cellcard cellcard cellcard

រដ្ឋាភិបាលបានរិះគន់អតីតបក្សប្រឆាំងដែលបានអំពាវនាវឲ្យប្រជាជន«លើកម្រាមដៃបី»​

បែន សុខហ៊ាន / Khmer Times Share:
រូបភាពរួមបញ្ចូលគ្នាដែលបង្ហាញលោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយដោយតុលាការនិងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ សហការី

កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានរិះគន់គណបក្សសង្គ្រោះជាតិដែលរំលាយដោយតុលាការចំពោះការអំពាវនាវឲ្យប្រជាជនអនុម័ត និងអនុវត្តការលើកម្រាមដៃបី ដែល​ត្រូវ​បាន​ប្រើដោយក្រុមអ្នកតវ៉ានៅប្រទេសមីយ៉ាន់ម៉ា និងថៃ។

លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិកំពុងជំរុញប្រជាជននៅលើបណ្តាញសង្គម ឲ្យអនុវត្តការលើកម្រាមដៃបី ដែលត្រូវបានអនុវត្តដោយក្រុមបាតុករនៅប្រទេសមីយ៉ាន់ម៉ា និងថៃប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេ។ លោកស្រីបានអំពាវនាវដល់ប្រជាជន«ឲ្យងើបឈរជាមួយប្រជាជនមីយ៉ាន់ម៉ាពីព្រោះវាជាសិទ្ធិ និងកាតព្វកិច្ចរបស់យើង»។

លោកស្រីបន្តថាប្រជាជនកម្ពុជាចង់បាន «សេរីភាព យុត្តិធម៌ និងប្រជាធិបតេយ្យពិត» ដោយអំពាវនាវឲ្យប្រជាជនក្រោកឈរឡើងដូចប្រជាជនមីយ៉ាន់ម៉ាដែលបានក្រោកប្រឆាំងនឹងរដ្ឋប្រហារយោធារបស់មីយ៉ាន់ម៉ា។

លោកស្រីបាននិយាយនៅក្នុងឃ្លីបវីដេអូមួយដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ​ថា៖ «ពេលនេះ យើងលើកម្រាមដៃបីសម្រាប់អាស៊ាន ភូមា ថៃ កម្ពុជា និងប្រទេសដ៏ទៃ។ សូមងើបឈឡើង ដោយយកពលរដ្ឋភូមាជាគំរូរបស់យើង»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននិយាយកាលពីម្សិលមិញថាសកម្មភាពរបស់អតីតគណបក្សសង្គ្រោះជាតិគឺពិតជាគួរឲ្យអស់សណើចណាស់។ ស្ថានភាពនយោបាយនៅកម្ពុជាមិនដូចនៅប្រទេសមីយ៉ាន់ម៉ាទេ។

លោកបន្តថា៖ «ការប្រៀបធៀបសភាពការនៅភូមា ថៃ និងកម្ពុជាគឺមិនដូចគ្នាទេ ពីព្រោះគណបក្សប្រជាជនគឺជាគណបក្សកាន់អំណាច ដូច្នេះហើយ យើងគ្មានហេតុផលណាមួយក្នុងការធ្វើរដ្ឋប្រហារ ឬដណ្ដើមអំណាចពីអ្នកដែលគ្មានអំណាចនោះទេ»។

ក្រុមអ្នកតវ៉ានៅពាសពេញប្រទេសមីយ៉ាន់ម៉ាបានអនុវត្តយុទ្ធនាការលើកម្រាមដៃបីដែល​ត្រូវ​បាន​បង្ហាញ​ក្នុងភាព​យន្ត «Hunger Game» ដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេស។ ពួកគេក៏កំពុងអំពាវនាវដល់យោធាឲ្យដោះលែងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី Win Myint ដែលអ្នកទាំងពីរត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី ១ ខែកុម្ភៈ។

លោកនិយាយថាអតីតគណបក្សសង្គ្រោះជាតិមិនទាន់បានបោះបង់ចោលនូវមហិច្ឆតាដែលញុះញង់ប្រជាជនឲ្យធ្វើបាតុកម្មម្តងប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជានោះទេ។

លោកបន្តថា៖ «ក្នុងគំនិតរបស់គាត់ គឺគាត់ចង់ញុះញ៉ុងយុវជនកម្ពុជា ប្រជាជន ក៏ដូចជាកងទ័ពងើបឡើង[ប្រឆាំងរដ្ឋាភិបាល]។ តែសកម្មភាពនេះនឹងបរាជ័យ»។​

លោកថាបើគាត់គ្រាន់តែស្រែកពីខាងក្រៅមកក្នុងចំងាយរាប់ម៉ឺនគីឡូម៉ែតគឺវាជារឿងឥតប្រយោជន៍ទេ។

លោកបន្ថែមថា៖ ««ពួកគេប្រកាសឲ្យកងទ័ព កម្មករ និងប្រជាជន ងើបឡើង ថាតើមាននរណាខ្លះបានងើបឡើង? គឺគ្មាន ដោយសារតែពួកគាត់គាំទ្រគណបក្សប្រជាជនកម្ពុជា»។

លោកសុខ ឥសាន ក៏បានលើកឡើងអំពី យុទ្ធនាការម្រាមដៃស្អាត ដែលធ្វើឡើងដោយអតីតគណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោតជាតិឆ្នាំ ២០១៨ ។ យុទ្ធនាការនេះត្រូវបានផ្តួចផ្តើមឡើងដោយលោក សម រង្ស៊ី​អតីតមេដឹកនាំគណបក្សប្រឆាំងដែលជាមធ្យោបាយមួយដើម្បីបន្តការអំពាវនាវរបស់លោកឲ្យធ្វើពហិការការបោះឆ្នោត។

លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្លាប់បានចំអកឲ្យមេដឹកនាំគណបក្សប្រឆាំងដែលបានអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតអំឡុងពេលបោះឆ្នោតជាតិឆ្នាំ ២០១៨ ដោយនិយាយថាលទ្ធផលដែលទទួលបានគឺផ្ទុយទៅវិញ ។ ចំនួនអ្នកទៅបោះឆ្នោតនៅពេលនោះត្រូវបានគេរាយការណ៍ថាមានចំនួន ៨៣,០២ ភាគរយ។

លោក សុខ ឥសាន បាននិយាយថា៖ «ពលរដ្ឋមិនជឿលើការឃោសនារបស់ក្រុមឧទ្ទាមក្រៅច្បាប់ទេ។ ខ្ញុំជឿថាបើទោះបីជាពួកគាត់ប្រើប្រាស់ល្បិចកល ក្នុងការញុះញ៉ុងកងទ័ព និងប្រជាជនយ៉ាងណាក៏ដោយ គឺគ្មាននណាគេធ្វើតាមគាត់ទេ។ ការញុះញ៉ុងគឺគ្រាន់តែជាល្បិចកលថ្មី ប៉ុន្តែពួកគេនឹងមិនទទួលបានលទ្ធផលដូចការចង់បានទេ»។។

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

ស្នងការស្រុកដែលទើបនឹងត្រូវបានផ្អាកការងារត្រូវបានគេចោទប្រកាន់ពីបទជួញដូរមនុស្ស

Next Article

ក្រសួងជំរុញការចាក់វ៉ាក់សាំងសម្រាប់​កងកម្លាំង​ជួរមុខ​នៅតាមបណ្តាខេត្ត