cellcard cellcard cellcard

កម្ពុជាសម្លឹងមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយទៀតជាមួយប្រទេសឥណ្ឌា

Tom Starkey / Khmer Times Share:
លោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។ KT/ខឹម សុវណ្ណារ៉ា

បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)  កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជានិងចិន និងការបញ្ចប់ដោយជោគជ័យនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង កម្ពុជាបច្ចុប្បន្នកំពុងតែសំឡឹងរកសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីបន្ទាប់ជាមួយប្រទេសឥណ្ឌា។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រសួងកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានស្រាវជ្រាវឯករាជ្យមួយនៅក្នុងតំបន់ដើម្បីធ្វើការសិក្សាលទ្ធភាពលើការចំណាយនិងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

លោកថា៖ «ការសិក្សាកំពុងតែដំណើរការ ដែលពាក់ព័ន្ធនឹងការពិគ្រោះយោបល់ និងអ្នកពាក់ព័ន្ធជាច្រើន។ ដូច្នេះ បច្ចុប្បន្ន យើងកំពុងប្រមូលនិងវិភាគទិន្នន័យ មុនពេលដែលយើងអាចចាប់ផ្តើមទាញសេចក្តីសន្និដ្ឋាននិងត្រៀមសម្រាប់ការចរចារដែលរំពឹងទុក។ យើងរំពឹងថានឹងបញ្ចប់ការងារទាំងអស់នេះក្នុងឆមាសទី ១ នៃឆ្នាំនេះ»។

លោក ប៉ែន សុវិជាតិ បន្តថារាល់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគឺតែងតែមានបញ្ហាប្រឈមមួយចំនួន ដែលជាហេតុធ្វើឱ្យការសិក្សាកំពុងត្រូវបានអនុវត្ត។ ដូច្នេះរាល់ប៉ារ៉ាម៉ែត្រនៃកិច្ចព្រមព្រៀងនឹងត្រូវបានយល់កាន់តែច្បាស់។

លោកបានបន្ថែមថាប្រទេសឥណ្ឌាត្រូវបានចាត់ទុកថាជាទីផ្សារធំបំផុតមួយនៅលើពិភពលោកដែលមានអំណាញទិញ (purchasing power) យ៉ាងសកម្ម ហើយតំណាងឱ្យទីផ្សារសក្តានុពលដ៏អស្ចារ្យសម្រាប់ផលិតផលកម្ពុជានិងជាក្តីសង្ឃឹមសម្រាប់ដៃគូពាណិជ្ជកម្ម។

ដំណឹងនេះកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីខែមុនថា វាជាពេលវេលាសម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងនិងធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ទាប់ពីលោកបានជួបជាមួយលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌា ប្រចាំនៅកម្ពុជា។

យោងតាម លោកអ៊ាង សុផល្លែត ដែលជាជំនួយការលោកនាយករដ្ឋមន្ត្រី ក្នុងអំឡុងជំនួបនោះលោក ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូតបានពិភាក្សានិងកត់សម្គាល់ពីភាពប្រសើរឡើងនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា។

លោកបន្តថាទំនាក់ទំនងកម្ពុជា-ឥណ្ឌាមានប្រវត្តិជាយូរណាស់មកហើយ ដោយមានលទ្ធផលជាវិជ្ជមានជាច្រើន ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងក្លាយជាសមាសធាតុដ៏សំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងឆ្ពោះទៅរកការពង្រឹងនិងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាពិសេសក្នុងការវិនិយោគនិងពាណិជ្ជកម្ម។

ទិន្នន័យពីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានឱ្យដឹងថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ទំហំទឹកប្រាក់ចំនួន ២៥០ លានដុល្លារក្នុងឆ្នាំ ២០១៩ កើនឡើង ១០ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន ២២៧ លានដុល្លារ។

ប្រទេសកម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ចំនួន ៨២ លានដុល្លារទៅកាន់ប្រទេសឥណ្ឌាកាលពីឆ្នាំមុន ដែលកើនឡើង ៦៩ ភាគរយពីឆ្នាំ ២០១៨ ខណៈការនាំចូលពីឥណ្ឌាវិញមានទំហំទឹកប្រាក់ចំនួន ១៦៨ លានដុល្លារ ធ្លាក់ចុះ ៦ ភាគរយ។

