cellcard cellcard cellcard

អាជីវកម្មនានាចាប់ផ្ដើមទាញយកអត្ថប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនាពេលបច្ចុប្បន្ន

Husain Haider / Khmer Times Share:
បុគ្គលិកក្រុមហ៊ុន Nham24 ធ្វើការដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនបច្ចេកវិទ្យាដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាកំពុងពង្រីកប្រាក់ចំណូលរបស់ពួកគេដោយពង្រីកពីអាហារនិងគ្រឿងទេសទៅជាវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ KT/ស៊ីវ ចាន់ណា

អាជីវកម្មនានាកំពុងបង្កើតវេទិកាមួយចំនួនដើម្បីទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) ដែលកំពុងរីកចម្រើននៅកម្ពុជា។

វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជារកចំណូលបាន ១៨២ លានដុល្លារកាលពីឆ្នាំ ២០២០ កន្លងទៅ ហើយត្រូវបានព្យាករថានឹងកើនឡើង ២១,៤ ភាគរយ ដែលឈានដល់ចំនួន ២២២ លានដុល្លារនៅឆ្នាំនេះ។

Nham24 ដែលត្រូវបានស្គាល់ថាជាវេទិកាដឹកជញ្ជូនអាហារនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបគឺស្ថិតក្នុងចំណោមក្រុមហ៊ុនដែលត្រូវចូលរួម។ ក្រុមហ៊ុនបានពង្រីកការផ្តល់ជូននៃសេវាកម្មដឹកជញ្ជូនរបស់ខ្លួនដែលរួមមានឱសថ គ្រឿងអេឡិចត្រូនិក គ្រឿងសំអាង និងផ្កាក្នុងកំឡុងពេលមានជំងឺរាតត្បាត។

ប្រធានផ្នែកទីផ្សាររបស់ខ្លួនគឺលោក Simon Lam បានឲ្យដឹងថា Nham24 កំពុងបង្កើនប្រជាប្រិយភាពរបស់វេទិកានេះ។

លោកថា៖ «បច្ចុប្បន្ននេះ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកភាគច្រើននៅក្នុងប្រទេសកម្ពុជាធ្វើឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុក»។

លោកបានបន្ថែមថា៖ «ទំនិញភាគច្រើនដែលលក់នៅលើហ្វេសប៊ុកត្រូវបានទិញពីប្រទេសថៃឬចិនហើយអ្នកលក់ត្រូវបង់ថ្លៃបន្ថែមទៀតដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេនៅលើវេទិកានោះ»។

វេទិកា Facebook Shops របស់ហ្វេសប៊ុកត្រូវបានចេញកាលពីខែឧសភា ហើយបន្ទាប់មកត្រូវបានណែនាំមកកាន់ទីផ្សារកម្ពុជា។

«នៅទូទាំងពិភពលោក អាជីវកម្មខ្នាតតូចជាច្រើនកំពុងតែជួបប្រទះការលំបាក។ ខណៈដែលហាងជាច្រើនត្រូវបានបិទ អាជីវកម្មនានាកំពុងតែមានការផ្លាស់ប្ដូរទៅកាន់ប្រព័ន្ធអនឡាញ។ បច្ចុប្បន្ន ប្រជាជននៅក្នុងប្រទេសកម្ពុជាអាចស្វែងរក Facebook Shops នៅលើទំព័រហ្វេសប៊ុកអាជីវកម្មឬគណនី Instagram»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយដែលចេញដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម។

វាជាការប្រសើរដែលអាជីវកម្មខ្នាតតូចនិងមធ្យមនានាបានឈានដល់អតិថិជនថ្មីក្នុងពេលមានករណីជំងឺរាតត្បាត។ បច្ចុប្បន្ន ហ្វេសប៊ុកកំពុងប្រឈមនឹងការរិះគន់ចំពោះការផ្សព្វផ្សាយដែលមានតម្លៃថ្លៃជាងមុន និងកង្វះការបណ្តុះបណ្តាលសម្រាប់អ្នកលក់។

