cellcard cellcard cellcard

រដ្ឋាភិបាលចេញអនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​

សុខ ចាន់ / Khmer Times Share:
រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ដែលនឹងតម្រូវឱ្យបណ្តាញអ៊ីនធឺណិតទាំងអស់ឆ្លងកាត់ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ។ KT/ទេព សូនី

រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ (NIG) ដែល​អាចជួយ​សម្រួល និង​គ្រប់គ្រង​ការតភ្ជាប់​បណ្ដាញអ៊ីនធឺណិតនានានៅក្នុងស្រុកនិងអន្តរជាតិ។

អនុក្រឹត្យនេះក៏នឹងពង្រឹងប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​លើ​ការកៀរគរ​ចំណូលជាតិ ការពារសន្ដិសុខ​ជាតិ និការថែរក្សា​របៀបរៀបរយ​សណ្តាប់ធ្នាប់​សង្គម វប្បធម៌ និងប្រពៃណីជាតិ។ អនុក្រឹត្យនេះត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបានចេញនៅថ្ងៃអង្គារនេះ ខណៈដែលអនុក្រិត្យនេះមានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធនិងប្រតិបត្តិការសេវាអ៊ិនធឺណិតទាំងអស់នៅក្នុងប្រទេសកម្ពុជា។

មានន័យថាច្រកទ្វារអ៊ីនធឺណិតក្នុងប្រទេស និងច្រកទ្វារអ៊ីនធឺណិតអន្តរជាតិនៃច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ត្រូវធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យនិងក្រុងបាវិតនៃខេត្តស្វាយរៀង ក៏ដូចជានៅតាមទីតាំងមួយចំនួនទៀតស្របតាមតម្រូវការជាក់ស្តែង ដោយមានការឯកភាពពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិត្រូវបានចាត់ទុកថាជាប្រព័ន្ធច្រក​ទ្វារ​អ៊ីនធឺណិតតែមួយដើម្បីធ្វើឱ្យការគ្រប់គ្រងបណ្តាញមានប្រសិទ្ធិភាពនៅក្នុងប្រទេស។ វានឹងបង្កើតប្រព័ន្ធច្រកចេញចូលតែមួយដើម្បីភ្ជាប់បណ្តាញអ៊ិនធរណេតក្រៅប្រទេសទាំងអស់តាមរយៈចំណុចតែមួយនិងសន្សំសំចៃថ្លៃដើមសម្រាប់វិស័យទូរគមនាគមន៍របស់ប្រទេសកម្ពុជា។

យោងតាមអនុក្រឹត្យ ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិត្រូវតែមានប្រតិបត្តិករដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលតាមរយៈរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

អនុក្រឹត្យដដែលចែងថាបុគ្គលដែលមានបំណងធ្វើប្រតិបត្តិការច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ ត្រូវតែដាក់ពាក្យសុំអាជ្ញាប័ណ្ណពីនិយតករទូរគមនាគមន៍កម្ពុជា (TRC) ។ ល័ក្ខខ័ណ្ឌ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំ ផ្ដល់ ព្យួរ និងដកហូតអាជ្ញាប័ណ្ណនឹងត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

អនុក្រឹត្យបន្ថែមថា៖ «ក្រៅពីកាតព្វកិច្ចដែលមានចែងនៅក្នុងច្បាប់ទូរគមនាគមន៍ ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតនិងបុគ្គលពាក់ព័ន្ធទាំងអស់ត្រូវភ្ជាប់ឬ ភៀរីងបណ្តាញរបស់ខ្លួនជាមួយនឹងច្រកទ្វារអ៊ីនធឺណេតក្នុងប្រទេសដែលស្ថិតនៅក្រោមការត្រួតពិនិត្យនិងប្រតិបត្តិការដោយប្រតិបត្តិករនៃច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ»។

«ការតភ្ជាប់និង/ឬភៀរីងបណ្តាញរបស់ប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិត និងបុគ្គលពាក់ព័ន្ធនេះត្រូវអនុវត្តសម្រាប់ការផ្លាស់ប្ដូរត្រាហ្វ៊ិកក្នុងប្រទេស តាមរយៈច្រកអ៊ីនធឺណិតក្នុងប្រទេស និងអាចទទួលយកការតភ្ជាប់អាយភីអិលស៊ី ពីក្រៅប្រទេសតាមរយៈច្រកទ្វារអ៊ិនធឺណេតអន្តរជាតិ»។

អ្នកផ្តល់សេវាទូរគមនាគមន៍ទាំងអស់ដែលភ្ជាប់ជាមួយប្រតិបត្តិកររបស់ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ ត្រូវតែតម្រូវឱ្យអ្នកប្រើប្រាស់បណ្តាញនិងសេវាកម្មទូរគមនាគមន៍បំពេញបែបបទនិងបញ្ចូលអត្តសញ្ញាណប័ណ្ណដើម្បីគោរពតាមបទប្បញ្ញត្តិ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការបង្រ្កាបអំពីល្មើសទាក់ទងនឹងការតភ្ជាប់ និងប្រើប្រាស់ប្រព័ន្ធអ៊ិនធរណេតឆ្លងដែនខុសច្បាប់។

