cellcard cellcard cellcard

នាយករដ្ឋមន្រ្តីជម្រុញឲ្យអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះទាំងអស់ចូលរួមការធ្វើតេស្តកូវីដ-១៩

គង់ អារី / Khmer Times Share:
រូបថតបង្ហាញពីរ៉ឺម៉កកងបីនៅភ្នំពេញ។ អ្នកបើកបរដែលដឹកអ្នកដំណើរពីកន្លែងដែលទាក់ទងនឹងព្រឹត្តការណ៍សហគមនទាំង ២៣ កន្លែងត្រូវបានជំរុញឲ្យទៅធ្វើតេស្តនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ KT/ស៊ីវ ចាន់ណា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវជាថ្មីដល់អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈរួមទាំងអ្នករត់តាក់ស៊ី និងរ៉ឺម៉កកង់បីត្រូវទៅធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃភ្លាមៗ​។

ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺធ្ងន់ធ្ងរជាងព្រឹត្តិការណ៍សហគមន៍ ៣ វិច្ឆិកានិង ២៨ វិច្ឆិកាកាលពីឆ្នាំមុន។ ដោយសារករណីឆ្លងក្នុងស្រុកបន្តត្រូវបានរកឃើញហើយក្នុងរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះមានករណីថ្មីជិត ១០០ ត្រូវបានរាយការណ៍។ ខណៈលោក ហ៊ុន សែន បាននិយាយនៅក្នុងសារជាសំឡេងមួយដែលត្រូវបានចេញផ្សាយកាលពីល្ងាចមិញថាសំណាកជាច្រើននឹងត្រូវបានធ្វើតេស្ត។

ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញបានអំពាវនាវឲ្យអ្នករត់តាក់ស៊ី និងរ៉ឺម៉កកង់បីដែលធ្លាប់ដឹកភ្ញៀវនៅទីតាំងទាំង ២៣ កន្លែងដែលមានករណីថ្មីនៃការឆ្លងជំងឺកូវីដ-១៩ ត្រូវទៅពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីទទួលបានការធ្វើតេស្ត។

អ្នកដែលបានទៅទីតាំងខាងលើចន្លោះពីថ្ងៃទី ៦ ដល់ថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២១ ឬមនុស្សដែលពាក់ព័ន្ធគឺតម្រូវឲ្យមានភាពស្មោះត្រង់ បើកទូលាយ និងស្ម័គ្រចិត្ត ដើម្បីទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែក្នុងរាជធានីភ្នំពេញ និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។

ប្រការនេះក៏នាំឲ្យមានការបិទសាលារៀន និងការអំពាវនាវកុំឲ្យប្រជាជនធ្វើដំណើរទៅភ្នំពេញ និងខេត្តកណ្តាលនិងមានការផ្អាកព្រឹត្តិការណ៍មួយចំនួនភ្លាមៗឲ្យដែរ។ គេរំពឹងថានឹងមានការប្រកាសពីចំនួនអ្នកឆ្លងកាន់តែច្រើនបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវបានគេចាត់ទុកថាជា ការញុះញង់

Next Article

ការព្រួយបារម្ភអំពីការបំពុលបរិស្ថាននៅពេលទឹកនៅក្នុងបឹងយក្សឡោមប្រែពណ៌