បើទោះបីជាមានការកែទម្រង់ដែលត្រូវបានណែនាំកាលពីឆ្នាំមុនដែលអនុញ្ញាតឱ្យអាជីវកម្មចុះឈ្មោះតាមប្រព័ន្ធអនឡាញក៏ដោយ អាជីវកម្មនានាអះអាងថាពួកគេត្រូវបានស្នើសុំឱ្យអនុវត្តតាមនីតិវិធីចាស់មួយចំនួនដើម្បីគេចផុតពីការផាកពិន័យ។
រដ្ឋាភិបាលបានដាក់ចេញនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Single Portal) កាលពីខែមិថុនាកន្លងទៅ ខណៈដែលប្រព័ន្ធនេះត្រូវបានរៀបចំឡើងដើម្បីដាក់បញ្ចូលក្រសួងចំនួន ៦ លើវេទិកាតែមួយដើម្បីជួយសម្រួលដល់ដំណើរការចុះឈ្មោះ។
អាជីវកម្មត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលដំណាលគ្នា ខណៈដែលផ្តល់ឱ្យពួកគេនូវវិញ្ញាបនបត្រអាករតម្លៃបន្ថែម (VAT) ពន្ធប៉ាតង់ និងអត្តសញ្ញាណប័ណ្ណចុះបញ្ជីពន្ធផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ប្រភពមួយចំនួនដែលបានចុះបញ្ជីនៅក្រោមប្រព័ន្ធ Single Portal កាលពីឆ្នាំមុនបានឲ្យដឹងថាពួកគេត្រូវបានស្នើសុំឱ្យទៅកាន់អគ្គនាយកដ្ឋានពន្ធដារដោយផ្ទាល់ដើម្បីដាក់ឯកសារ។
ជាមួយគ្នានេះផងដែរ ពួកគេក៏ប្រឈមនឹងការផាកពិន័យចំនួន ៥០០ ដុល្លារ និងការដកវិញ្ញាបនបត្រអាករតម្លៃបន្ថែម (VAT) ប្រសិនបើពួកគេមិនមានរូបថតនិងស្នាមមេដៃរបស់ប្រធានឬ តំណាង និងទម្រង់ពេញលេញ។
លោក Anthony Galliano ប្រធាននៃក្រុមប្រឹក្សាសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា (AmCham) បានឲ្យដឹងថាលោកបានដឹងអំពីបញ្ហានេះ ខណៈដែលក្រុមហ៊ុននានាមានការភ្ញាក់ផ្អើលចំពោះសំណើនេះ។
លោកថា៖ «បើទោះបីជាដំណើរការចុះឈ្មោះតាមប្រព័ន្ធអនឡាញបានបញ្ចប់ដោយជោគជ័យក៏ដោយ បច្ចុប្បន្ន អតិថិជនត្រូវបានស្នើសុំឱ្យដាក់ឯកសារបន្ថែម។ អតិថិជនគ្រប់រូបដែលបានចុះឈ្មោះតាមប្រព័ន្ធអនឡាញកំពុងតែត្រូវបានស្នើសុំឱ្យដាក់ពាក្យសុំចុះឈ្មោះ ក៏ដូចជាតម្រូវឲ្យដាក់រូបថតនិងស្នាមម្រាមដៃរបស់ប្រធានពួកគេនៅសាខាការិយាល័យក្នុងតំបន់»។
លោកបានបន្ថែមថាសកម្មភាពនេះគឺជាការអភិវឌ្ឍនថយក្រោយ ខណៈដែលការចុះបញ្ជីរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានដំណើរការទាំងស្រុងតាមប្រព័ន្ធអនឡាញ។ ទោះជាយ៉ាងណាក៏ដោយ ការចុះឈ្មោះពន្ធនៅតែតម្រូវឱ្យមានដំណើរការបន្ថែមទៀតហើយត្រូវការវត្តមានដោយផ្ទាល់។
លោកបន្តថា៖ «ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញគឺជាសមិទ្ធិផលដ៏សំខាន់សម្រាប់ប្រទេសកម្ពុជានិងបានបង្កើនភាពងាយស្រួលក្នុងការធ្វើជំនួញ។ វាជាជោគជ័យដ៏អស្ចារ្យសម្រាប់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងអាជីវកម្មនិងការវិនិយោគនៅលើឆាកពិភពលោក»។
«ការគ្រប់គ្រងការវិនិយោគនៅកម្ពុជាបានចុះឈ្មោះអតិថិជនជាច្រើនតាមរយៈប្រព័ន្ធនេះ ខណៈដែលមើលឃើញថាប្រព័ន្ធនេះមានប្រសិទ្ធិភាពនិងងាយស្រួលប្រើប្រាស់ ហើយអតិថិជនរបស់យើងរីករាយជាមួយនឹងបទពិសោធន៍ដែលចំណាយរយៈពេលត្រឹមតែ ១៤ ថ្ងៃដើម្បីចុះឈ្មោះជាមួយក្រសួងចំនួន ៣ ក្នុងពេលតែមួយ»។
លោក Anthony Galliano បានបន្ថែមថាអ្នកចុះឈ្មោះតាមប្រព័ន្ធអនឡាញជាច្រើនមានការភាន់ច្រលំតាមរយៈសកម្មភាពនេះ ហើយពេលខ្លះថែមទាំងមិនអាចអនុវត្តតាមការស្នើសុំព្រោះបច្ចុប្បន្នពួកគេនៅក្រៅប្រទេសដោយសារតែករណីនៃជំងឺរាតត្បាត។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកែសម្រួលវិធាននិងនីតិវិធីសម្រាប់ការចុះឈ្មោះពន្ធតាមប្រកាសលេខ ៧០១ នៅថ្ងៃទី ១៤ ខែសីហា។
ប្រកាសនេះ បានគូសបញ្ជាក់ថាក្រុមហ៊ុនឯកជន សាខាក្រុមហ៊ុនបរទេស ការិយាល័យតំណាង និងភាពជាដៃគូ សហគ្រាសសាធារណៈ សហគ្រាសរដ្ឋ និងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាអាចប្រើប្រាស់គេហទំព័រចុះឈ្មោះអេឡិចត្រូនិកដោយអនុញ្ញាតឱ្យពួកគេទទួលបានឯកសារអនុម័តតាមបែបឌីជីថល។
បុគ្គលដែលធ្វើជំនួញនៅកម្ពុជា សមាគម អង្គការក្រៅរដ្ឋាភិបាល ស្ថានទូត ស្ថានកុងស៊ុល ស្ថាប័នរដ្ឋាភិបាល ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសនៃប្រទេសផ្សេងទៀតនិងគណបក្សនយោបាយនានាត្រូវបានណែនាំឱ្យអនុវត្តតាមនីតិវិធីចាស់៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា