cellcard cellcard cellcard

អ្នកជំនាញនានាលើកឡើងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ថាមពលកកើតឡើងវិញ

Tom Starkey / Khmer Times Share:
ទួរប៊ីនខ្យល់របស់ក្រុមហ៊ុន Blue Circle កំពុងសាងសង់នៅក្នុងប្រទេសកម្ពុជា។ សហការី

របាយការណ៍ជាច្រើនបានលើកឡើងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ថាមពលកកើតឡើងវិញក្នុងការបង្កើតការងារ ផ្តល់អគ្គិសនីដែលមានតម្លៃថោក និងថាមពលស្អាត ខណៈពេលដែលកាត់បន្ថយហានិភ័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុផងដែរ។

របាយការណ៍រួមមាន «Renewable Energy and Sustainable Development in Southeast Asia: Challenges, Cooperation and Development Models» ដែលធ្វើឡើងរួមគ្នាដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងមូលនិធិអាល្លឺម៉ង់ Konrad-Adenauer-Stiftung (KAS)  ក៏ដូចជាការរួមចំណែកថ្នាក់ជាតិ (NDC)។

ក្រុមហ៊ុនថាមពល EnergyLab ដែលបានចូលរួមក្នុងរបាយការណ៍របស់ AVI/KAS បានឲ្យដឹងថាការចេញផ្សាយបែបនេះពិតជាមានសារៈសំខាន់ដើម្បីបង្ហាញពីសារៈសំខាន់នៃថាមពលកកើតឡើងវិញជាពិសេសសម្រាប់ប្រទេសកម្ពុជា។

លោកស្រី Bridget McIntosh នាយិកាអង្គការ EnergyLab Asia ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថាស្ថិតិរបស់រដ្ឋាភិបាលដែលបានចេញផ្សាយនាពេលថ្មីៗនេះបង្ហាញថានៅឆ្នាំ ២០២០ ប្រទេសកម្ពុជាបាននាំចូលអគ្គិសនីច្រើនជាងមួយភាគបី ហើយនៅឆ្នាំ ២០៣០ តម្រូវការថាមពល ៣ ភាគ ៤ របស់ប្រទេសនឹងត្រូវបានផ្គត់ផ្គង់ដោយអគ្គិសនីធ្យូងថ្មឬឧស្ម័ន។

លោកស្រីបន្តថា របាយការណ៍នេះបង្ហាញពីរបៀបដែលជម្រើសថាមពលស្អាតអាចមានការផ្លាស់ប្តូរកាន់តែប្រសើរដោយបង្ហាញពីអត្ថប្រយោជន៍នៃការទទួលយកថាមពលកកើតឡើងវិញក្នុងតំបន់។

«ការវិភាគពីការផ្លាស់ប្តូររបស់ប្រទេសចិនទៅជាថាមពលកកើតឡើងវិញបង្ហាញថាថ្លៃដើមនៃថាមពលអាចត្រូវបានកាត់បន្ថយពី ០,០៧៥ ដុល្លារ ទៅ ០,០៦៥ ដុល្លារ/គីឡូវ៉ាត់ម៉ោង ដោយបង្កើនថាមពលពន្លឺព្រះអាទិត្យពី ៣ ទៅ ២៨ ភាគរយ និងខ្យល់ពី ៣ ដល់ ១១ ភាគរយ។ ទន្ទឹមនឹងនេះដែរ នៅក្នុងប្រទេសថៃ ការវិភាគបង្ហាញថាបណ្តាញអគ្គិសនីនឹងមានស្ថេរភាពជាងមុន។ ការសិក្សាមួយពី UNDP បានបង្ហាញថាការងារចំនួន ២,៥ ដងន្ថែមទៀតត្រូវបានបង្កើតនៅក្នុងថាមពលកកើតឡើងវិញជាងឥន្ធនៈហ្វូស៊ីល។ ការសន្សំសំចៃនិងឱកាសក្នុងការប្រើប្រាស់ថាមពលស្អាតក៏ត្រូវបានយល់កាន់តែច្បាស់ដោយរោងចក្រនានា ខណៈដែលប្រតិបត្តិករដឹងថាពួកគេអាចសន្សំសំចៃលើវិក្កយបត្រអគ្គិសនីរបស់ពួកគេដោយដំឡើងថាមពលពន្លឺព្រះអាទិត្យសម្រាប់ចំណែកថាមពលរបស់ពួកគេ»។