លោក Simon Lam បានមានប្រសាសន៍ថាក្រុមហ៊ុនរបស់លោកបានអនុញ្ញាតឱ្យក្រុមហ៊ុនចុះបញ្ជីផលិតផលរបស់ពួកគេនៅលើ Nham24 ដោយឥតគិតថ្លៃ និងជួយសហគ្រិនទីផ្សារទំនិញរបស់ពួកគេដើម្បីជួយពួកគេក្នុងការបង្កើនការលក់។ លើសពីនេះទៅទៀតអត្ថប្រយោជន៍យុទ្ធសាស្ត្ររបស់ Nham24 លើដៃគូប្រកួតប្រជែងអាចជាសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់ការដឹកជញ្ជូនដែលឆាប់រហ័ស។

លោកថា៖ «ការផ្តល់នូវវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលមានភាពងាយស្រួលប្រើនិងមានប្រសិទ្ធភាពសម្រាប់ប្រជាជនកម្ពុជាគឺជាការអភិវឌ្ឍនៃគំរូនៃការដឹកជញ្ជូនអាហាររបស់យើង។ យើងអាចធ្វើការជាមួយហាងផ្សេងៗបានដូចគ្នាដែលយើងធ្វើការជាមួយភោជនីយដ្ឋាន»។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន TrueMoney Cambodia ក៏បានធ្វើពិពិធកម្មសេណារីយ៉ូរបស់ខ្លួនដើម្បីដាក់បញ្ចូលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ប្រធានផ្នែកយុទ្ធសាស្ត្ររបស់ខ្លួន លោក Frandara Khuon បានមានប្រសាសន៍ថា ខណៈពេលដែលការផ្ទេរសាច់ប្រាក់នៅតែជាសកម្មភាពដ៏ពេញនិយម ក្រុមហ៊ុនបានមើលឃើញពីកំណើនដ៏ធំ នៅក្នុងអាជីវកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួន។

ក្រុមហ៊ុនមួយនេះមិនត្រឹមតែផ្តល់នូវវេទិកាដល់អ្នកលក់ប៉ុណ្ណោះទេ ប៉ុន្តែខ្លួនក៏ជួយបណ្តុះបណ្តាលអ្នកលក់ក្នុងបច្ចេកទេសស្វែងរកនិងទីផ្សារផងដែរ។

លោកបន្តថា៖ «ករណីនៃជំងឺរាតត្បាតបានធ្វើឲ្យការទិញតាមប្រព័ន្ធអនឡាញមានការកើនឡើង។ ប្រជាជនជៀសវាងការទូទាត់ជាសាច់ប្រាក់ ហើយបញ្ហានេះត្រូវបានជំរុញដោយភាពជាដៃគូជាមួយធនាគារជាតិនៃកម្ពុជាដែលបានស្នើឲ្យយើងមានការផ្លាស់ប្តូរការទូទាត់ទៅជាប្រតិបត្តិការគ្មានសាច់ប្រាក់»។

«ទីផ្សារតាមប្រព័ន្ធអនឡាញរបស់យើងត្រូវបានបង្កើតឡើងដើម្បីជួយសហគ្រាសខ្នាតតូចនិងមធ្យមក្នុងការទៅដល់អតិថិជនថ្មីនិងជួយពួកគេជៀសវាងពីការបង់ថ្លៃសេវាបន្ថែមដើម្បីឈានដល់គោលដៅ។ យើងផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃដល់អ្នកលក់និងវិធីដើម្បីទទួលបានអតិថិជនថ្មីៗ»៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

អ្នកជំនាញនានាលើកឡើងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ថាមពលកកើតឡើងវិញ

Next Article

ក្រុមហ៊ុននានាត្រូវបានស្នើសុំឱ្យអនុវត្តតាមនីតិវិធីដើម្បីគេចផុតពីការផាកពិន័យ