cellcard cellcard cellcard

សាលារៀននៅភ្នំពេញ និងនៅខេត្តកណ្តាលត្រូវបានបញ្ជាឲ្យបិទដោយសារព្រឹត្តការណ៍ ២០ កុម្ភៈ

Brian Badzmierowski / Khmer Times Share:
សិស្សចាកចេញពីវិទ្យាល័យភ្នំពេញថ្មីបន្ទាប់ពីសាលាត្រូវបានបញ្ជាឲ្យបិទជាបណ្តោះអាសន្នដោយសារតែការរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩។ KT/ទេព​ សូនី

ក្រសួងអប់រំបានបញ្ជាឲ្យសាលារដ្ឋ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលបិទជាបណ្តោះអាសន្នដោយសារព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីយប់មិញលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបាននិយាយថាព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ មានភាពធ្ងន់ធ្ងរ និងស្មុគស្មាញបើប្រៀបធៀបទៅនឹងព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា។

ដើម្បីការពារការឆ្លងជំងឺនៅក្នុងសាលារៀន និងសហគមន៍កាន់តែធំទៅ។ លោកបាននិយាយថាសាលារដ្ឋ និងឯកជនទាំងអស់នៅរាជធានី និងខេត្តកណ្ដាលត្រូវបានណែនាំឲ្យបិទទ្វាររយៈពេល ២ សប្តាហ៍ដោយមានប្រសិទ្ធិភាពភ្លាមៗ។

លោកបានកត់សម្គាល់ថាសាលារៀនដែលរងផលប៉ះពាល់ទាំងអស់នឹងបើកថ្នាក់រៀនតាមប្រព័ន្ធអ៊ិនធរណេតជំនួសវិញ។

ការណែនាំនេះត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈសារជាសំឡេងកាលពីយប់មិញបានបញ្ជាឲ្យសាលារដ្ឋ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលបិទជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

សាលារៀនមួយចំនួនត្រូវបានបញ្ជាឲ្យបិទនៅព្រឹកម្សិលមិញដោយសារការរភ័យខ្លាចថាសិស្សមួយចំនួនអាចមានទាក់ទងជាមួយអ្នកដែលបានប៉ះពាល់អ្នកជំងឺវិជ្ជមានកូវីដ-១៩ នៅក្នុងព្រឹត្តការណ៍សហគមន៍ថ្មីៗនេះ។

ក្នុងចំណោមនោះរួមមានវិទ្យាល័យភ្នំពេញថ្មីត្រូវបានបិទទ្វារបន្ទាប់ពីឪពុកម្តាយរបស់សិស្សម្នាក់នៅក្នុងសាលាមានទាក់ទងជាមួយនឹងការផ្ទុះឡើងនៃព្រឹត្តការណ៍សហគមន៍ចុងក្រោយនេះ។

​ គ្រូបង្រៀនម្នាក់នៅសាលាដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថាកម្មវិធីសិក្សាពីចម្ងាយរបស់ខ្លួនត្រូវបានធ្វើឡើងវិញបន្ទាប់ពីការបិទទ្វារ។ ហើយការផ្លាស់ប្តូរគួរតែរលូនជាងនេះដោយសារតែមានបទពិសោធន៍បង្រៀននៅពេលបិទសាលារៀនកាលពីឆ្នាំមុន។

នៅពេលនោះគ្រូ និងអ្នករដ្ឋបាលមិនសូវបានត្រៀមខ្លួនច្រើនទេហើយត្រូវសម្របខ្លួនទៅនឹងបរិយាកាសរៀនសូត្រថ្មី។

នៅឆ្នាំនេះ លោកគ្រូបាននិយាយថាវេទិកាជាច្រើននឹងត្រូវបានប្រើដើម្បីសម្រួលបទពិសោធន៍ រួមទាំងការបែងចែកថ្នាក់ជាក្រុម Telegram ដាច់ដោយឡែកនិងប្រើប្រាស់ Google ថ្នាក់រៀន។ សាលាក៏នឹងប្រើមាតិកាសិក្សាពីចម្ងាយដែលផ្តល់ដោយរដ្ឋាភិបាលផងដែរ។

ទោះយ៉ាងណា ការប្តូរត្រឡប់ទៅសិក្សាតាមអ៊ិនធរណេតវិញអាចជះឥទ្ធិពលអវិជ្ជមានដល់សិស្ស។

ការសិក្សាមួយដែលត្រូវបានចេញផ្សាយកាលពីឆ្នាំមុនដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងតំបន់ ) Save the Children ​បានបង្ហាញថាការបិទសាលារៀនបានជះឥទ្ធិពលយ៉ាងទូលំទូលាយកាលពីឆ្នាំមុន។ ដោយសិស្សមិនបានយល់ពីកិច្ចការផ្ទះរបស់ពួកគេ ដល់ការមានភាពតានតឹងនៅផ្ទះ និងផលប៉ះពាល់អវិជ្ជមានដល់សុខភាពផ្លូវចិត្ត។