លោកស្រីបន្តថាបើទោះបីជាប្រទេសកម្ពុជាបានបោះជំហានទៅរួចទៅហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈការបង្កើនការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ព្រះរាជាណាចក្រកម្ពុជាអាចទទួលបានច្រើនជាងនេះតាមរយៈការទាញយកផលចំណេញពីអត្ថប្រយោជន៍ពីការវិនិយោគដែលមានការកើនឡើង។ ថាមពលពន្លឺព្រះអាទិត្យនឹងមានថាមពលច្រើនជាង ៤០០ មេហ្កាវ៉ាត់ ដែលបង្កើតនៅឆ្នាំ ២០២១ ។

តម្រូវការក្នុងការប្រើប្រាស់ថាមពលស្អាតក៏ត្រូវបានទួលស្គាល់នៅក្នុងការរួមចំណែកថ្នាក់ជាតិ (NDC) ដែលបានធ្វើបច្ចុប្បន្នភាពនាពេលថ្មីៗនេះរបស់ប្រទេសកម្ពុជាដែលលម្អិតអំពីគម្រោងថាមពលនិងការប្រែប្រួលអាកាសធាតុទាក់ទងនឹងគ្រោះថ្នាក់ជុំវិញការប្រែប្រួលអាកាសធាតុ។

របាយការណ៍នោះបានលើកឡើងថាផ្អែកលើការចង្អុលបង្ហាញអំពីការប្រែប្រួលអាកាសធាតុអន្តរជាតិជាច្រើន ប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសមួយដែលងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

ប្រទេសនេះងាយនឹងរងគ្រោះដោយទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះនិងការទន្រ្ទានចូលនៃទឹកសមុទ្រ។ បម្រែបម្រួលអាកាសធាតុអាចកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ប្រទេសនេះ។ ករណីនេះអាចពន្យារពេលសម្រាប់ព្រះរាជាណាចក្រកម្ពុជាឈានដល់ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់មួយឆ្នាំ។ ដូច្នេះ ប្រទេសកម្ពុជាបានចាប់ផ្តើមធ្វើការអភិវឌ្ឍផែនការបន្ស៊ាំជាតិ National Adaptation Plan ដោយផ្អែកលើកម្មវិធី National Adaptation Programme of Actions។

«ភាពងាយរងគ្រោះរបស់ប្រទេសកម្ពុជាត្រូវបានកំណត់ដោយបញ្ហាទឹកជំនន់ដែលកើតឡើងញឹកញាប់ និងទឹកភ្លៀងមិនទៀងទាត់ រួមជាមួយសេដ្ឋកិច្ចដែលពឹងផ្អែកលើធនធានកសិកម្ម ធនធានមនុស្សនិងហិរញ្ញវត្ថុមានកម្រិត ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមិនគ្រប់គ្រាន់ និងការប្រើប្រាស់បច្ចេកវិទ្យាមានកំណត់។ ស្ថានភាពសេដ្ឋកិច្ចសង្គម ទីតាំង ការទទួលបានធនធាន និងបច្ចេកវិជ្ជាជះឥទ្ធិពលដល់សមត្ថភាពរបស់ប្រជាជនកម្ពុជាក្នុងការគ្រប់គ្រងផលប៉ះពាល់អាកាសធាតុ។ ក្រុមសង្គមផ្សេងៗគ្នាជួបប្រទះភាពងាយរងគ្រោះអាកាសធាតុខុសគ្នា។ ស្ត្រី កុមារ ជនមានពិការភាព ជនចាស់ជរា និងក្រុមដែលជួបការលំបាកក្នុងសង្គមផ្សេងទៀតច្រើនតែរងផលប៉ះពាល់»។

បើទោះបីជាមានសារសំខាន់នៃការផ្លាស់ប្តូរទៅជាថាមពលវិជ្ជមាននៃការផ្លាស់ប្តូរអាកាសធាតុ របាយការណ៍ AVI/KAS បានរកឃើញថាការលើកកម្ពស់ប្រសិទ្ធភាពថាមពល បច្ចេកវិទ្យាធ្យូងថ្មស្អាត និងសុវត្ថិភាពនុយក្លេអ៊ែរនឹងជួបប្រទះបញ្ហាប្រឈម។

ជាមួយគ្នានេះផងដែរ បញ្ហាប្រឈមដែលកំពុងកើតឡើងពីការកើនឡើងនៃការផលិតថាមពលផ្អែកលើផូស៊ីលឥន្ធនៈ ការកើនឡើងនៃតម្រូវការថាមពលនៅក្នុងវិស័យឧស្សាហកម្មនិងសេវាកម្មដែលពឹងផ្អែកលើប្រភពថាមពលមិនកកើតឡើងវិញ និងឧបសគ្គក្នុងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងតំបន់ក៏ដាក់បន្ទុកបន្ថែមទៀតផងដែរ។

