កំពង់ផែស្វយ័តភ្នំពេញ (PPAP) បានចុះបញ្ជីពីប្រាក់ចំណេញចំនួន ២,៨៥ លានដុល្លារកាលពីត្រីមាសមុន ដែលធ្លាក់ចុះ ២៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួន។
ជាមួយគ្នានេះផងដែរ ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញក៏បានថយចុះ ២ ភាគរយនៅក្នុងខែធ្នូដែលជានិន្នាការកើនឡើងពីការធ្លាក់ចុះនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនចំនួន ១១ ភាគរយក្នុងអំឡុងត្រីមាសទី ៤ ឆ្នាំ ២០២០ កន្លងទៅ ។
ប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុនមានចំនួនជាង ១២,៥ លានដុល្លារ ខណៈដែលក្រុមហ៊ុនមានប្រាក់បម្រុងជាង ២៦,៦៥ លានដុល្លារគិតត្រឹមថ្ងៃទី ១ ខែមករា។
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធបានធ្លាក់ចុះប្រមាណជា ២៣ ភាគរយ ដល់ ៤៦៨ រៀល (០,១១ ដុល្លារ) ចាប់តាំងពីឆ្នាំ ២០១៩ ។ ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ១០០ រៀល (០,០២ ដុល្លារ) បន្ទាប់ពីរបាយការណ៍នេះត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយបញ្ចប់ការជួញដូររបស់ខ្លួនត្រឹម ១២០០០ រៀលក្នុងមួយហ៊ុន (៣ ដុល្លារ) ។
ប្រាក់ចំណូលភាគច្រើនរបស់កំពង់ផែស្វយ័តភ្នំពេញ (៨៦,៧៨ ភាគរយ) គឺបានមកពីប្រតិបត្តិការកំពង់ផែ ហើយប្រមាណជា ១២,៧៣ ភាគរយនៃប្រាក់ចំណូលបានមកពីតួនាទីរបស់ខ្លួនក្នុងនាមជាអាជ្ញាធរកំពង់ផែ។
ទិន្នន័យបានបង្ហាញឲ្យដឹងទៀតថា សកម្មភាពនៃការផ្ទុកនិងការដឹកទំនិញចេញពីកប៉ាល់មានចំនួន ៤៤ ភាគរយនៃប្រាក់ចំណូលរបស់ក្រុមហ៊ុនក្នុងប្រតិបត្តិការកំពង់ផែ។ ការប្រើប្រាស់រថយន្តស្ទូចដើម្បីដឹកទំនិញបានកើនឡើង ៣៧,៥ ភាគរយនៃប្រាក់ចំណូលរបស់ខ្លួន។
ក្រុមហ៊ុនសម្រេចបានត្រឹមតែ ២២,៨៦ ភាគរយនៃប្រាក់ចំណូលដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២០ ប៉ុណ្ណោះ ដែលកើតឡើងដោយសារតែផលប៉ះពាល់ដែលបង្កដោយករណីជម្ងឺកូវីដ១៩ ខណៈដែលមិនមានវត្តមានអ្នកដំណើរណាម្នាក់ឆ្លងកាត់កំពង់ផែក្នុងកំឡុងត្រីមាសទី ៤ នោះទេ។
ចំនួនកុងតឺន័រធ្លាក់មកនៅត្រឹម ៣ ៧៨០ ៥២១ កុងតឺន័រ ដែលថយចុះបន្តិចនៅឆ្នាំ ២០២០ ខណៈដែលការព្យាករណ៍របស់ខ្លួនមានជាង ៤ លានកុងតឺន័រ។
ក្រុមហ៊ុនបានរាយការណ៍ថាទិន្នផលត្រីមាសទី ៤ ឆ្នាំ ២០២០ បានកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយមានចំនួនច្រើនជាង ៣៩ ០០០ កុងតឺន័រ។
របាយការណ៍ក៏បានឲ្យដឹងផងដែរថា កំពង់ផែស្វយ័តភ្នំពេញ បានវិនិយោគជាង ១៤ លានដុល្លារក្នុងការទិញអចលនទ្រព្យ រោងចក្រ និងឧបករណ៍ក្នុងអំឡុងឆ្នាំ ២០២០ ។
សម្រាប់ទស្សនៈវិស័យ ក្រុមហ៊ុនបានឲ្យដឹងថាខ្លួននឹងបន្តផ្តោតការយកចិត្តទុកដាក់លើការតំឡើងបរិក្ខារទំនើបៗដើម្បីកែលំអសមត្ថភាពនៅស្ថានីយកុងតឺន័រ LM17 របស់ខ្លួន។ ក្រុមហ៊ុននេះក៏នឹងបង្កើតស្ថានីយពហុបំណងបន្ថែមទៀតនៅតាមដងទន្លេមេគង្គនិងទន្លេសាបផងដែរ។
នៅដែលពេលបញ្ចប់ការសាងសង់ LM17 ដែលជាចំណតដឹកទំនិញសំខាន់របស់ក្រុមហ៊ុននឹងបង្កើនសមត្ថភាពកុងតឺន័រ (TEU) ទំហំ ២០ ហ្វីត ចំនួន ២០០,០០០។ TEU គឺជាស្តង់ដារនៃការវាស់វែងសមត្ថភាពដឹកទំនិញនៅក្នុងឧស្សាហកម្មដឹកជញ្ជូន។
ក្រុមហ៊ុននេះក៏កំពុងស្វែងរកបង្កើតប្រតិបត្តិករកប៉ាល់ខ្នាតធំនៅខាងក្រៅចំណតអន្ដរជាតិ Cai Mep International Terminal ផងដែរដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនបរទេសចម្បងរបស់ខ្លួននៅ Cai Mep ប្រទេសវៀតណាម ដែលមានចម្ងាយតែ ៥០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងហូជីមិញ៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា