ក្រសួងសុខាភិបាលបានចាប់ផ្តើមជំរុញការបណ្តុះបណ្តាលគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៅតាមបណ្តាខេត្តនានាអំពីនីតិវិធីចាក់វ៉ាក់សាំង បែបនេះទើបពួកគេអាចបន្តបណ្តុះបណ្តាលគ្រូពេទ្យដទៃទៀតក្នុងការចាក់វ៉ាក់សាំងដល់កងកម្លាំងជួរមុខដែលរងហានិភ័យខ្ពស់ ជាពិសេសនៅតាមតំបន់ព្រំដែន។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងបាននិយាយកាលពីម្សិលមិញថាបុគ្គលិកសុខាភិបាលចំនួន ៩០ នាក់មកពីបណ្តាខេត្តទទួលបានការបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃគឺនៅថ្ងៃអង្គារ និងម្សិលមិញនៅមន្ទីរពេទ្យព្រះកុសមៈ និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកក្នុងរាជធានីភ្នំពេញ។
លោកស្រីបន្តថា៖ «ឥឡូវនេះយើងកំពុងរៀបចំវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យដើម្បីគ្រប់គ្រងការចាក់វ៉ាក់សាំងនៅតាមខេត្តនានាដែលនៅជិតព្រំដែន»។
លោកស្រីបន្ថែមថាមូលហេតុដែលក្រសួងសុខាភិបាលផ្តោតសំខាន់លើខេត្តនានាគឺដោយសារតែករណីឆ្លងជំងឺកូវីដ-១៩ ត្រូវបានរកឃើញក្នុងចំណោមពលករចំណាកស្រុកមួយចំនួនធំដែលត្រឡប់មកពីបរទេសវិញ។
លោកស្រីថាមន្រ្តីសុខាភិបាលដែលទទួលបានការបណ្តុះបណ្តាលនឹងវិលត្រឡប់ទៅខេត្តរៀងៗខ្លួនហើយបន្តបណ្តុះបណ្តាលសហសេវិករបស់ពួកគេដើម្បីចាក់វ៉ាក់សាំងដល់កងកម្លាំងជួរមុខ។
ទោះយ៉ាងណា លោកស្រីមិនអាចផ្តល់នូវពេលវេលាកំណត់ថាតើពេលណាទើបកិច្ចការនេះនឹងត្រូវបញ្ចប់នោះទេ។ ក្រសួងនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៅដំណាក់កាលក្រោយៗ។
កាលពីម្សិលមិញក្រសួងសុខាភិបាលក៏បានធានាដល់សាធារណជនផងដែរថាអ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកបានប្រកាសថាវ៉ាក់សាំងនេះត្រូវបានប្រើដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតដោយមានប្រសិទ្ធភាព។ ហើយក៏អាចប្រឆាំងនឹងវីរុសកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មីដែលត្រូវបានរកឃើញថាឆ្លងពីចក្រភពអង់គ្លេសផងដែរ។ ថ្មីៗនេះមានជនបរទេស ៣ នាក់ដែលបានហោះចូលមកប្រទេសហើយបានឆ្លងជំងឺនេះ។
លោកស្រីបានផ្តល់ការធានាបន្ទាប់ពីជនជាតិឥណ្ឌាពីរនាក់ និងជនជាតិចិនម្នាក់ត្រូវបានគេរកឃើញថាបានឆ្លងវីរុសនេះពីចក្រភពអង់គ្លេសដែលគេស្គាល់ថាជាវីរុស B.1.1.7។ ជនជាតិឥណ្ឌាដែលបានហោះ មកប្រទេសកម្ពុជាតាមជើងហោះហើរឆ្លងកាត់ប្រទេសសិង្ហបុរីកាលពីថ្ងៃពុធសប្តាហ៍មុន ខណៈជនជាតិចិនបានហោះហើរឆ្លងកាត់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យ។
លោកស្រីថាវីរុសដែលបំប្លែងខ្លួនថ្មីមកពីចក្រភពអង់គ្លេសអាចរាលដាលកាន់តែលឿន និងកាន់តែកាចសាហាវជាងមុន។
លោកស្រីបន្តថា៖ «ទោះបីជាវីរុសបានវិវត្តខ្លួនក៏ដោយ ក៏អ្នកវិទ្យាសាស្ត្របាននិយាយថាវ៉ាក់សាំងដែលត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាសកលគឺមានប្រសិទ្ធភាពប្រឆាំងនឹងវា»។
លោកស្រីក៏បានជំរុញឲ្យសាធារណជនមានការប្រុងប្រយ័ត្នចំពោះវីរុសកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មី និងជួយការពារកុំឲ្យចូល ឬឆ្លងមកប្រទេសកម្ពុជា។
លោកស្រីនិយាយថា៖ «វីរុសប្រភេទថ្មីនេះអាចឆ្លង និងរាលដាលបានឆាប់រហ័សណាស់ដូច្នេះសូមកុំធ្វេសប្រហែស និងព្រងើយកន្តើយនឹងលទ្ធភាពដែលអាចកើតមានឡើងអី។ យើងមិនដឹងថាតើពេលណាមេរោគប្រភេទថ្មីនេះអាចឆ្លងរាលដាលដល់សហគមន៍នោះទេ»។
លោកស្រីបន្តថាកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការឆ្លងចូលគឺអាស្រ័យលើការអនុវត្តយ៉ាងតឹងរឹងនូវវិធានការរបស់ក្រសួងសុខាភិបាល។
លោកស្រីបន្ថែមថា៖ «ទោះយ៉ាងណា យើងតម្រូវឲ្យអ្នកដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជាធ្វើចត្តាឡីស័ក។ ប្រសិនបើមានករណីវិជ្ជមានហើយមានបុគ្គលណាដែលមិនបានចត្តាឡីស័កត្រឹមត្រូវទេនោះ វានឹងបង្កឲ្យមានហានិភ័យនៃការឆ្លងក្នុងសហគមន៍»។
យោងតាមរបាយការណ៍នៃការបំប្លែងខ្លួនថ្មីរបស់វីរុស SARS-CoV-2 (ត្រូវបានគេស្គាល់ជា 20I / 501Y.V1, VOC 202012/01, ឬ B.1.1.7) បានលេចចេញនៅចក្រភពអង់គ្លេសជាមួយនឹងការបំប្លែងខ្លួនដែលមានចំនួនធំ។ វីរុសដែលបំប្លែងខ្លួននេះត្រូវបានគេរកឃើញនៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោករួមទាំងសហរដ្ឋអាមេរិកផងដែរ។ នៅក្នុងខែមករា អ្នកវិទ្យាសាស្ត្រមកពីចក្រភពអង់គ្លេសបានរាយការណ៍ភស្តុតាងដែលបង្ហាញថាវីរុសដែលបំប្លែងខ្លួន B.1.1.7 អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃការស្លាប់ បើប្រៀបធៀបជាមួយវីរុសដែលបំប្លែងខ្លួនផ្សេងទៀត។ ត្រូវការការសិក្សាបន្ថែមទៀតដើម្បីបញ្ជាក់ពីការរកឃើញនេះ។ វីរុសដែលបំប្លែងខ្លួននេះត្រូវបានគេរាយការណ៍នៅសហរដ្ឋអាមេរិកនៅចុងខែធ្នូ។
នៅក្នុងប្រទេសប្រេស៊ីលវីរុសដែលបំប្លែងខ្លួន SARS-CoV-2 (ត្រូវបានគេស្គាល់ថា P.1) បានលេចចេញដំបូងដែលត្រូវបានគេរកឃើញនៅក្នុងអ្នកដំណើរបួននាក់មកពីប្រទេសប្រេស៊ីលបន្ទាប់ពីការធ្វើតេស្តក្នុងកំឡុងពេលត្រួតពិនិត្យជាប្រចាំនៅអាកាសយានដ្ឋានហាន់ដា នៅខាងក្រៅទីក្រុងតូក្យូប្រទេសជប៉ុន។ វីរុសដែលបំប្លែងខ្លួននេះមានបម្រែបម្រួលប្លែកៗចំនួន ១៧ ក្នុងនោះមានបីនៅក្នុងដែនភ្ជាប់របស់ផ្នែកទទួលប្រូតេអ៊ីន។ វាត្រូវបានរកឃើញនៅសហរដ្ឋអាមេរិកនៅចុងខែមករា។
យោងតាមអង្គការសុខភាពពិភពលោក (WHO) គិតត្រឹមថ្ងៃទី ២ ខែកុម្ភៈករណីដែលបាននាំចូល ឬការចម្លងក្នុងសហគមន៍នៃវីរុស B.1.1.7 ត្រូវបានរាយការណ៍នៅក្នុង ៨០ ប្រទេស។
អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា B.1.1.7 កំពុងកើនឡើងទ្វេដងនៅអាមេរិករៀងរាល់ ១០ ថ្ងៃ។ ដោយយ៉ាងហោចណាស់មានអត្រាឆ្លង ៣៥ ទៅ ៤៥ ភាគរយខ្ពស់ជាងវីរុសមុន។ ស្រដៀងគ្នានេះដែរ អ្នកវិទ្យាសាស្ត្របានរកឃើញវីរុសដែលបំប្លែងខ្លួន 501Y.V2 ដែលត្រូវបានរកឃើញដំបូងនៅ Nelson Mandela Bay នៅអាហ្វ្រិកខាងត្បូងនៅដើមខែតុលាដោយមានការឆ្លងប្រហែល ៥០ ភាគរយលឿនជាងវីរុសស៊េរីមុន។ វាក៏បានធ្វើឲ្យមានការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងនៅទូទាំងទ្វីបអាហ្រ្វិកភាគខាងត្បូងក៏ដូចជា Seychelles និង Mauritius។ យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថាគិតត្រឹមថ្ងៃទី ២ ខែកុម្ភៈឆ្នាំ 501Y.V2 ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ៤១ ខណៈដែលប្រទេសចំនួន ១០ ត្រូវបានគេរាយការណ៍ថាបានរកឃើញវីរុស P1 ដែលត្រូវបានគេឃើញដំបូងគេនៅក្នុងប្រទេសប្រេស៊ីល។