ការសិក្សាបានស្ទាបស្ទង់លើសិស្ស ៧៣០ នាក់និងអ្នកថែទាំ ៧៣០ នាក់មកពីខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំចន្លោះខែមិថុនា និងកក្កដាឆ្នាំមុន។

ការសិក្សាបានរកឃើញថាសិស្សចំនួន ៩០ ភាគរយនិងអ្នកមើលថែចំនួន ៨៧ ភាគរយ​បានរាយការណ៍ថាមានតែការរៀនសូត្រតិចតួចប៉ុណ្ណោះដែលបានធ្វើឡើងនៅតាមផ្ទះ។

ឧបសគ្គធំៗដែលត្រូវបានរាយការណ៍ដោយសិស្សគឺមិនយល់អំពីកិច្ចការផ្ទះ (៤០ ភាគរយ) មានការងារផ្ទះច្រើនពេក (៣៦ ភាគរយ) គ្មានជំនួយ (២១ ភាគរយ) និងត្រូវចូលធ្វើការរកប្រាក់ (៤ ភាគរយ) ។

គ្រូបង្រៀនពីរនាក់នៅតាមសាលាក្នុងតំបន់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថាពួកគេបានកត់សម្គាល់ឃើញថាមានអវត្តមានច្រើននៅក្នុងថ្នាក់រៀនរបស់ពួកគេកាលពីម្សិលមិញ ដែលនេះជាការបង្ហាញថាឪពុកម្តាយមួយចំនួនមិនចង់ឲ្យកូនៗរបស់ពួកគេមានការទាក់ទងនឹងការផ្ទុះឡើងក្នុងសហគមន៍ថ្មីៗនេះទេ។

គ្រូបង្រៀនម្នាក់បាននិយាយថាផ្អែកលើបទពិសោធន៍របស់គាត់កាលពីឆ្នាំមុន ការរៀនសូត្រពីចម្ងាយគឺជាមិនមានប្រសិទ្ធភាពសម្រាប់កុមារទេ។

លោកបន្តថា៖ «ក្នុងចំណោមសិស្ស ៣០ នាក់មានប្រហែលជា ៧ ឬ ៨ នាក់ប៉ុណ្ណោះដែលចូលរួមជានិច្ចនូវសកម្មភាពក្នុងថ្នាក់»។

លោកបន្ថែមថា៖ «ក្មេងៗធ្វើសកម្មភាពតាមចំណងចំណូលចិត្តរបស់ពួកគេ ហើយនៅពេលមានកុំព្យូទ័រជាធម្មតាពួកគេនឹងលេងហ្គេម ឬមើលយូធ្យូប»។

ការសិក្សារបស់អង្គការ Save the Children បានបង្ហាញពីបញ្ហាមួយទៀតដែលការរៀនសូត្រតាមអ៊ិនធរណេតមានសុវត្ថិភាព។ ការការពារកុមារពីអំពើអាក្រក់តាមអ៊ិនធរណេតដូចជាការសម្លុត និងការរំលោភបំពានផ្លូវភេទតាមអ៊ិនធរណេតគឺជាអ្វីដែលអ្នកថែទាំជាច្រើនមិនបានត្រៀមទុកជាមុន។

ការស្ទង់មតិនេះបានរកឃើញថាមានតែអ្នកថែទាំ ២៦ ភាគរយប៉ុណ្ណោះដែលបានដឹងពីហានិភ័យ និងវិធីដើម្បីធានាសុវត្ថិភាពដល់កូនៗរបស់ពួកគេ។

ប៉ុន្តែនៅពេលបង្រៀនពីចម្ងាយមានចំនុចគ្រោះថ្នាក់មួយចំនួន តែវាជាជំរើសតែមួយគត់នៅពេលនេះ។

នៅពេលសួរថាតើកុមារអាចមានលទ្ធភាពខកខានការសិក្សានៅសាលារៀនច្រើនជាងនេះឬអត់។ ភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល(NEP) បាននិយាយថា៖ «ផលប៉ះពាល់ពីជំងឺកូវីដ-១៩ អាចកាន់តែយ៉ាប់យ៉ឺន និងមិនមានការអន់ថយ។ យើងត្រូវគោរពយ៉ាងតឹងរឹងនូវរាល់គោលការណ៍ណែនាំ និងពិធីសារស្តីពីសុវត្ថិភាពរបស់រដ្ឋាភិបាល។ ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោក ការការពារប្រសើរជាងការព្យាបាល»។

