ឡានក្រុងនៅភ្នំពេញ ប្រជាប្រិយភាពកើនយឺតៗ

Chea Vannak / Khmer Times No Comments Share:

ផែនទីខ្សែឡានក្រុងលេខ១
 
ភ្នំពេញ, ខ្មែរថាមស៍ – ពាក្យពីមាត់មួយទៅមាត់មួយ ពីការធ្វើដំណើរ ដោយផាសុខភាពអង្គុយក្នុងរថយន្ត ក្រុងដែលមានម៉ាស៊ីនត្រជាក់ មិនហុយដី មិន ទទឹកភ្លៀង ហើយអស់លុយតិចជាងជិះម៉ូតូឌុប ត្រូវបានលឺឡើងបន្តិចម្តងៗ។ ‌‌‌‍‌‌‌‌‌‍‍‍‍‍
 
«ពីមួយថ្ងៃទៅមួយថ្ងៃ សេវាកម្មឡានក្រុងកំពុងតែ ចាប់ផ្តើមពេញនិយម សម្រាប់មនុស្ស មួយចំនួន ហើយ» នេះជាសំដីរបស់កញ្ញា មុត ណារី អាយុ ២៤ឆ្នាំ ជាអ្នកលក់សំបុត្រឡានម្នាក់នៅ លើឡានក្រុង ខ្សែ លេខ២ ដែលរត់ពីផ្សាររាត្រីទៅរង្វង់មូលតាខ្មៅ។ នៅភ្នំពេញ មានមនុស្សជាងមួយលាននាក់ជិះម៉ូតូ  ឌុប ឬរឺម៉កកង់បី ជារៀងរាល់ថ្ងៃ ហើយការផ្លាស់ប្តូរ មកជិះឡានក្រុងវិញ កំពុងកើតឡើងយឺតៗ។ អ្នកលក់ សំបុត្រដដែលបានបន្តថា «ខ្សែឡានក្រុង មកតាខ្មៅ ទទួលបានអ្នកធ្វើដំណើរ ជាមធ្យមពី១៥ ទៅ២០ នាក់ ក្នុងមួយជើង ខុសពីមុនដំបូង ដែលមានតែភ្ញៀវ ជិះឡានក្រុងខ្សែនេះ ពី៥ ទៅ ៨នាក់ ប៉ុណ្ណោះ»។
 
រត់ចាប់ពីម៉ោង ៥ កន្លះព្រឹក ដល់ម៉ោង ៨ កន្លះយប់ សេវាឡានក្រុងដែលបានចាប់ផ្តើមរត់​ ពីដើមខែកញ្ញា មានបីខ្សែ។  ខ្សែទីមួយ រត់ពី​ផ្សារាត្រីនៅមាត់ទន្លេ ទៅ រង្វង់ មូលស្តាតចាស់ ចេញតាមផ្លូវជាតិលេខ៥ ទៅ ដល់គីឡូមែត្រលេខ៩ ចំណតរថយន្តបឹងឈូក ហើយត្រលប់មកវិញ។ ខ្សែទីពីរ រត់ពីផ្សាររាត្រីទៅរង្វង់ មូលតាខ្មៅ តាមផ្លូវ ពីរង្វង់មូលស្ពានជ្រោយចង្វា ទៅអង់តែនទួល គោកបកមកផ្លូវ គីម​ អ៊ីលស៊ុង និងផ្លូវម៉ៅ​សេទុង បត់ស្តាំស្តុបបូកគោ តាមផ្លូវមុនីវង្ស ទៅតាខ្មៅហើយ ត្រលប់មកវិញ។ ខ្សែទីបីចេញ ពីចំណតផ្សាររាត្រី ទៅផ្លូវនរោត្តម បត់មកផ្សារថ្មី មកតាម មហាវិថីកម្ពុជាក្រោមឡើង ទៅ ពេទ្រលោកសង្ឃ ហើយបត់ឡើងតាមផ្លូវ សហព័ន្ធរុស្សី ទៅព្រលាន យន្តហោះ រហូតដល់រង្វង់ មូលចោមចៅហើយ ត្រលប់មកវិញ។ ខ្សែនិមួយៗ មាន ចំងាយប្រហែល ជា១២គីឡូមែត្រ ហើយសំបុត្រ ជិះម្តងមានតំលៃ ១៥០០រៀល។
 
អាជ្ញាធរសង្ឃឹមថា សេវាឡានក្រុងនេះ អាចនឹងជួយ ដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ នៅក្នុង ក្រុងភ្នំពេញ  ដែលមានម៉ូតូ ១.៥លានគ្រឿង និងឡាន ប្រហែល ៣សែនគ្រឿង ធ្វើចរាចរណ៍ ជារៀង រាល់ថ្ងៃ។  ​ បញ្ហាប្រឈមសំខាន់ គឺនៅ លើការ អប់រំប្រជាជនអំពីសេវាឡានក្រុងនេះ និងកែប្រែ ទំលាប់ចាស់។ អ្នកដែលជិះឡានក្រុងភាគច្រើនជា អ្នកដែលរស់នៅ តាមបណ្តោយផ្លូវដែលឡានក្រុង រត់ហើយសេវាឡានក្រុងនេះ​ ជួយធ្វើធ្វើដំណើររបស់ គាត់អោយ មានការងាយស្រួល។ អ្នកលក់ សំបុត្រ ណារី បាននិយាយថា «ពួកគាត់សប្បាយពេញចិត្តក្នុងការជិះឡានក្រុង ព្រោះវាអាចជួយកាត់ បន្ថយថ្លៃធ្វើដំណើរបាន»។ ប៉ុន្តែសំរាប់អ្នកដែល មានផ្ទះ មិននៅតាមបណ្តោយផ្លូវដែលឡានក្រុង រត់នោះ នៅតែមិនចូលចិត្តដើរមកឡើងឡាននៅ ចំណត ឡានក្រុងទេ ដោយសារចិញ្ចើមថ្នល់នៅ ភ្នំពេញ ភាគច្រើនអត់មានផ្លូវដើរ ហើយបើដើរលើផ្លូវ ក៏គ្រោះថ្នាក់ដែរ។   «មនុស្សភាគច្រើនមិនចូលចិត្តដើរ ច្រើនឡើយ។ ពួកគេចូលចិត្តជិះម៉ូតូ ឬឡានព្រោះ ចំណាយពេលតិចក្នុងការធ្វើដំណើរ» ណារី បាន បន្តនិយាយ។
 
ឡានក្រុង រត់កាត់ចំណតនិមួយរៀងរាល់ ១៥ ទៅ ២០នាទី ហើយដើម្បីធានាអោយមានសេវាទៀង ទាត់ គេដាក់អោយមានឡានចំនួន ១៥គ្រឿងតាម ខ្សែឡាននិមួយៗ។ អ្នកដំណើរ អាយុពី ៧០ឆ្នាំ ឡើង សិស្សនិស្សិតដែលមានកាតសាលា និងក្មេង កំពស់មិនលើសពីមួយមែត្រ អាចជិះឡានក្រុង ដោយមិនបង់ប្រាក់។ ខ្សែឡានក្រុងមួយទៀតនឹង ដាក់ អោយប្រើប្រាស់នៅពេលខាងមុខ រត់ពី ចំណតផ្សាររាត្រី ទៅរង្វង់មូលដីក្រហម ដែលជា កន្លែងផ្លូវជាតិលេខ២ ជួបនឹងផ្លូវលេខ២១៧ ដែល គេហៅថាផ្លូវចំការដូង។
 
នៅពេលមានសេវាឡានក្រុងនេះ ក៏មានអ្នកខ្លះ មិនសប្បាយចិត្តដែរ។ អ្នករត់ម៉ូតូឌុបម្នាក់ឈ្មោះ សំអុល អាយុ៥៦ កំពុងអង្គុយចាំម៉ូយ នៅជិត រង្វង់មូលតាខ្មៅ បាននិយាយថា «ឡានក្រុង កំពុងដណ្តើមម៉ូយខ្ញុំអស់ហើយ»។ តាមមើលទៅ ការផ្លាស់ប្តូរពីការជិះម៉ូតូ និងបើកឡានខ្លួនឯង មកជិះឡានក្រុង នឹងត្រូវការពេលវេលាយូរទៅមុខ ទៀត។ ទោះជាយ៉ាងណា ការដែលមានសេវា ឡានក្រុងនេះ គឺជាការល្អ។ គេឃើញ នៅប្រទេស ជិតខាងយើង ដូចជាថៃ និងវៀតណាម គេមាន មធ្យោបាយធ្វើដំណើរសាធារណៈរបស់គេ តាំងពីជា មួយទសវត្សមកម្លេះ។      ​​  ​​ទីក្រុងភ្នំពេញ ប្រហែលជានឹងមានប្រព័ន្ធរថភ្លើងក្រោមដី តាមបណ្តោយផ្លូវមុនីវង្ស នៅឆ្នាំ២០២០ខាងមុខ។ គេសង្ឃឹមថាទៅដល់ពេល នោះ ប្រជាជននៅភ្នំពេញ នឹងប្តូរឥរិយាបថមកប្រើ ប្រាស់ មធ្យោបាយធ្វើដំណើរ សាធារណៈបាន កាន់តែច្រើន។ 
(សំរាប់ផែនទីខ្សែផ្សេងទៀតសូមចូលទៅ “Phnom Penh City Bus” នៅលើ “Facebook” )

Share and Like this post

Related Posts

Previous Article

ក្រសួងមហាផ្ទៃ គ្រោងតំឡើង​ កាមេរ៉ា ចរាចរណ៍

Next Article

UEFA Champions League 20/3/14