ជាមួយគ្នានេះលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអំពាវនាវដល់ពលករខ្មែរនៅប្រទេសថៃកុំប្រញាប់ប្រញាល់ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោកបានចេញសេចក្តីអំពាវនាវនៅថ្ងៃអង្គារនេះអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់មណ្ឌលចត្តាឡីស័កស្រុកកំរៀងខេត្តបាត់ដំបង។
លោកក៏បានណែនាំដល់ពលករចំណាកស្រុកដែលបានវិលត្រឡប់ឲ្យរកការងារធ្វើនៅក្នុងស្រុកឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានមុនពេលព្យាយាមស្វែងរកការងារនៅក្រៅប្រទេសហើយប្រឈមនឹងហានិភ័យនៃជំងឺនេះ។
លោកបានកត់សម្គាល់ថារដ្ឋាភិបាលតាមរយៈក្រសួងការងារកំពុងជួយធានាសុវត្ថិភាពដល់ពលករ និងកំពុងរៀបចំការបណ្តុះបណ្តាលជំនាញរយៈពេលខ្លីដល់ពលករដែលបានបាត់បង់ការងារ។
លោកនិយាយថា៖ «អ្នកដែលចង់ទៅលេងស្រុកកំណើតដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះជាមួយក្រុមគ្រួសារ គឺពួកគេមិនគួរធ្វើដូច្នេះទេដើម្បីការពារការរីករាលដាលនៃកូវីដ-១៩ ។
លោកបន្តថាពលករចំណាកស្រុកដែលមានដីស្រែចម្ការគួរតែដាំដំណាំឲ្យបានច្រើនតាមដែលអាចធ្វើទៅបានហើយមិនត្រូវឆ្លងដែនចូលប្រទេសថៃដើម្បីស្វែងរកការងារធ្វើនោះទេ ព្រោះប្រទេសថៃកំពុងមានការកើនឡើងនូវករណីឆ្លងខ្ពស់នៅតាមសហគមន៍ និងខេត្តមួយចំនួន។
លោកក៏បានសំណូមពរដល់អាជ្ញាធរខេត្តដែលនៅជិតព្រំដែនថៃបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះមេខ្យល់ដែលនាំពលករចំណាកស្រុកឆ្លងដែនខុសច្បាប់ដើម្បីរត់គេចពីការធ្វើចត្តាឡីស័ក។
នៅក្នុងការអភិវឌ្ឍមួយទៀតមេខ្យល់ ២ នាក់ដែលបាននាំពលករចំណាកស្រុកឆ្លងដែនខុសច្បាប់មកពីប្រទេសវៀតណាមត្រូវបានចាប់ខ្លួនដោយនគរបាលព្រំដែនខេត្តកំពតនៅម៉ោង ៣ ព្រឹកម្សិលមិញ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ទ ស្នងការនគរបាលខេត្តកំពតបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាមេខ្យល់ ២ នាក់ដែលនាំពលករចំណាកស្រុកឆ្លងដែនខុសច្បាប់ត្រូវបានចាប់ខ្លួននៅភូមិកោះចំកា បឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច។
លោកបានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ ហន់ ថន អាយុ ៤៣ ឆ្នាំមកពីភូមិនិងឈ្មោះ ហុន វីកា អាយុ ៣៣ ឆ្នាំរស់នៅភូមិថ្កូវ ស្រុកកំពង់ត្រាច។
លោកបាននិយាយថាប៉ូលីសក៏បានចាប់ខ្លួនជនជាតិវៀតណាម ៣ នាក់ដែលចូលមកតាមមេខ្យល់។ ហើយម្នាក់ក្នុងចំណោមនោះបានសារភាពថាគាត់ពិតជាឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់មែន
ប៉ូលីសបានប្រគល់ពួកគេទាំង ៣ នាក់អោយទៅឆ្មាំព្រំដែនវៀតណាមហើយបានស្នើអោយភាគីវៀតណាមផ្តល់ព័ត៌មានស្តីពីលទ្ធផលនៃការធ្វើតេស្ត។ ប៉ូលីសកំពុងចាត់ការតាមច្បាប់ប្រឆាំងនឹងមេខ្យល់ទាំងពីរនាក់៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី