cellcard cellcard cellcard

កម្ពុជា និងជប៉ុន បើកវេទិការដ្ឋ-ឯកជនលើកទី ២ ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន»

សុខ ចាន់ / Khmer Times Share:
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ទី១ រាប់ពីស្ដាំ) ចូលរួមវេទិការដ្ឋ-ឯកជនលើកទី ២ ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុនតាមប្រព័ន្ធអនឡាញ។ សហការី

វេទិកាលើកទី ២ ស្ដីពីការពង្រឹងការអភិវឌ្ឍទីក្រុងនានារបស់កម្ពុជាឱ្យទៅជាទីក្រុងដែលមានភាពឆ្លាតវៃបានធ្វើឡើងតាមប្រព័ន្ធអនឡាញរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន។

វេទិការដ្ឋ-ឯកជនលើកទី២ ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” រៀបចំឡើងក្នុងគោលបំណងបន្តជំរុញបង្កើតឱកាសធុរៈកិច្ច និងវិនិយោគពីប្រទេសជប៉ុន មកប្រទេសកម្ពុជាស្តីពីនគរូបនីយកម្ម ដោយផ្តោតលើការអភិវឌ្ឍទីក្រុងឆ្លាតវៃ។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តម បានបន្ថែមទៀតថាវេទិកានេះក៏ត្រូវបានរៀបចំឡើងដើម្បីពង្រឹងបាននូវសាមគ្គីភាពនិងមិត្តភាពនៃប្រជាជាតិយើងទាំងពីរកម្ពុជា-ជប៉ុន ខណៈដែលពិភពលោកទាំងមូលកំពុងជួបប្រឈមនឹងការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបណ្តាលមកពីវីរ៉ូសកូវីដ-១៩ ដែលជាក់ស្តែង បាននិងកំពុងបង្កឱ្យមានផលប៉ះពាល់មកលើសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជារួមមាន វិស័យទេសចរណ៍ វិស័យឧស្សាហកម្មកាត់ដេរ វិស័យសំណង់ វិស័យហិរញ្ញវត្ថុ វិស័យអប់រំ និងសុខុមាលភាពសង្គមពិសេសស្រី្ត កុមារ ជនជាតិដើមភាគតិច ជនងាយរងគ្រោះ និងអ្នកដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តម AKABA Kazuyoshi រដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុនក៏បានថ្លែងឲ្យដឹងនៅក្នុងវេទិការដ្ឋ-ឯកជននេះថាប្រទេសជប៉ុននឹងចែករំលែកការអនុវត្តនិងបទពិសោធន៍ល្អៗ ជាមួយប្រទេសកម្ពុជាទាក់ទងនឹងនគរូបនីយកម្មជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ជា សុផារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុនដល់ប្រជាជនកម្ពុជា តាមរយៈសមិទ្ធផលជាច្រើនមានដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិនិងស្ពានសំខាន់ៗ ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធគ្រប់គ្រងទឹកជំនន់ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ការអភិវឌ្ឍវារីអគ្គិសនី ការជួសជុលប្រាសាទបុរាណ ការការពារបរិស្ថាន ការកំចាត់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏ដូចជាការបណ្តុះបណ្តាលដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជា។

ឯកឧត្តម បានបន្ថែមទៀតថាតាមរយៈវេទិការដ្ឋ-ឯកជនលើកទី១ ភាគីទាំងពីរបានជំរុញការអភិវឌ្ឍទីក្រុងដោយផ្តោតលើការអភិវឌ្ឍឆ្លាតវៃ ដោយទីក្រុងចំនួន ៣ បានចូលក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន គឺរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប។

ឯកឧត្តម បន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងមានតួនាទីគន្លឹះក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម អភិវឌ្ឍទីផ្សារការងារ លើកស្ទួយសហគ្រាសធុនតូច-មធ្យម លើកកម្ពស់ប្រសិទ្ធភាពធុរកិច្ច ពង្រីកភាពជាដៃគូរវាងវិស័យរដ្ឋនិងវិស័យឯកជន និងពង្រឹងការប្រកួតប្រជែងក្នុងបរិការណ៍នៃ “បដិវត្តន៍ឧស្សាហកម្មទី ៤»។

ឯកឧត្តមក៏បានមានប្រសាសន៍ឲ្យដឹងផងដែរថាតាមរយៈយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ បានផ្តោតយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម និងការអភិវឌ្ឍទីក្រុង ដែលមានបរិស្ថានរស់នៅល្អ ធានាគុណភាព សុវត្ថិភាព សោភណភាព សុខុមាលភាព និងប្រសិទ្ធភាពសង្គម-សេដ្ឋកិច្ច តាមគោលការណ៍ទីក្រុងឆ្លាតវៃ ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈការអភិវឌ្ឍនិងពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស ផ្សារភ្ជាប់យុទ្ធសាស្រ្តសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទីក្រុង ជាមួយការអភិវឌ្ឍនគរូបនីយកម្ម។

ឯកឧត្តម បន្ថែមថា ជាផ្លែផ្កានៃនគរូបនីយកម្ម និងការអភិវឌ្ឍអចលនទ្រព្យនិងសំណង់បានក្លាយជាសសរស្តម្ភស្នូលដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល ២០ឆ្នាំ (២០០០-២០២០) មានប្រមាណ ៦០ ៨៧២លានដុល្លារ។

ក្នុងខែមករាឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៤៤ គម្រោងដែលមានទំហំទឹកប្រាក់ចំនួន ២,៧៩ ពាន់លានដុល្លារក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ ស្មើនឹង ៣៤០ លានដុល្លារដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសកម្ពុជា៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

កម្ពុជាស្នើដល់ហ្វីលីពីនក្នុងការបង្កើនវិស័យស្រូវអង្កររបស់ប្រទេសកម្ពុជាបន្ថែមទៀត

Next Article

រដ្ឋាភិបាលចេញអនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​