cellcard cellcard cellcard

ការព្រួយបារម្ភអំពីការបំពុលបរិស្ថាននៅពេលទឹកនៅក្នុងបឹងយក្សឡោមប្រែពណ៌

សរ សុជាតិ / Khmer Times Share:
បឹងយក្សឡោមក្នុងខេត្តរតនគីរីប្រែជាពណ៌ត្នោតដែលមិនមែនជាពណ៌ខៀវដែលជាពណ៌ធម្មតា។ មន្ទីរព័ត៌មានខេត្តរតនគិរី

ទឹកនៅបឹងយក្សឡោមដែលជាតំបន់ទេសចរណ៍ដ៏សំខាន់​ស្ថិតនៅភាគឦសានក្នុងខេត្តរតនគិរីបានប្រែពណ៌។

លោក យ៉ាក់ ពិសិដ្ឋ អ្នកទេសចរក្នុងស្រុកដែលទើបតែត្រឡប់មកពីវិស្សមកាលនៅខេត្តរតនគិរីកាលពីសប្តាហ៍មុនបាននិយាយថាទឹកនៅបឹងយក្សឡោមបានប្រែទៅជាពណ៌ត្នោត។

លោកបន្តថា៖ «គ្រួសាររបស់ខ្ញុំ និងខ្ញុំបានចុះចតនៅបឹងយក្សឡោមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ យើងបានគ្រោងទៅលេងទឹកនៅក្នុងបឹង។ ទោះយ៉ាងណា យើងមិនបានធ្វើបែបនោះទេដោយសារទឹកនៅទីនោះហាក់ដូចជាមានសភាពមិនធម្មតា»។

លោកបន្ថែមថា៖ «នៅពេលដែលខ្ញុំទៅទីនោះជាមួយមិត្តភក្តិរបស់ខ្ញុំ ទឹកនៅបឹងយក្សឡោមគឺស្អាត ហើយត្រជាក់។ ប៉ុន្តែ នៅពេលដែលយើងបានទៅនាពេលថ្មីៗនេះ វាបានប្រែទៅជាពណ៌ត្នោត ដូច្នេះយើងមិនបានចុះលេងទឹកនោះទេ គឺគ្រាន់តែចុះចតហើយក៏ចាកចេញទៅ»។

លោក ផុន ខេមរិន ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបាននិយាយថាមានរបាយការណ៍អំពីបញ្ហានេះនៅសប្តាហ៍មុន។

លោកបានប្រាប់កាសែតខ្មែរថាមស៍តាមទូរស័ព្ទថាមន្រ្តីកំពុងសង្កេតមើលបាតុភូតនេះ ប៉ុន្តែលោកបានបដិសេធរាល់ការព្រួយបារម្ភជុំវិញការបំពុលបរិស្ថាន។

លោកបន្តថា៖ «ខ្ញុំគិតថាវាជាបាតុភូតធម្មជាតិ។ មិនមានការបំពុលទេ។ ប្រសិនបើមានការបំពុល ខ្ញុំគិតថាត្រីក្នុងបឹងនឹងងាប់។ ប៉ុន្តែរហូតមកដល់ពេលនេះ គឺអ្វីៗស្ថិតក្នុងសភាពធម្មតា»។

លោកបន្ថែមថា៖ «វាមិនមែនជាលើកទី ១ ទេដែលទឹកនៅបឹងយក្សឡោមបានផ្លាស់ប្តូរពណ៌។ ទោះយ៉ាងណាយើងបានរាយការណ៍អំពីបញ្ហានេះទៅក្រសួងបរិស្ថានហើយ»។

លោកថាដើម្បីពិនិត្យមើលរឿងនេះឲ្យបានត្រឹមត្រូវ ក្រសួងនឹងបញ្ជូនក្រុមជំនាញដើម្បីសិក្សាពីបាតុភូតនេះឲ្យបានឆាប់។

បឹងយក្សឡោមគឺជាបឹងដ៏ស្រស់ស្អាតមួយនៅក្នុងខេត្តរតនគីរីដែលមានចម្ងាយ ៤.៨ គីឡូម៉ែត្រពីទីក្រុងបានលុង។ វាជាតំបន់ទាក់ទាញមួយនៅក្នុងខេត្ត។ ជាកន្លែងដ៏ល្អសម្រាប់លេងទឹកកំសាន្ត ឬឡើងភ្នំព័ទ្ធជុំវិញដែលជាដីក្រហូងនៃភ្នំភ្លើងចាស់។ ជាមួយនឹងជម្រៅ ៤៨ ម៉ែត្រនៃទឹកស្អាត និងថ្លា។ បឹងនេះមានរាងមូលស្ទើរតែគ្រប់ជ្រុងជ្រោយ និងមានអង្កត់ផ្ចិតប្រហែល ៧៥០ ម៉ែត្រ៕

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

នាយករដ្ឋមន្រ្តីជម្រុញឲ្យអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះទាំងអស់ចូលរួមការធ្វើតេស្តកូវីដ-១៩

Next Article

រដ្ឋាភិបាលចេញវិធានការណ៍កាន់តែធ្ងន់ចំពោះជនបរទេសដែលប្រឆាំងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងកម្ពុជាជនល្មើស អាចឈានដល់កានិរទេស