cellcard cellcard cellcard

ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវបានគេចាត់ទុកថាជា ការញុះញង់

ប៊ែន សុខហ៊ាន / Khmer Times Share:
ការបង្ហោះតាមហ្វេសប៊ុកបង្ហាញពីគ្រូបង្រៀនស្រីម្នាក់ដែលបានទទួលមរណភាពនៅខេត្តក្រចេះ ដោយបានអះអាងថាមរណភាពរបស់អ្នកគ្រូគឺបណ្តាលមកពីការចាក់វ៉ាក់សាំង Sinopharm ។ ហ្វេសប៊ុក

រដ្ឋាភិបាលនឹងចាត់វិធានការកាន់តែធ្ងន់ធ្ងរបន្ថែមទៀតប្រឆាំងនឹងប្រជាជនដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម ជាពិសេសទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេស​កម្ពុជា។

ការប្រកាសនេះបានធ្វើឡើងនៅពេលដែលអាជ្ញាធរកំពុងស្វែងរកអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកដែលអះអាងថា មានមនុស្សបានស្លាប់បន្ទាប់ពីបានចាក់វ៉ាក់សាំង Sinopharm។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ចាត់វិធានការចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមដែលផ្សព្វផ្សាយព័ត៌មានមិនពិតដែលនិយាយថាគ្រូបង្រៀនម្នាក់បានស្លាប់បន្ទាប់ពីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ទំព័រហ្វេសប៊ុកអនាមិកមួយដែលមានឈ្មោះថា This is Cambodia ថ្មីៗនេះបានបង្ហោះរូបភាពសាកសពស្ត្រីម្នាក់ខណៈដែលអះអាងថាយ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់និង ១០ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីបានចាក់វ៉ាក់សាំង។

រូបភាពរបស់អ្នកស្លាប់ត្រូវបានចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីសប្តាហ៍មុនអមដោយសេចក្តីថ្លែងការណ៍ស្តីបន្ទោសរដ្ឋាភិបាលចំពោះការស្លាប់របស់អ្នកជំងឺ។

ទោះយ៉ាងណា ក្រសួងសុខាភិបាលបាននិយាយថាជនរងគ្រោះគឺជាគ្រូបង្រៀន ដែលបានស្លាប់នៅខេត្តក្រចេះដោយសារ ជំងឺរលាកស្រោមខួរក្បាល ហើយឧប្បត្តិហេតុនេះមិនមានអ្វីដែលទាក់ទងទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ឡើយ។

លោកស្រីនិយាយថា៖ «យោងតាមព័ត៌មានដែលក្រសួងទទួលបាន អ្នកគ្រូមានជំងឺរលាកស្រោមខួរធ្ងន់ធ្ងរហើយគ្រូពេទ្យមិនអាចជួយសង្គ្រោះបានទេ។ យើងអំពាវនាវឲ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងអ្នកដែលផ្សព្វផ្សាយព័ត៌មានញុះញង់ និងព័ត៌មានក្លែងក្លាយ»។

លោកស្រីបន្ថែមទៀតថារហូតមកដល់ពេលនេះ វ៉ាក់សាំងនៅមិនទាន់ត្រូវបានផ្តល់ឲ្យគ្រូបង្រៀនក្នុងប្រទេសនៅឡើយទេ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បាននិយាយថាលោកចាត់ទុកការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ-១៩ ថាជា ការញុះញង់ នៅក្នុងប្រទេស។ ហើយជនល្មើសអាចត្រូវបានចោទប្រកាន់តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

យោងតាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬការរំខានដល់សណ្តាប់ធ្នាប់សង្គមនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែទៅ ២ ឆ្នាំដោយពិន័យជាសាច់ប្រាក់ពី ២៥០ ទៅ ១០០០ ដុល្លារ បើការញុះញង់មានប្រសិទ្ធភាព។

លោកក៏បានបញ្ជាក់ផងដែរថាអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងមរណភាពរបស់អ្នកគ្រូ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងវ៉ាក់សាំង Sinopharm នោះគឺមានគោលបំណងធ្វើឲ្យប្រជាជនបាត់បង់ទំនុកចិត្តលើវ៉ាក់សាំងនេះ។

បន្ថែមលើនេះ សម្រាប់អ្នកដែលចែកចាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម។ ពួកគេក៏នឹងប្រឈមនឹងការស៊ើបអង្កេតពីអាជ្ញាធរផងដែរ។

លោកបន្តថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាជនទាំងអស់ មុនពេលដែលអ្នកចែកចាយព័ត៌មានណាមួយសូមធ្វើការពិនិត្យជាមុនសិន។ ប្រសិនបើអាជ្ញាធររកឃើញថាមានបទល្មើស ជនសង្ស័យនឹងត្រូវទទួលទោស»។

ការបង្ហោះតាមហ្វេសប៊ុកមួយទៀតក៏បានអះអាងផងដែរថាអាជ្ញាធរបានបញ្ឈប់ការធ្វើចរាចរណ៍ទូទាំងប្រទេសដើម្បីពិនិត្យមើលអត្តសញ្ញាណរបស់ជនបរទេសដែលជាលទ្ធផលនៃព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបាននិយាយកាលពីម្សិលមិញថាមិនមានការបញ្ជាបែបនេះបានធ្វើឡើងនោះទេ។

ទោះយ៉ាងណា លោកនិយាយថាអាជ្ញាធរកំពុងពង្រឹងសន្តិសុខនៅទីតាំងដែលទាក់ទងនឹងព្រឹត្តការណ៍សហគមន៍ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បន្ថែមទៀត។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ ប៉ុន្តែលោកធ្លាប់បានប្រាប់កាសែតខ្មែរថាមស៍ថាអគ្គស្នងការនគរបាលជាតិនឹងពង្រឹងយុទ្ធនាការរបស់ខ្លួនក្នុងការបង្ក្រាបលើបុគ្គលដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ លើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ក្រសួងព័ត៌មានក៏បានលើកឡើងផងដែរថាខ្លួននឹងពង្រីកការត្រួតពិនិត្យលើការផ្សព្វផ្សាយលើបណ្តាញសង្គមដើម្បីដាក់បញ្ចូលវេទិការបស់ខ្លួនបន្ថែមទៀត។

ក្រសួងបានបញ្ជាក់ថានៅឆ្នាំ ២០២០ មានករណីព័ត៌មានក្លែងក្លាយ ការញុះញង់ និងការជេរប្រមាថដែលត្រូវបានគេរកឃើញនៅលើបណ្តាញសង្គម ជាពិសេសនៅក្នុងហ្វេសប៊ុកមានចំនួន ១ ៣៤៣ ករណី។

មានគណនីហ្វេសប៊ុកប្រហែល ២០០ ដែលក្រសួងបានធ្វើសកម្មភាពប្រឆាំងនឹងពួកគេ។ អ្នកមួយចំនួនត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈអ្នកមួយចំនួនត្រូវបានគេរាយការណ៍ទៅហ្វេសប៊ុក និងក្រសួងប្រៃសណីយ៍ដើម្បីដកហូតគណនី៕

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

ក្រុមហ៊ុននានាត្រូវបានស្នើសុំឱ្យអនុវត្តតាមនីតិវិធីដើម្បីគេចផុតពីការផាកពិន័យ

Next Article

នាយករដ្ឋមន្រ្តីជម្រុញឲ្យអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះទាំងអស់ចូលរួមការធ្វើតេស្តកូវីដ-១៩