របាយការណ៍បានបន្ថែមទៀតថា៖ «តួនាទីនៃថាមពលនឹងនៅតែជាកត្តាសំខាន់ ជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាមួយនឹងគោលដៅរបស់ប្លុកក្នុងការបង្កើនអត្រាអគ្គិសនីនិងដើម្បីធានាសន្តិសុខនិងនិរន្តរភាពថាមពលរបស់ប្រទេសជាសមាជិក។ ទោះយ៉ាងណា សក្តានុពលដ៏ធំក្នុងតំបន់សម្រាប់ផលិតកម្មថាមពលកកើតឡើងវិញរួមមានខ្យល់ ថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនីថាមពលបានមកពីរលកសមុទ្រ និងជីវម៉ាសមិនទាន់ដឹងពីសមត្ថភាពពេញលេញនៃផលិតកម្មថាមពលកកើតឡើងវិញនៅឆ្នាំ ២០៥០ នោះទេ»។

ទោះជាយ៉ាងណា របាយការណ៍បានបញ្ជាក់យ៉ាងច្បាស់ថាតំបន់ដែលពឹងផ្អែកខ្លាំងទៅលើប្រភពថាមពលដែលមិនកកើតឡើងវិញរួមមានធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិ និងប្រភពកកើតឡើងវិញដូចជាជីវម៉ាស់ ឈើ និងធ្យូងនៅតាមទីជនបទនឹងមិនមាននិរន្តរភាពនោះទេ។

«តម្រូវការថាមពលកាន់តែកើនឡើងនៅក្នុងតំបន់នឹងមានផលប៉ះពាល់ជាច្រើននៅថ្នាក់ជាតិនិងថ្នាក់តំបន់។ អាស៊ានបានប្រឈមនឹងបញ្ហាថាមពលជាច្រើនស្របពេលដែលខ្លួនរក្សាបាននូវសន្ទុះកំណើនសេដ្ឋកិច្ច និងខណៈពេលកំពុងស្វែងរកសន្តិសុខថាមពល ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបំពុលខ្យល់»។

«ដើម្បីឲ្យមាននិរន្តរភាព អាស៊ានចាំបាច់ត្រូវកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងនិងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ និងវិធានការអភិរក្សប្រេងឥន្ធនៈ។ អាស៊ានក៏ចាំបាច់ត្រូវពិចារណាបង្កើនចំណែកថាមពលកកើតឡើងវិញនៅក្នុងចំណែកសរុបនៃការប្រើប្រាស់ថាមពល និងការប្រើប្រាស់ប្រេងឥន្ធនៈស្អាតជាងមុនតាមរយៈបច្ចេកវិទ្យាធ្យូងថ្មស្អាត។ ដើម្បីសម្រេចបាននូវសន្តិសុខថាមពលនៅក្នុងអាស៊ាន វាចាំបាច់ត្រូវពឹងផ្អែកតិចតួចលើការនាំចូលប្រេងឆៅ»។

របាយការណ៍បន្តទៀតថា៖ «ទស្សនវិស័យថាមពលសម្រាប់អាស៊ាននឹងពឹងផ្អែកលើភាពធន់នឹងថាមពលនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍បៃតងឆ្ពោះទៅកាន់សន្តិសុខថាមពល។ អនាគតផ្អែកលើការលូតលាស់បៃតងរបស់អាស៊ាននឹងត្រូវការថាមពលកកើតឡើងវិញ ខណៈដែលអាស៊ានត្រូវបានផ្តល់ជូនដោយសក្តានុពលធនធាននានាដែលមានដូចជាខ្យល់ ថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនីថាមពលជីវៈឥន្ធនៈ និងថាមពលកកើតឡើងវិញផ្សេងទៀត។ អាស៊ានចាំបាច់ត្រូវរកក្របខ័ណ្ឌដើម្បីគាំទ្រដល់ការដាក់ពង្រាយបច្ចេកវិទ្យាកាបោនដែលមានប្រសិទ្ធភាព»៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

ក្រសួងកសិកម្ម​អំពាវនាវអ្នកដាំ​ស្វាយ ចុះបញ្ជីកសិដ្ឋានដាំស្វាយដើម្បីពង្រឹងស្តង់ដារសម្រាប់នាំចេញ

Next Article

អាជីវកម្មនានាចាប់ផ្ដើមទាញយកអត្ថប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនាពេលបច្ចុប្បន្ន