អនុក្រឹត្យនេះបានបន្តថាប្រតិបត្តិកររបស់ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ ត្រូវផ្តល់របាយការណ៍ត្រាហ្វ៊ិកជូនក្រសួងប្រៃសណីយ៍ និងនិយតករទូរគមនាគមន៍កម្ពុជាប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំក្នុងរយៈពេល ៧ ថ្ងៃ​ ក្រោយដំណាច់ខែត្រីមាស ឆមាស នព្វមាស និងឆ្នាំនីមួយៗ។

ឯកឧត្តម ជា វ៉ាន់ដេត  រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថាកាលពីខែសីហាកន្លងទោក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រតិបត្តិករទូរគមនាគមន៍ថាអនុក្រឹត្យ​ស្ដីពី​ ​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ គឺមានគោលបំណងប្រមូលចំណូលជាតិនៅក្នុងវិស័យនេះនិងលើកកម្ពស់ប្រសិទ្ធភាពនៃការតភ្ជាប់អ៊ីធឺណិតរបស់ប្រទេស។

លោកថាតាមរយៈការអនុម័តអនុក្រឹត្យនេះ ប្រទេសកម្ពុជានឹងមានក្របខ័ណ្ឌច្បាប់ច្បាស់លាស់ដើម្បីគ្រប់គ្រងច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ។

លោករដ្ឋមន្រ្តីបន្ថែមថាថ្លៃភ្ជាប់បណ្តាញនឹងមានចំនួនតិចតួចដើម្បីចៀសវាងការដាក់បន្ទុកហិរញ្ញវត្ថុបន្ថែមលើប្រតិបត្តិករ។

លោក ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដែលទើបត្រូវបានតែងតាំង បានថ្លែងថាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងផ្តល់ការពន្យល់ច្បាស់លាស់លើបញ្ហានេះដល់សាធារណជន។

ទោះជាយ៉ាងណាក៏ដោយ លោក Jeff Paine នាយកគ្រប់គ្រងសម្ព័ន្ធ​អ៊ីនធើរណិត​អាស៊ី (AIC) បានថ្លែងឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៨ ខែធ្នូឆ្នាំ ២០២០ ថាអនុក្រឹត្យនេះនឹងមិនអាចសម្រេចបាននូវគោលបំណងដែលបានចែងនៃការលើកកម្ពស់ប្រសិទ្ធភាពនៃការតភ្ជាប់អ៊ីធឺណិតរបស់ប្រទេសកម្ពុជាឡើយ។

លោកថាអ្វីដែលអនុក្រឹត្យនេះធ្វើបានគឺផ្តល់អំណាចដល់រដ្ឋាភិបាលដើម្បីរារាំងមាតិកាអ៊ិនធរណេតឬការភ្ជាប់បណ្តាញតាមអំពើចិត្តដោយធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ប្រជាជនក្នុងការចូលប្រើអ៊ីនធឺណិត ធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសេរីភាពនៃការបញ្ចេញមតិ ការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ និងភាពឯកជនរបស់អ្នកប្រើប្រាស់។

លោកបានបន្ថែមទៀតថាការធ្វើចរាចរណ៍អ៊ីនធឺណេតអន្តរជាតិទាំងអស់តាមរយៈច្រកចូលតែមួយអាចធ្វើឱ្យល្បឿនអ៊ីនធឺណេតកាន់តែពិបាក និងបង្កើនហានិភ័យសុវត្ថិភាពតាមអ៊ីនធឺណិត ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់អ៊ីនធឺណេតទាំងអស់នៅក្នុងប្រទេសរួមទាំងអាជីវកម្មកម្ពុជាដែលមានវត្តមាននៅលើអ៊ីនធឺណិតផងដែរ។

លោកបន្តថា៖ «ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបដិសេធជម្រើសរបស់ប្រជាជនរបស់ខ្លួនចំពោះបណ្តាញអ៊ីនធឺណិតពិភពលោកនឹងធ្វើឱ្យរាំងស្ទះដល់ការច្នៃប្រឌិត ការវិនិយោគបរទេស និងធ្វើឱ្យកំណើនសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាធ្លាក់ចុះ»៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

កម្ពុជា និងជប៉ុន បើកវេទិការដ្ឋ-ឯកជនលើកទី ២ ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន»

Next Article

ស្នងការស្រុកដែលទើបនឹងត្រូវបានផ្អាកការងារត្រូវបានគេចោទប្រកាន់ពីបទជួញដូរមនុស្ស