ធនាគារ អេស៊ីលីដា បានប្រកាសឲ្យដឹងថា អតិថិជននាពេលបច្ចុប្បន្នអាចបើកគណនី និងបោះពុម្ពបណ្ណ អេធីអឹម អេស៊ីលីដា (ATM Classic Card) តាមរយៈម៉ាស៊ីន VTM (Virtual Teller Machine) ឬហៅថា ម៉ាស៊ីនបើកគណនី។
ម៉ាស៊ីនបើកគណនីរបស់ធនាគារ អេស៊ីលីដាគឺជាប្រព័ន្ធស្វ័យប្រវត្ដិដែលអនុញ្ញាតឱ្យអតិថិជនបើកគណនីធនាគារដោយខ្លួនឯងបានគ្រប់ពេលវេលា និងឆាប់រហ័ស។
ម៉ាស៊ីនវីធីអឹម មានលក្ខណៈពិសេសក្នុងការកំណត់អត្តសញ្ញាណ និងទទួលស្គាល់អតិថិជន ដោយស្វ័យប្រវត្តិ ដែលមានដូចជា ឧបករណ៍ថតចម្លង-អានឯកសារអត្តសញ្ញាណ ប្រព័ន្ធកាមេរ៉ាសម្គាល់ផ្ទៃមុខ ឧបករណ៍ថតស្នាមម្រាមដៃ និងចុះហត្ថលេខាអេឡិចត្រូនិក។
ជាមួយគ្នានេះផងដែរ អតិថិជនអាចបើកគណនីធនាគារ (គណនីឯកត្តជន) តាមម៉ាស៊ីនវីធីអឹម ជាប្រាក់រៀល ដុល្លារអាមេរិក បាត និងអ៊ឺរ៉ូ ដែលមានដូចជា គណនីបញ្ញើសំចៃ រួមទាំងគណនីបើកប្រាក់បៀវត្ស គណនីចរន្ត និងគណនីបញ្ញើតាមតម្រូវការ។
យោងតាមធនាគារ អតិថិជនអាចចាប់ផ្តើមធ្វើប្រតិបត្តិការភ្លាមៗបន្ទាប់ពីទទួលបានបណ្ណ អេធីអឹម អេស៊ីលីដា (ATM Classic Card)។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ៖ «កាលពីពេលកន្លងទៅ អតិថិជនលោកអញ្ជើញមកបើកគណនីនៅធនាគារ អេស៊ីលីដា លោកត្រូវការស្នើសុំបណ្ណ អេធីអឹម យកទៅប្រើប្រាស់ ហើយការស្នើសុំនេះត្រូវរង់ចាំពេលវេលាយ៉ាងតិចណាស់ក៏ ៣ថ្ងៃដែរ។ ប៉ុន្តែ ឥឡូវនេះ មិនចាំបាច់រង់ចាំទៀតទេ។ ពេលគាត់អញ្ជើញមកបើកគណនី ហើយគាត់ត្រូវការស្នើសុំបណ្ណ អេធីអឹម (ATM Classic Card) គាត់បោះពុម្ពបណ្ណនេះដោយខ្លួនឯង បានភ្លាមៗ ពីម៉ាស៊ីនដាក់ប្រាក់ស័្វយប្រវត្តិរបស់ធនាគារ អេស៊ីលីដា ហៅថា VTM (Virtual Teller Machine) ដោយងាយស្រួល។»
លោកស្រីបន្ថែមទៀតថា នៅពេលបន្តិចទៀត អតិថិជនចង់ដូរបណ្ណចាស់យកបណ្ណថ្មី ឬបណ្ណខូច ឬបាត់បណ្ណ គ្រាន់តែលោកអញ្ជើញមកដល់ម៉ាស៊ីនបើកគណនីស័្វយប្រវត្តិ VTM គាត់នឹងបោះពុម្ពបណ្ណចេញពីម៉ាស៊ីនបានភ្លាមៗ ផងដែរ ។
យោងតាមការឲ្យដឹងពីធនាគារ ខ្លួនកំពុងតែច្នៃប្រឌិតនិងលើកកម្ពស់សេវាកម្មធនាគារស្វ័យប្រវត្តិកម្មដែលជាផ្នែកមួយនៃការផ្តោតរបស់ខ្លួនលើឌីជីថលនីយកម្ម។ អេស៊ីលីដាកំពុងធ្វើពិពិធកម្មផលិតផលធនាគាររបស់ខ្លួនដោយផ្តល់ជូនអតិថិជននូវជម្រើសថ្មីក្នុងរបៀបដែលពួកគេទទួលបានសេវាកម្មធនាគារ។
កាលពីពេលថ្មីៗនេះ ធនាគារ អេស៊ីលីដាភីអិលស៊ី ក៏បានបើកគណនីចរន្តផ្លើស (Current Account Plus) ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្ដល់អត្រាការប្រាក់ដល់អតិថិជនដែលបានរក្សាប្រាក់បញ្ញើក្នុងគណនីតាមចំនួនដែលបានកំណត់។
ធនាគារបានបន្ថែមទៀតថាអតិថិជនដែលបើកគណនីចរន្តផ្លើស នឹងអាចធ្វើប្រតិបត្តិការប្រចាំថ្ងៃបានយ៉ាងងាយស្រួលតាមរយៈទូរស័ព្ទដៃរបស់ពួកគេហើយនឹងទទួលបានការទូទាត់ការប្រាក់តាមសមតុល្យគណនីរបស់ពួកគេ។
លោកស្រីបានបន្ថែមទៀតថាគណនីថ្មីអាចត្រូវបានកំណត់សម្រាប់ការប្រើប្រាស់ប្រាក់រៀល ដុល្លារឬបាត ហើយអតិថិជននឹងមិនចាំបាច់ប្តូរតុល្យភាពក្នុងគណនីបច្ចុប្បន្នទៅគណនីសន្សំដើម្បីទទួលបានការប្រាក់ឡើយ។ ម្ចាស់គណនីចរន្តផ្លើស នឹងទទួលបានការប្រាក់រហូតដល់ ០,២ ភាគរយលើសមតុល្យរបស់ពួកគេ។
លោកស្រី សុខ សោភា បានបន្ថែមថាសេវាកម្មមួយទៀតដែលធនាគារផ្តល់គឺប្រាក់បញ្ញើមានកាលកំណត់ ។
លោកស្រីមានប្រសាសន៍ថាប្រាក់បញ្ញើមានកាលកំណត់របស់អេស៊ីលីដាគឺល្អបំផុតជាផ្នែកមួយនៃយុទ្ធសាស្រ្តវិនិយោគរួម។
លោកស្រីបន្តថាប្រសិនបើអតិថិជនរកឃើញថាពួកគេមានសមតុល្យដែលមិនត្រូវបានប្រើប្រាស់ទៀងទាត់នៅក្នុងគណនីរបស់ពួកគេ ពួកគេអាចបើកប្រាក់បញ្ញើមានកាលកំណត់តាមរយៈកម្មវិធីទូរស័ព្ទអេស៊ីលីដានិងទទួលបានការប្រាក់លើចំនួននោះ។
ជាមួយនឹងប្រាក់បញ្ញើមានកាលកំណត់របស់ធនាគារអេស៊ីលីដា អតិថិជនទទួលបានអត្រាការប្រាក់គួរឱ្យចាប់អារម្មណ៍ផ្អែកលើកញ្ចប់ដែលពួកគេជ្រើសរើស។
ពួកគេអាចជ្រើសរើសក្នុងការទទួលបានការប្រាក់ដែលផ្ដល់ជូនជារៀងរាល់ខែ នៅចន្លោះពេលបីខែឬនៅចុងបញ្ចប់នៃរយៈពេល។ ប្រាក់បញ្ញើមានកាលកំណត់របស់អតិថិជនក៏អាចត្រូវបានរក្សាទុកជាប្រាក់រៀល ដុល្លារ ឬបាតផងដែរ។
ចំនួនទឹកប្រាក់អប្បបរមាសម្រាប់បើកប្រាក់បញ្ញើមានកាលកំណត់របស់អេស៊ីលីដាត្រូវបានកំណត់ក្នុងចំនួន ២ ០០០ ០០០ រៀល ៥០០ ដុល្លារ ឬ ២០ ០០០ បាត។
សម្រាប់គណនីសន្សំ ការបើកឬបិទគណនីមិនគិតថ្លៃសេវាកម្ម ហើយកាតធនាគារត្រូវបានផ្ដល់ជូនដោយមិនគិតថ្លៃ។
លើសពីនេះទៀត សមតុល្យអប្បបរមា មិនតម្រូវនោះទេ ដែលជាគុណប្រយោជន៍ខុសគ្នាពីធនាគារផ្សេងទៀត៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា