់តែថាខ្ញុំ​ ជឿ​ថា​ នឹងមានដំណោះ ស្រាយសមស្រប​មួយ សំរាប់ខ្ញុំ”។ ស្រ្តីម្នាក់ទៀត ដែលរស់នៅរួមគ្នាជាមួយ គ្រួសារបីផ្សេងទៀត នៅក្នុងសំណង់ បាក់បែកមួយ ក្នុងតំបន់នេះបាន ប្រាប់យើងថា ពីមុនគាត់ មានដីនៅ ជាប់ច្រាំងទន្លេ ដែលគាត់អាចដាំដុះបន្លែបង្ការបាន​តែក្រោយពេលបាក់ច្រាំងទន្លេ ដីគាត់ក៏បាក់អស់ ហើយគាត់ក៏បាត់ប្រភព  ចំណូលសំខាន់របស់គាត់ដែរ។ “ពេលខ្ញុំមកដល់ ខ្ញុំបានទៅសុំប្រធានភូមិ ហើយគាត់ ក៏អោយខ្ញុំនៅក្នុងសំណង់នេះដោយ មិនបាច់បង់ថ្លៃ ឈ្នួលតែត្រូវបង់ថ្លៃភ្លើង និងទឹក” ។ សមាជិក គណៈកម្មការសហគមន៍ម្នាក់ឈ្មោះ ថន បានអោយ ដឹងថា ក្នុងចំណោម ២៥៥គ្រួសារដែលរស់នៅទីនោះ មាន២៥គ្រួសារ ជាជនជាតិវៀតណាម ប៉ុន្តែកន្លងមក ទាំងខ្មែរ ទាំងវៀតណាមរស់នៅ ជាមួយ គ្នាដោយ សុខសប្បាយ មិនធ្លាប់មានបញ្ហាឈ្លោះទាស់ទែងគ្នាអីទេ។
 
នៅពេលដែលមនុស្សចេះ តែចូលមករស់នៅក្នុងតំបន់ នេះហើយសង់សំណង់ អនាធិបតេយ្យកាន់តែច្រើន ឡើងអាជ្ញាធរក្រុងចាប់ផ្តើម ព្រួយបារម្ភថាស្ថានភាព ក្នុង តំបន់នេះអាចមានរឿងចំរូងចំរាស់ទៀត។ ដូចគេ ឃើញ នៅតំបន់បឹងកក់ ការអភិវឌ្ឍន៍តំបន់នោះបានបណ្តាល អោយមាន ការធ្វើបាតុកម្មតវ៉ាទារ សំណង ដែលអូសបន្លាយរហូតដល់សព្វថ្ងៃ។ ក្នុងករណី កន្លែង កប់ខ្មោចនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ សាលាក្រុងបាននិយាយថា “យើងបានណែនាំអាជ្ញាធរ គ្រប់ថ្នាក់ រហូតដល់ថ្នាក់សង្កាត់ អោយឈប់អោយ មានការសាងសង់អីទៀត” ដោយសារវាអាច​ជាការ​លំបាក​ដល់សាលាក្រុងក្នុងការចរចារផ្តល់សំណងដល់អ្នករស់នៅក្នុងតំបន់នោះ នៅពេលដែលមានគំរោងអភិវឌ្ឍន៍។ តាមច្បាប់ដីភូមិបាល គេមិនអាចចេញប្លង់ដីអោយតំបន់ ណាដែលជាកម្មសិទ្ធិរបស់រដ្ឋទេ ហើយរដ្ឋក៏មិនអាច​ចេញកម្មសិទ្ធិអោយដីដែល​ជាកន្លែងកប់ខ្មោច បានដែរ។ អាជ្ញាធរ បាននិយាយ ថា បញ្ហារឿងសំណងនឹងត្រូវ ចរចារ គ្នានៅពេលក្រោយ ប្រសិនបើមាន គំរោងអភិវឌ្ឍន៍។ ប្រជាជន ដែលអាចមាន សិទ្ធិទទួលសំណង លុះត្រាតែគេមានឯកសារ ច្បាស់លាស់​បញ្ជាក់ថាគេ ជាប្រជាជនក្រីក្រ និងឯកសារបញ្ជាក់ថា​គេបាន រស់នៅទីនោះ លើសពីប្រាំឆ្នាំ ជាប់លាប់។ អ្នកដែលមាន​​ ឯកសារគ្រប់គ្រាន់ អាចទទួលបាន សំណងជាផ្ទះ ឬដីនៅជិតភ្នំពេញ ឬជាលុយ។ ប្រសិនបើមានការអភិវឌ្ឍន៍ លោកឌីម៉ង់ បាននិយាយ ថាសំណងគឺមានតែសំរាប់ ប្រជាជនដែល នៅតំបន់ នោះយូរហើយតែប៉ុណ្ណោះ។ សំរាប់អ្នកដែលទើបមក រស់នៅថ្មី គឺមិនអាចមានទេ។
 
សមាជិកគណៈកម្មការសហគមន៍ ឈ្មោះថន បាន​ប្រាប់​ប្រជាជនថា មិនអោយរុះរើផ្ទះ​ឬក៏ដូរទៅកន្លែង​​ ផ្នូរផ្សេងទេ។ ប៉ុន្តែ ទោះជាមានការហាម​ដូចនេះ​ ក៏ដោយ ក៏គេឃើញមានមនុស្សនៅតែបន្តសង់សំណង់​អនាធិបតេយ្យនៅលើផ្នូរ ខ្មោចដែល មិនទាន់មាន​មនុស្សតាំងលំនៅនៅឡើយ។ 

Share and Like this post

Related Posts

Previous Article

ក្រសួងមហាផ្ទៃ គ្រោងតំឡើង​ កាមេរ៉ា ចរាចរណ៍

Next Article

UEFA Champions League 20/3/14