ការវិនិយោគរបស់ឥណ្ឌានៅកម្ពុជាមានទំហំទឹកប្រាក់សរុប ២០ លានដុល្លារ ខណៈដែលប្រទេសនេះស្ថិតក្នុងចំណោមវិនិយោគិនបរទេសកំពូលៗ ទាំង ១០ នៅកម្ពុជា។ ការវិនិយោគសំខាន់ៗរបស់ឥណ្ឌាមានដូចជាគ្រឿងម៉ាស៊ីន កសិកម្ម ថាមពល សំណង់ និងរ៉ែ។

ទន្ទឹមនឹងនេះដែរ ការអំពាវនាវឱ្យមានការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា (AIFTA) ក៏មានសារៈសំខាន់ផងដែរ ដែលបានផ្តល់ឱ្យកម្ពុជានូវសក្តានុពលក្នុងការទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីទាំងទ្វេភាគី និងពហុភាគី។

នៅក្នុងប្រទេសឥណ្ឌា ការនាំចូលបានកើនឡើងក្នុងល្បឿនខ្ពស់ជាងការនាំចេញ។ ខណៈពេលដែលការនាំចេញរបស់ឥណ្ឌាទៅកាន់រដ្ឋសមាជិកអាស៊ានបានកើនឡើង ៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយឈានដល់ទំហំទឹកប្រាក់ចំនួន ៣៧,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨-១៩ ការនាំចូលរបស់ឥណ្ឌាបានកើនឡើង ២៥ ភាគរយស្មើនឹង ៥៩,៣១ ពាន់លានដុល្លារ។

នៅក្នុងពាណិជ្ជកម្មរបស់ខ្លួនជាមួយអាស៊ាន ប្រទេសឥណ្ឌាបានលុបបំបាត់ពន្ធគយដែលមានរហូតដល់ ៧៥ ភាគរយនៃបន្ទាត់ពន្ធចំនួន ១២,០០០ ។

របាយការណ៍ពីវិទ្យាស្ថាន National Institution for Transforming India (NITI Aayog) បានរកឃើញថាបញ្ហានេះបានធ្វើឱ្យតុល្យភាពពាណិជ្ជកម្មរបស់ខ្លួនកាន់តែយ៉ាប់យ៉ឺននៅក្នុងវិស័យចំនួន ១៣ ក្នុងចំណោម ២១ វិស័យដែលរួមមានវាយនភណ្ឌ ស្បែក និងរ៉ែ។ បច្ចុប្បន្នឱនភាពពាណិជ្ជកម្មឥណ្ឌាជាមួយបណ្តាប្រទេសអាស៊ានមានទំហំទឹកប្រាក់ចំនួន ២៤ ពាន់លានដុល្លារ។

យោងតាមគេហទំព័រ Asia Briefing បានឲ្យដឹងថា ទាក់ទងនឹងស្ថានភាពនេះ ឥណ្ឌាចង់ពិនិត្យឡើងវិញជាបន្ទាន់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា។

គេហទំព័រដដែលបានបន្តថា៖ «នៅពេលដែលកិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខា បណ្តាប្រទេសជាសមាជិកអាស៊ាននឹងយកចិត្តទុកដាក់លើសំណើរបស់ឥណ្ឌាដើម្បីពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀង AIFTA ខណៈដែលប្រទេសឥណ្ឌាគឺជាទីផ្សារធំសម្រាប់ពួកគេ។ ទោះយ៉ាងណា ការចរចានឹងជួបការលំបាក ហើយអូសបន្លាយពេល»។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ការស្វែងរកកិច្ចព្រមព្រៀងទ្វេភាគីដោយផ្ទាល់បន្ថែមទៀតរបស់ប្រទេសកម្ពុជាជាមួយប្រទេសឥណ្ឌាអាចផ្ដល់ជាផលប្រយោជន៍នៃការកើនឡើងពាណិជ្ជកម្មកម្ពុជា-ឥណ្ឌា៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

ធនាគារ ​អេស៊ីលីដា ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ទំនើបថ្មីសម្រាប់បើកគណនីដោយ​ខ្លួនឯង

Next Article

ការឆ្លងជាចង្កោមនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនករណីឆ្លងដល់ ៧៨ នាក់ដែលនាំឲ្យករណីនាំចូលក្នុងស្រុកសរុបមានចំនួន ៥៦៨ ករណី