cellcard cellcard cellcard

រដ្ឋាភិបាលសម្រេចបញ្ចុះអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន

សុខ ចាន់ / Khmer Times Share:
អត្រាអាករពិសេសសម្រាប់រថយន្តដែលនាំចូលនឹងត្រូវបញ្ចុះពី ១០ ទៅ ២៥ ភាគរយដែលចាប់ផ្តើមអនុវត្តនៅខែក្រោយ។ KT/ជរ សុគន្ធា

ចាប់ពីដើមខែក្រោយ អាករពិសេសសម្រាប់យានយន្តដែលនាំចូលនឹងត្រូវកាត់បន្ថយពី ១០ ទៅ ២៥ ភាគរយយោងតាមទំហំម៉ាស៊ីន។ នេះបើយោងតាមសេចក្តីជូនដំណឹងពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

រថយន្តដែលប្រើអគ្គិសនីសុទ្ធ (រថយន្តគ្រួសារ និងរថយន្តដឹកអ្នកដំណើរ) នឹងត្រូវបញ្ចុះអត្រាអាករពិសេសពី ៣០% មក ១០% ខណៈដែលរថយន្តដឹកទំនិញនឹងត្រូវបញ្ចុះអត្រាអាករពិសេសពី ៤០% មក ២៥% ចំពោះរថយន្តសណ្តោងសឺមីរ៉ឺម៉ក។

ជាមួយគ្នានេះផងដែរ អត្រាអាករពិសេសក៏ត្រូវបញ្ចុះពី៤០% មក ៣០% ចំពោះរថយន្តដឹកទំនិញប្រភេទដែលមានទម្ងន់សរុប (ទម្រងរថយន្ត និងទម្ងន់ផ្ទុក) លើសពី៥តោន។ រថយន្តបែន រថយន្តស្ទូច និងរថយន្តឯកទេសផ្សេងនឹងត្រូវបញ្ចុះអត្រាអាករពិសេសពី ៤០% មក ៣០%។

លោក ងន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia បានស្វាគមន៍ចំពោះចំណាត់ការរបស់រដ្ឋាភិបាល។ លោកបានបន្ថែមទៀតថាការបញ្ចុះអត្រាអាករនឹងជួយឱ្យយានយន្តអាចលក់បានកាន់តែច្រើន ខណៈដែលការបញ្ចុះនេះមានការកាត់បន្ថយតម្លៃពី ១០០០ ដុល្លារ ទៅ ១០ ០០០ ដុល្លារ អាស្រ័យលើប្រភេទយានយន្ត បើប្រៀបធៀបទៅនឹងអត្រាអាករកាលពីពេលកន្លងទៅ។

លោកបន្តថាការលក់នៃឧស្សាហកម្មរថយន្តបានធ្លាក់ចុះ ៣០ ភាគរយក្នុងឆ្នាំ ២០២០ ខណៈដែលការលក់របស់ RMA បានធ្លាក់ចុះប្រមាណជា ៥ ភាគរយកាលពីឆ្នាំមុន។

ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនចែកចាយរថយន្ត គ្រឿងចក្រកសិកម្មធុនធ្ងន់ដែលបាននាំមកក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុននេះគឺជាអ្នកចែកចាយ ផ្តល់ការធានា និងសេវាកម្មក្រោយពេលលក់សម្រាប់ម៉ាកល្បីៗ ក្នុងពិភពលោករួមមាន Ford, Jaguar, Land Rover, John Deere, TCM, JCB, FUSO និង Piaggio ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន ផ្នែកអាជីវកម្មរបស់ Ford គឺជាផ្នែកសំខាន់មួយនៃរចនាសម្ព័ន្ធប្រាក់ចំណូលបច្ចុប្បន្នរបស់ក្រុមហ៊ុន។

លោក ងន សាំង បានបន្ថែមទៀតថាការបញ្ចុះអត្រាអាករសម្រាប់ការនាំចូលគឺជាវិធានការណ៍ដ៏ល្អមួយ។

លោកបន្តថា៖ «ជាមួយនឹងការបញ្ចុះអត្រាអាករនេះដែរ អតិថិជនមួយចំនួននឹងអាចមានលទ្ធភាពចំណាយលើឡានថ្មី ដូច្នេះយើងសង្ឃឹមថាការលក់នឹងកើនឡើង។ យើងកំពុងតែនាំចូលយានយន្តជាមួយបច្ចេកវិទ្យាចុងក្រោយ ខណៈដែលយើងក៏កំពុងតែធ្វើឱ្យប្រសើរឡើងនូវសេវាកម្មបន្ទាប់ពីការលក់ និងបង្កើនចំនួនសិក្ខាសាលាផងដែរ»។

អគ្គនាយក​ក្រុមហ៊ុន RMA Cambodia ដដែលបានបន្ថែមថា នៅឆ្នាំ ២០២០ ក្រុមហ៊ុនរបស់លោកលក់រថយន្តបានជាង ៦០០០ គ្រឿង។ លោកថា៖ «ខ្ញុំគិតថា ក្នុងឆ្នាំនេះ ការលក់នឹងកើនឡើងដល់ប្រមាណ ៧០០០ គ្រឿង»។

យោងតាមលោក ងន សាំង ការព្យាករណ៍កំណើនរបស់លោកគឺកើតឡើងដោយសារតែវត្តមាននៃការទទួលបានវ៉ាក់សាំងការពារវីរុសកូវីដ១៩ ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា កំណើនក្នុងវិស័យសំណង់ និងអចលនៈទ្រព្យ និងសញ្ញាដែលបង្ហាញថាពិភពលោកនឹងអាចគ្រប់គ្រងការរីករាលដាលនៃជម្ងឺរាតត្បាតនាពេលអនាគត។

លោក Peter Brongers ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជាបានមានប្រសាសន៍ថាប្រទេសកម្ពុជាមានអត្រាអាករខ្ពស់បំផុតលើរថយន្តដែលនាំចូលក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឲ្យតម្លៃរថយន្តនៅទីនេះខ្ពស់ ដូច្នេះប្រជាជននៅតែនាំចូលរថយន្តជជុះដែលបំពុលបរិស្ថានកាន់តែច្រើន។

លោកបន្ថែមថា៖ «ប្រសិនបើលោកអ្នកចង់ទទួលបានឡានដែលមានសុវត្ថិភាពនិងស្អាត លោកអ្នកត្រូវកាត់បន្ថយការផ្គត់ផ្គង់រថយន្តដែលប្រើប្រាស់រួច។ ខ្ញុំគិតថាវាជាជំហានដ៏ល្អក្នុងការបញ្ចុះអត្រាអាករពិសេស។ ប៉ុន្តែ អត្រានេះគួរតែត្រូវបានកាត់បន្ថយបន្ថែមទៀតដើម្បីឱ្យស្របជាមួយប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី»។

លោកបន្តថា៖ «ក្រោមបរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្នរបស់ព្រះរាជាណាចក្រកម្ពុជា អំណាចទិញរបស់អតិថិជនជាច្រើនគឺមានចំនួនតិចតួចជាងពេលកន្លងទៅ ដូច្នេះការបញ្ចុះអត្រាអាករពិសេសក៏នឹងជួយជំរុញការទិញរថយន្តថ្មីបន្ថែមទៀតផងដែរ។ រថយន្តថ្មីដែលនាំចូលឥឡូវនេះមានចំនួន ២០ ភាគរយនៃរថយន្តនៅលើដងផ្លូវ រីឯរថយន្តដែលប្រើប្រាស់រួចមានប្រមាណជា ៨០ ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមានភាពល្អប្រសើរជាងកាលពី ៥ ទៅ ១០ ឆ្នាំមុន ខណៈពេលដែលរថយន្តថ្មីនៅលើដងផ្លូវមានចំនួនតែ ១០ ភាគរយប៉ុណ្ណោះ»។

លោកបានបន្ថែមទៀតថាពន្ធនាំចូលគួរតែត្រូវបានកាត់បន្ថយបន្ថែមទៀតដើម្បីងាយស្រួលក្នុងការនាំចូលរថយន្តថ្មី ស្អាត សុវត្ថិភាព និងសន្សំសំចៃថាមពល។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន RMA ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ នៅប្រទេសកម្ពុជាបានបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់តម្រូវការនិងការផ្គត់ផ្គង់ ជាពិសេសនៅត្រីមាសទី ២ ឆ្នាំ ២០២០ ។ តម្រូវការត្រូវបានរងផលប៉ះពាល់ដោយការពន្យាពេលនិងការលុបចោលគម្រោងវិស័យឯកជននិងសាធារណៈធំៗ ការធ្លាក់ចុះនៃទំនុកចិត្តអ្នកប្រើប្រាស់ កង្វះខាតវិស័យទេសចរណ៍ អាជីវកម្មបដិសណ្ឋារកិច្ចដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ រួមជាមួយការផ្តល់ប្រាក់កម្ចីពីធនាគារប្រកបដោយភាពប្រុងប្រយ័ត្នជាងមុន។

នៅដំណាច់ត្រីមាសទី ៤ វិស័យនានាដូចជាទេសចរណ៍និងបដិសណ្ឋារកិច្ចនៅតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត។

ការផ្គត់ផ្គង់ត្រូវបានរងផលប៉ះពាល់ដោយសារតែការបិទប្រទេស ជាពិសេសនៅរោងចក្រ Ford នៅប្រទេសថៃ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបានវិលត្រឡប់មករកភាពធម្មតាវិញដោយចាប់ផ្តើមនៅត្រីមាសទី ៣ ឆ្នាំ ២០២០ ។

ការលក់របស់ក្រុមហ៊ុន Ford មានចំនួន ៨២,៥ ភាគរយនៃប្រាក់ចំណូលក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០ របស់ក្រុមហ៊ុន ក៏ដូចជា ៨៧,២ ភាគរយនៃប្រាក់ចំណូលឆ្នាំ ២០២០ របស់ក្រុមហ៊ុនធៀបនឹង ៨៦,១ ភាគរយនៃប្រាក់ចំណូលឆ្នាំ ២០១៩ របស់ខ្លួន។

ប្រាក់ចំណូលរបស់ Ford ទាំងមូលសម្រាប់ឆ្នាំ ២០២០ បានកើនឡើង ៥៤,៩ ពាន់លានរៀល (កើនឡើង ៥,៦ ភាគរយធៀបនឹងឆ្នាំ ២០១៩) ដែលជាលទ្ធផលនៃការលក់ក្នុងត្រីមាសទី ១ និងត្រីមាសទី ៤ ឆ្នាំ ២០២០ របស់ក្រុមហ៊ុន៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

រដ្ឋាភិបាលចេញវិធានការណ៍កាន់តែធ្ងន់ចំពោះជនបរទេសដែលប្រឆាំងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងកម្ពុជាជនល្មើស អាចឈានដល់កានិរទេស

Next Article

សាលារៀននៅភ្នំពេញ និងនៅខេត្តកណ្តាលត្រូវបានបញ្ជាឲ្យបិទដោយសារព្រឹត្តការណ៍ ២០ កុម្ភៈ