cellcard cellcard cellcard

ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសកម្ពុជាក្នុងដើមឆ្នាំ ២០២១ នៅតែបន្តមានការធ្លាក់ចុះ

សុខ ចាន់ / Khmer Times Share:
យន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិចំនួន ៣ របស់កម្ពុជាទទួលបានអ្នកដំណើរក្នុងស្រុក អន្តរជាតិ និងអ្នកដំណើរឆ្លងកាត់សរុបចំនួន ២,១៣ លាននាក់ ក្នុងឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះ ៧៩ ភាគរយបើប្រៀបធៀបនឹងតួលេខឆ្នាំ ២០១៩។ នេះបើយោងតាមទិន្នន័យពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA)។ KT/ខឹម សុវណ្ណារ៉ា

ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃខែកុម្ភៈ អាកាសយានដ្ឋានអន្តរជាតិចំនួន ៣ របស់ប្រទេសកម្ពុជាទទួលបានជើងហោះហើរប្រមាណ ២២៣។ នេះបើយោងតាមការឲ្យដឹងពីនាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា។

លោក ខែក ណូរិនដា ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាមានប្រសាសន៍ថាចរាចរណ៍តាមផ្លូវអាកាសក្នុងខែមករានិងកុម្ភៈនៅបន្តធ្លាក់ចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។ ការធ្លាក់ចុះនេះមានចំនួនសរុប ៩៤ ភាគរយ។

លោកបន្តថា អាកាសយានដ្ឋានអន្តរជាតិទាំង ៣ ទទួលបានជើងហោះហើរចំនួន ១៣ ជារៀងរាល់ថ្ងៃ ដែលភាគច្រើននៅក្នុងទីក្រុងភ្នំពេញ ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានជើងហោះហើរក្នុងស្រុកតែមួយឬពីរប៉ុណ្ណោះក្នុងមួយសប្តាហ៍។ សម្រាប់អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ ជើងហោះហើរក្នុងស្រុកចំនួន ១០ កំពុងដំណើរការ និងមានជើងហោះហើរអន្តរជាតិចំនួន ៤ ដែលធ្វើដំណើរទៅនិងមកពីទីក្រុងក្វាងចូវ។

លោកបន្ថែមថា៖ «ចំពោះរាជធានីភ្នំពេញ ការហោះហើរប្រចាំថ្ងៃនិងចេញជារៀងរាល់ថ្ងៃមានចំនួនសរុប ២៩ ជាមធ្យម។ ជើងហោះហើរអន្តរជាតិរួមមានប្រទេសសិង្ហបុរី ទីក្រុងសេអ៊ូល ទីក្រុង Guangzhou, Shenzen, Kunming, Shanghai, Beijing, Xiamen និង Chengdu របស់ប្រទេសចិន។

ការហោះហើរក្នុងនិងក្រៅស្រុកតិចជាង ៩០០ ត្រូវបានកត់ត្រានៅអាកាសយានដ្ឋានអន្តរជាតិទាំង ៣ សម្រាប់ខែមករាឆ្នាំនេះ ពោលគឺធ្លាក់ចុះជាង ៩១ ភាគរយបើប្រៀបធៀបនឹងខែមករាឆ្នាំ ២០២០ ។»

លោកបន្តថាជើងហោះហើរអន្តរជាតិបច្ចុប្បន្នកំពុងតែធ្វើប្រតិបត្តិការសម្រាប់ទីក្រុងចិនមួយចំនួនតូច ប្រទេសសិង្ហបុរី និងទីក្រុងសេអ៊ូល ខណៈដែលជើងហោះហើរក្នុងស្រុករវាងភ្នំពេញ សៀមរាបនិងក្រុងព្រះសីហនុស្ថិតក្នុងកម្រិតទាប។

លោក ខែក ណូរិនដា បានបន្ថែមឲ្យដឹងទៀតថាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដែលកំពុងប្រតិបត្តិការជើងហោះហើររួមមានក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines, Cambodia Angkor Air, Cambodia Airways និង JC airlines ។ ក្រុមហ៊ុនអាកាសចរណ៍ដែលមិនមែនជាក្រុមហ៊ុនក្នុងស្រុករួមមានក្រុមហ៊ុនអាកាសចរណ៍ Spring Airlines, Shenzhen Airlines, China Eastern Airlines, China Southern Airlines, SilkAir, Jetstar, Korean និង AirAsiana Airlines។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានមានប្រសាសន៍ថាវាពិបាកក្នុងការវាយតម្លៃពីស្ថានភាពវិស័យអាកាសចរណ៍នៅដើមឆ្នាំ ២០២១។ ទោះជាយ៉ាងណា និន្នាការនៅតែបន្តធ្លាក់ចុះសម្រាប់ជើងហោះហើរ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា អាកាសយានដ្ឋានអន្តរជាតិចំនួន ៣ របស់កម្ពុជាទទួលបានអ្នកដំណើរក្នុងស្រុក អន្តរជាតិ និងអ្នកដំណើរឆ្លងកាត់សរុបចំនួន ២,១៣ លាននាក់ ក្នុងឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះ ៧៩ ភាគរយបើប្រៀបធៀបនឹងតួលេខឆ្នាំ ២០១៩។ នេះបើយោងតាមទិន្នន័យពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានអ្នកដំណើរប្រមាណ ១,៣០ លាននាក់ ដែលជាការថយចុះចំនួន ៧៦ ភាគរយ បើធៀបនឹងចំនួន ៥,៤៩ លាននាក់ក្នុងឆ្នាំ ២០១៩ កន្លងទៅ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបមានអ្នកដំណើរចំនួន ៦១៨ ៦៦៣ នាក់ ធ្លាក់ចុះ ៨៣ ភាគរយពីចំនួន ៣,៥៧ លាននាក់ ក្នុងឆ្នាំ ២០១៩ ។

អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុទទួលបានអ្នកដំណើរចំនួន ២១៤ ៩៦៩ នាក់ ធ្លាក់ចុះ ៨៦,៣ ភាគរយ ពីចំនួន ១,៥៧ លាននាក់ ដែលទទួលបាននៅឆ្នាំ ២០១៩ ។

ទិន្នន័យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបង្ហាញថាប្រទេសកម្ពុជាទទួលបានការដឹកជញ្ជូនទំនិញចំនួន ៤៩ ៩៨៣ តោននៅអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ របស់ខ្លួន។ តួលេខនេះមានការធ្លាក់ចុះចំនួន ៣១ ភាគរយពីតួលេខឆ្នាំ ២០១៩ ខណៈដែលចរាចរណ៍ទំនិញភាគច្រើនធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

ករណីគ្រឿងញៀនជាង ៨០០០ ករណីត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យជាតិ

Next Article

ទិដ្ឋាការប្រភេទអេឡិចត្រូនិចអាចទទួលបានសម្រាប់អ្នកដំណើរមកប្រទេសកម្ពុជា