លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យប្រទេសហ្វីលីពីនពិចារណាក្នុងការទិញអង្ករកម្ពុជាបន្ថែមទៀតឬវិនិយោគលើវិស័យស្រូវនៅទីនេះ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា សំណើររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះត្រូវបានធ្វើឡើងក្នុងពេលដែលលោកបានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជានៅវិមានសន្តិភាពកាលពីម្សិលមិញ។ នេះបើយោងតាម លោកអ៊ាង សុផល្លែត ដែលជាជំនួយការលោកនាយករដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវ អគ្គរដ្ឋទូតហ្វីលីពីនថា កម្ពុជាមានអង្ករនៅសល់ជាច្រើនប្រមាណ៦លានតោនក្នុងមួយឆ្នាំ ក្នុងន័យនេះ សម្តេចតេជោក៏បានស្នើឲ្យហ្វីលីពីន ពិនិត្យមើលលទ្ធភាពពិចារណា អំពីស្ថិរភាពស្បៀងជាអង្ករ ដែលមាននៅកម្ពុជាសម្រាប់ការនាំចេញទៅប្រទេសហ្វីលីពីន។
ក្រៅពីនេះ សម្តេចតេជោបានមានប្រសាសន៍ថា ហ្វីលីពីន អាចមកដាក់ទុនវិនិយោគនៅក្នុងកម្ពុជាយើងបាន តាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីន។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា លោកជំទាវ Maria Amelita C.Aquino បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីអំពីទីផ្សារអង្ករនៅប្រទេសហ្វីលីពីននិងបានសន្យាលើកទឹកចិត្តដល់វិនិយោគិនឱ្យវិនិយោគលើវិស័យស្រូវអង្កររបស់ប្រទេសកម្ពុជា។
ប្រទេសកម្ពុជាបាននាំចេញអង្ករប្រមាណជា ៧៥០ ០០០ តោននៅឆ្នាំ ២០២០។ នេះបើយោងតាមនាយកប្រតិបត្តិជាន់ខ្ពស់នៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ។
ក្នុងអំឡុងពេលប្រកាសនាំចេញអង្ករប្រចាំឆ្នាំរបស់ខ្លួន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានមានប្រសាសន៍ថាតម្រូវការអង្ករកម្ពុជានៅលើទីផ្សារពិភពលោកកំពុងកើនឡើង។
លោកថា៖ «បើទោះបីគ្រោះរាំងស្ងួតនិងទឹកជំនន់បានជះឥទ្ធិពលដល់ផលិតកម្មក៏ដោយ ការនាំចេញបានស្ទុះឡើងនៅចុងខែតុលានៅពេលដែលកសិករចាប់ផ្តើមប្រមូលផលឡើងវិញ»។
ជាមួយគ្នានេះផងដែរ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងឲ្យដឹងកាលពីពេលកន្លងទៅថា ការនាំចេញអង្ករពីប្រទេសកម្ពុជាក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២០ បានកើនឡើង ១៦,៩ ភាគរយ ដែលឈានដល់ចំនួន ៦០១ ០៤៥ តោន បើធ្វើការប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបានបន្ថែមថាក្នុងចំណោមការនាំចេញ អង្ករជាង ៤៨១ ០០០ តោនជាប្រភេទអង្ករក្រអូបនិង ១១៣ ៧០៣ តោនគឺជាអង្ករស ខណៈពេលដែលចំនួនប្រមាណជា ៦១៥១ តោនជាអង្ករស្ងោ។
លោក វេង សាខុន បានបន្តថា៖ «ប្រទេសជាង ៦០ បានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ ខែដំបូង ក្នុងនោះមានប្រទេសចំនួន ២៤ ក្នុងចំណោម ២៧ ប្រទេសនៅក្នុងសហភាពអ៊ឺរ៉ុប ចិន (រួមមាន ហុងកុង ម៉ាកាវ និងតៃវ៉ាន់) សមាជិកអាស៊ានចំនួន ៦ និងប្រទេសចំនួន ២៩ ផ្សេងទៀត។
គិតចាប់ពីខែមករាដល់ខែវិច្ឆិកា អង្ករប្រមាណជា ២៣៤.៩៤០ តោន (៣៩.០៩ ភាគរយ) ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ១៨៨.៤៣៦ តោន (៣១,៣៥ ភាគរយ) ទៅកាន់សហភាពអឺរ៉ុប ៧៨.២០៨ តោន (១៣.០១ ភាគរយ) ទៅកាន់អាស៊ាន និង ៩៩.៤៦១ តោន (១៦.៥៥ ភាគរយ) ទៅកាន់គោលដៅផ្សេងទៀតនៅក្នុងប្រទេសចំនួន ២៩ ។ នេះបើយោងតាមការឲ្យដឹងពី លោក វេង សាខុន។
លោកបន្តថា សម្រាប់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ប្រទេសកម្ពុជាបាននាំចេញអង្ករដែលមានចំនួនប្រមាណជា ៦៤ ៧៤០ តោន៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា