cellcard cellcard cellcard

មេភូមិត្រូវបានព្យួរពីការងារ​ដោយសារ​លួច​កិបកេង​លុយ​ប័ណ្ណ​ក្រីក្រ​របស់​ស្ត្រីចំណាស់ម្នាក់

ប៊ុត រស្មីគង្គា / Khmer Times Share:
លោកមេភូមិ​ លួង ឡុង ត្រូវបានព្យួរពីការងារដោយសារបទលួចលុយដែលរដ្ឋាភិបាលផ្តល់ឲ្យសម្រាប់គម្រោងប័ណ្ណក្រីក្រ។ CNC

លោកមេភូមិដំរីស្លាបត្រូវបានបញ្ឈប់ពីការងារកាលពីម្សិលមិញ បន្ទាប់ពីត្រូវបានគេរកឃើញថាបានលួចប្រាក់ជិត ៣០០ ដុល្លារពីស្ត្រីចំណាស់ម្នាក់ដែលក្រីក្រតាមរយៈគម្រោងប័ណ្ណក្រីក្រ។

លោក កែវ កញ្ចនា អភិបាលរងស្រុកកំពង់ស្វាយបានកំណត់អត្តសញ្ញាណបុរសនោះថាមានឈ្មោះ លួង ឡុង អាយុ ៥៧ ឆ្នាំរស់នៅឃុំដំរីស្លាប ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

លោកនិយាយថាចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ថវិកាប្រមាណ ៣៦.​២៥ ដុល្លារដល់ប្រជាជនវ័យចំណាស់ដែលក្រីក្រ និងអ្នកដែលរស់នៅជាមួយជនពិការជារៀងរាល់ខែ។

លោកបន្តថាជំនួយហិរញ្ញវត្ថុរបស់លោកនាយករដ្ឋមន្ត្រីត្រូវបានផ្តល់និងចែកចាយដល់ជនក្រីក្រតាមរយៈអាជ្ញាធរមូលដ្ឋាន។

លោក កែវ កញ្ចនា បន្ថែមថាកាលពីខែឧសភាឆ្នាំមុនលោក លួង ឡុង មិនបានផ្តល់ជំនួយហិរញ្ញវត្ថុដល់លោកយាយ ខុម ណាវី អាយុ ៦៣ ឆ្នាំដែលមានប័ណ្ណក្រីក្រ ខណៈគាត់មិនអាចមកបើកថវិការដោយសារគាត់កំពុងស្នាក់នៅជាមួយកូនប្រុសនៅឯខេត្តបាត់ដំបង។

លោកនិយាយថា លោក លួង ឡុង បានផ្ទេរជំនួយផ្នែកហិរញ្ញវត្ថុរបស់លោកយាយា ណាវី ទៅកូនប្រុសរបស់ខ្លួនដែលជាពលករចំណាកស្រុកដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញកាលពីខែឧសភាឆ្នាំមុន។

លោកបន្តថារឿងអាស្រូវនេះត្រូវបានបែកធ្លាយទៅអាជ្ញាធរស្រុកបន្ទាប់ពីកូនប្រុសរបស់លោកយាយ ណាវី បានជូនដំណឹងដល់ពួកគេហើយបានស្នើសុំអន្តរាគមន៍នៅថ្ងៃទី ១៣ ខែកុម្ភៈ។

លោកបន្ថែមទៀតថាបន្ទាប់ពីទទួលបានពាក្យបណ្តឹង អាជ្ញាធរខណ្ឌបានធ្វើការស៊ើបអង្កេតហើយបានរកឃើញថាលោក លួង ឡុង បានលួចផ្ទេរប្រាក់ដើម្បីជាជំនួយដល់កូនប្រុសរបស់គាត់។

លោកបានប្រាប់កាសែតខ្មែរថាមស៍ថា៖ «អំឡុងពេលសាកសួរលោក ឡុង បានសារភាពថាលោកបានប្រព្រឹត្តបទល្មើសដោយសារលោកបានយកប្រាក់របស់លោកយាយ ណាវី ទៅប្រគល់ឲ្យកូនប្រុសដោយសារជាអ្នកក្រីក្រដែរ ហើយទើបតែបានវិលត្រឡប់មកពីប្រទេសថៃក្នុងកំឡុងពេលមានការផ្ទុះឡើងនៃជំងឺកូវី-១៩»។

លោកបន្ថែមថា៖ «បន្ទាប់ពីគាត់បានសារភាព និងទទួលស្គាល់កំហុស ក្រុមប្រឹក្សាស្រុកកាលពីថ្ងៃច័ន្ទបានសម្រេចព្យួរការងារគាត់ដែលជាមេភូមិដំរីស្លាប់»។

លោកបាននិយាយថាអាជ្ញាធរស្រុកកាលពីម្សិលមិញបានបង់ថ្លៃខូចខាតដល់លោកយាយ ណាវី។

លោកវរសេនីយ៍ឯក ថុន ពុទ្ធី អធិការនគរបាលស្រុកកំពង់ស្វាយបាននិយាយថាលោក លួង ឡុង មិនត្រូវបានចាប់ខ្លួនទេព្រោះគាត់សន្យាថានឹងសងប្រាក់ទៅជនរងគ្រោះវិញ។

ទោះយ៉ាងណា លោកបន្ថែមថាប្រសិនបើលោក លួង ឡុង បំពានការសន្យារបស់ខ្លួន ឬប្រព្រឹត្តិបទឧក្រិដ្ឋថ្មីណាមួយនៅពេលដែលគាត់ត្រូវបានព្យួរពីការងារគាត់នឹងត្រូវចាប់ខ្លួន និងបញ្ជូនទៅតុលាការ៕

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

ក្រសួងជំរុញការចាក់វ៉ាក់សាំងសម្រាប់​កងកម្លាំង​ជួរមុខ​នៅតាមបណ្តាខេត្ត

Next Article

ប្រជាជនកម្ពុជាត្រូវបានជម្រុញឲ្យមានការចូលរួមពានរង្វាន់អាស៊ានឆ្នាំ២០២១