ប៉ុន្តែ NEP បាននិយាយថាពួកគេបានកត់សម្គាល់ពីការធ្លាក់ចុះនៃសមត្ថភាពសិក្សារបស់សិស្សដោយសារការបិទសាលាកាលពីឆ្នាំមុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្ញើតាម Telegram អង្គការបាននិយាយថា៖ «នៅក្នុងការពិភាក្សាជាមួយសមាជិករបស់យើង [អង្គការក្រៅរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល] និងដៃគូអភិវឌ្ឍន៍ដទៃទៀតគេអាចមើលឃើញថាសិស្សភាគច្រើនមិនបានត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មីនេះទេ»។

NEP បាននិយាយថាខ្លួនកំពុងស្វែងរកវិធីសាស្ត្រដើម្បីជួយសិស្សឲ្យបង្កើនល្បឿនសិក្សានៅក្នុងតំបន់គោលដៅ។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី ​ស្ថាបនិក​នៃ​វិទ្យាស្ថាន និង​សាលា អន្តរទ្វីប អាមេរិកាំង ក្នុងសង្កាត់ចាក់អង្រែដែលត្រូវបានបិទដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ចុងក្រោយនេះបាននិយាយថាសាលារបស់លោកបានត្រៀមសម្រាប់ការបង្រៀនតាមអ៊ិនធរណេត ប៉ុន្តែសាលាផ្សេងទៀតដែលមានថវិកាតិចប្រហែលជាមិនអាចធ្វើការផ្លាស់ប្តូរដូច្នេះបានយ៉ាងងាយនោះទេ។

លោកបន្តថា៖ «យើងមានសំណាងណាស់ដែលយើងបានរៀបចំបានល្អពីថ្ងៃទីមួយមក។ យើងបានប្រើការសិក្សាតាមប្រព័ន្ធអ៊ិនធរណេតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះវាមិនមែនជារឿងថ្មីសម្រាប់យើងទេ។ យើងអាចអនុវត្តវាបានយ៉ាងងាយស្រួលនិងជោគជ័យ»។

លោកថាសាលារៀនមួយចំនួនបានក្ស័យធន ឬបិទទ្វារដោយសារពួកគេអសមត្ថភាពក្នុងការបំលែងការសិក្សាតាមប្រព័ន្ធអ៊ិនធរណេត។

ក្រៅពីការបិទសាលារៀន កន្លែងដែលទាក់ទងនឹងព្រឹត្តការណ៍សហគមន៍ជាច្រើនក៏ត្រូវបានបន្ថែមទៅក្នុងបញ្ជីតំបន់ដែលទាក់ទងនឹងព្រឹត្តការណ៍​សហគមន៍ ២០ កុម្ភៈ ដែលនាំឲ្យមានចំនួនសរុបដល់ ២៣ កន្លែង។

បុគ្គលិកអនាមិកម្នាក់នៅសណ្ឋាគារ Somet និងអាផាតមិន ដែលជាកន្លែងមួយក្នុងចំណោមកន្លែងដែលទាក់ទងនឹងព្រឹត្តការណ៍សហគមន៍បាននិយាយថាបច្ចុប្បន្នសណ្ឋាគារកំពុងស្ថិតក្រោមការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។

នៅពេលសួរថាតើអង្គការសុខភាពពិភពលោក (WHO) នឹងផ្តល់អនុសាសន៍យ៉ាងដូចម្តេចដើម្បីការពារការរីករាលដាលនូវការផ្ទុះឡើងនៃវីរុសខ្នាតតូចនេះ។ លោកស្រី​ Li Ailan​ តំណាង​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ប្រចាំ​នៅ​កម្ពុជា​បាននិយាយថា៖ «យុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជានៅតែផ្តោតលើការតាមដានប្រភពជាច្រើនដើម្បីរកឲ្យឃើញ ការដាក់ឲ្យនៅដាច់ដោយឡែក ការធ្វើតេស្ត និងការថែទាំសម្រាប់គ្រប់ករណីទាំងអស់ ការតាមដាន និងការដាក់ឲ្យស្ថិតក្រោមការធ្វើចត្តាឡីស័កសម្រាបប្រជាជនទាំងអស់»។

លោកស្រីបន្ថែមថា៖ «នៅពេលដែលមានការឆ្លងជាចង្កោមក្នុងស្រុកវាតែងតែមានការព្រួយបារម្ភ តែវាមិនមែនជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេ។ រោគរាតត្បាតនឹងមិនអាចបញ្ចប់នៅមួយកន្លែងនោះទេរហូតទាល់តែវាត្រូវបានបញ្ចប់នៅគ្រប់ទីកន្លែង»៕

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

រដ្ឋាភិបាលសម្រេចបញ្ចុះអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន

Next Article

សមាគម Fintech លើកឡើងពីគោលដៅនានានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំដំបូងរបស់ខ្លួន