cellcard cellcard cellcard

នាយករដ្ឋមន្រ្តីបញ្ជាឲ្យមានវិធានការណ៍បន្ទាន់ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកទី ៣

តាំង រីនិត្យ / Khmer Times Share:
សកម្មភាពដែលចាប់បានជនជាតិចិនម្នាក់ក្នុងចំណោមបួននាក់ដែលបានរត់គេចចេញពីសណ្ឋាគារ សុខា ដែលត្រូវបានមើលឃើញថាកំពុងដើរឆ្ពោះទៅកាន់ច្រកចេញ។ សហការី

នៅពេលដែលប្រទេសកម្ពុជាបានគ្រប់គ្រងនូវចំនួនការកើនឡើងនៃករណីវិជ្ជមានកូវីដ-១៩ ក្នុងប្រទេស។ ជាពិសេស ក្នុងចំណោមពលករចំណាកស្រុករាប់ពាន់នាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ពេលនេះ រាជធានីត្រូវបានបង្ករឲ្យមានការភ្ញាក់ផ្អើលដោយសារពាក្យចចាមអារ៉ាមកាលពីយប់មិញដែលថាមានការរកឃើញការផ្ទុះឡើងក្នុងសហគមន៍ថ្មីមួយទៀត។

 

ពាក្យចចាមអារ៉ាមនេះត្រូវបានបញ្ជាក់ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោកបានប្រកាសថាមានករណីវិជ្ជមានថ្មីចំនួន ៣២ ត្រូវបានរកឃើញក្នុងរយៈពេល ១០ ម៉ោងកាលពីយប់មិញដែលភាគច្រើនជាជនជាតិចិនរួមទាំងជនជាតិវៀតណាមម្នាក់ និងជនជាតិដទៃទៀត។

ព័ត៌មាននេះត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកនេះក្នុងការចាក់ផ្សាយផ្ទាល់ពិសេស បន្ទាប់ពីអំពាវនាវឲ្យមានការប្រជុំបន្ទាន់ជាមួយរដ្ឋមន្រ្តី។ លោកបានហៅរលកថ្មីនេះថាជា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

យោងតាមសម្តីនាយករដ្ឋមន្រ្តីបានអោយដឹងថាកាលពីម្សិលមិញ ស្ត្រីជនជាតិចិនម្នាក់នៅរាជធានីភ្នំពេញដែលមានគម្រោងចាកចេញទៅក្រៅប្រទេសបានធ្វើតេស្តកូវីដ-១៩ ហើយលទ្ធផលដែលទទួលបានគឺវិជ្ជមាន។ ដូច្នេះ មនុស្សដែលមានទំនាក់ទំនងជាមួយគាត់ ដែលភាគច្រើនជាជនជាតិចិនក៏ត្រូវបាននាំយកទៅធ្វើតេស្តផងដែរ។

គិតត្រឹមម៉ោង ១០ ព្រឹកនេះ លទ្ធផលជាច្រើន​ដែលទទួលបានគឺវិជ្ជមាន នាំឲ្យករណីថ្មីក្នុងការឆ្លងជាចង្កោមនេះមានចំនួន ៣២ នាក់។

លោកបាននិយាយថា៖ «នេះគឺជាចំណុចប្រកាសអាសន្នថ្មីមួយ ដែលយើងមិនដែលឃើញពីមុនមកចាប់តាំងពីមានការផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា។ ព័ត៌មានអាក្រក់នេះបានកើតឡើងចំពេលដែលយើងទទួលបានលទ្ធផលល្អក្នុងការប្រយុទ្ធប្រឆាំងនឹងករណីនាំចូលពីប្រទេសថៃ និងវៀតណាម»។

ប្រភពនៃការផ្ទុះឡើងនេះអាចត្រូវបានគេរកឃើញថាជាជនជាតិចិន ៤ នាក់ដែលស្ថិតក្រោមការធ្វើចត្តាឡីស័កនៅឯសណ្ឋាគារ សុខា ហើយបានរត់គេចកាលពេលពីរបីថ្ងៃមុន ដោយសូកប៉ាន់សន្តិសុខពីរនាក់ ហើយបានស្នាក់នៅខុនដូជាច្រើនកន្លែងនៅក្នុងរាជធានី។ នេះបើយោងតាមលោក ហ៊ុន សែន ក្នុងចំណោមជនជាតិចិនទាំង ៤ ​នាក់មាន ២ នាក់បានធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមាន។

សន្តិសុខពីរនាក់ដែលនៅសណ្ឋាគារត្រូវបានកំណត់អត្តសញ្ញាណ និងឃុំខ្លួនដើម្បីធ្វើការស៊ើបអង្កេតចំពោះការទទួលសំណូកក្នុងការជួយឲ្យអ្នកទាំង ៤ នាក់រត់គេចខ្លួន។

ក្លឹបកម្សាន្តមួយកន្លែងដែលមានឈ្មោះថា N8 ដែលត្រូវបានគេរាយការណ៍ថាជាចំណុចកណ្តាលនៃការផ្ទុះឡើងនេះត្រូវបានបិទជាបណ្តោះអាសន្ន។

ដោយមើលឃើញពីស្ថានភាពធ្ងន់ធ្ងរនេះ នាយករដ្ឋមន្រ្តីបានប្រកាសវិធានការបន្ទាន់មួយចំនួនដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ វិធានការនោះរាប់បញ្ចូលទាំងការបិទអគារ និងតំបន់មួយចំនួន ការធ្វើតេស្តអ្នកដែលពាក់ព័ន្ធ និងបញ្ជាឲ្យពួកគេធ្វើចត្តាឡីស័កជាបន្ទាន់។

លោកនិយាយថា៖ «បញ្ហានេះនឹងប៉ះពាល់ដល់មនុស្សមួយចំនួន ប៉ុន្តែនៅពេលនេះយើងគ្មានជម្រើសអ្វីផ្សេងទេ»។

លោកបន្ថែមថា៖ «អ្នកដែលមានផ្ទះ ឬអាផាតមិនត្រូវតែធ្វើចត្តាឡីស័កនៅផ្ទះរបស់ពួកគេ។ សម្រាប់អ្នកដែលមិនមានផ្ទះ ក្រសួងសុខាភិបាលត្រូវតែបញ្ជូនពួកគេទៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋ»។

នាយករដ្ឋមន្រ្តីក៏បានអំពាវនាវឲ្យប្រជាជន និងអាជ្ញាធរនៅតាមបណ្តាខេត្តផ្សេងៗត្រូវប្រុងប្រយ័ត្នចំពោះការរីករាលដាលនៃវីរុសនេះនៅក្នុងរាជធានីភ្នំពេញ។ ទោះយ៉ាងណា លោកមិនបញ្ជាឲ្យបិទសាលារៀន ឬអាជីវកម្មណាដែលមិនទាក់ទងនឹងឧប្បត្តិហេតុនេះ ឬក៏ហាមឃាត់រាល់សកម្មភាពសាធារណៈដូចជាពិធីមង្គលការនោះទេ។

លោកនិយាយថា៖ «ប្រជាជនអាចបន្តដំណើរការជីវិត​ធម្មតា ដរាបណាពួកគេធ្វើតាមការវិធានការណ៍ណែនាំដែលចេញដោយរដ្ឋាភិបាលរួមមានការលាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាគម្លាតសង្គម»។

គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី ២០ ខែកុម្ភះឆ្នាំ ២០២១ ប្រទេសកម្ពុជាបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥១៦ នាក់ក្នុងនោះមានជនជាតិខ្មែរ ៣៤៥ នាក់បារាំង ៤៥ នាក់ចិន ៥១ នាក់ឥណ្ឌូណេស៊ី ១៨ នាក់ម៉ាឡេស៊ី ១៣ នាក់អាមេរិក ១២ នាក់អង់គ្លេស ៦ នាក់ឥណ្ឌា ៥ នាក់វៀតណាម ៤ នាក់កាណាដា ៣ នាក់ហុងគ្រី ២ នាក់ប៉ាគីស្ថាន ២ នាក់ជប៉ុន ២ នាក់នីហ្សេរីយ៉ា ២ នាក់បែលហ្ស៊ិក ១ នាក់កាហ្សាក់ស្ថាន ១ នាក់ប៉ូឡូញ ១ នាក់ហ្សកដានី ១ នាក់ស្វ៊ីស ១ នាក់​និងម្នាក់ទៀតជាជនជាតិដទៃដែល​គេ​មិនទាន់បានដឹង៕

 

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

សាលារៀនជាង ១០ កន្លែងត្រូវបានបញ្ជាឲ្យបិទដោយសារមានការទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

Next Article

រដ្ឋមន្រ្តីអំពាវនាវមិនឲ្យមានការរើសអើងលើជនជាតិចិនក្នុងព្រឹត្តការណ៍ ឆ្លងជាសហគមន៍លើកទី ៣