លោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀងដែលត្រូវបានដកហូតឋានៈ និងបណ្តេញចេញពីការងារ ត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្សនៅសាលាដំបូងខេត្តបាត់ដំបងកាលពីម្សិលមិញ។
តុលាការបានចោទប្រកាន់ និងឃុំខ្លួនលោក គឹម ពន្លក អាយុ ៤៦ ឆ្នាំពីបទជួញដូរពលករចំណាកស្រុកដោយខុសច្បាប់ឲ្យទៅធ្វើការនៅប្រទេសថៃបន្ទាប់ពីរដ្ឋាភិបាលហាមឃាត់ពលរដ្ឋមិនឲ្យទៅធ្វើការនៅក្រៅប្រទេសអំឡុងមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩។
ចៅក្រម ឃី ឆាយ បានកំណត់អត្តសញ្ញាណលោក គឹម ពន្លក ជាអតីតអធិការនគរបាលស្រុកកំរៀងដែលរស់នៅក្នុងភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែខេត្តបាត់ដំបង។
លោកបាននិយាយថាជនជាប់ចោទត្រូវបានចោទប្រកាន់ពីបទ « នាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន» តាមមាត្រា ១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ
ប្រសិនបើត្រូវបានផ្តន្ទាទោស លោកនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ។
ចៅក្រមបាននិយាយថាលោក ពន្លក ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររង់ចាំការជំនុំជម្រះ។
លោកវរសេនីយ៍ត្រី មុំ សារឿន ស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់កាសែតខ្មែរថាមស៍ថាលោក គឹម ពន្លក ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌប៉ូលីស [ដែលត្រូវបានលុបចេញពីបញ្ជីឈ្មោះនគរបាលជាតិ] កាលពីថ្ងៃច័ន្ទបន្ទាប់ពីរូបភាពបែកធ្លាយបានបង្ហាញថាលោកបានបញ្ជូនមនុស្ស ៥ នាក់ឲ្យទៅធ្វើការខុសច្បាប់នៅប្រទេសថៃកាលពីថ្ងៃទី ៨ ខែកុម្ភៈ។ ។
លោកបានបន្តថាយោងតាមការស៊ើបអង្កេតរបស់ប៉ូលីស ក្រៅពីការជួញដូរមនុស្សទាំង ៥ នាក់ឲ្យទៅធ្វើការខុសច្បាប់នៅប្រទេសថៃកាលពីថ្ងៃទី ៨ ខែកុម្ភៈ។ ក្នុងខែមករាលោក ពន្លក ដែលនៅពេលនោះជាអធិការនគរបាលស្រុកកំរៀងបានដោះលែង មេខ្យល់ ចំនួន ២ នាក់ដោយមិនបានបញ្ជូនពួកគេទៅតុលាការខេត្តដើម្បីសាកសួរបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនដោយប៉ូលីសស្រុកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់។
លោកបានកត់សម្គាល់ថា មេខ្យល់ទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៣ ខែមករាបន្ទាប់ពីពួកគេបានព្យាយាមធ្វើជួញដូរមនុស្សចំនួន ៤ នាក់ឲ្យទៅធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃតាមរយៈការឆ្លងដែនក្រៅកន្លែងត្រួតពិនិត្យស្របច្បាប់នៅព្រំដែនកម្ពុជា-ថៃ។
លោក សារឿន បានបន្ថែមថាប៉ូលីសដែលកំពុងល្បាតតាមព្រំដែនបានជួយសង្គ្រោះជនរងគ្រោះពីមេខ្យល់ទាំងនោះ៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី