កាសែតខ្មែរថាមស៍មានសេចក្តីទុក្ខក្រៀមក្រំជាអណេកកប្បការ ក្រោយពីបានទទួលដំណឹងថាថាលោក ជាង សុខា ជាអតីតនិពន្ធនាយករបស់យើងបានទទួលមរណភាពដោយសាររោគគាពាធក្នុងវ័យ ៤២ ឆ្នាំនាវេលាម៉ោង ៦ និង ៣០ នាទីនៅពេលព្រឹកនេះ។
អស់រយៈពេលជាង ២ ទសវត្សនៃអាជីពរបស់លោកនៅក្នុងវិស័យសារព័ត៌មាន លោកជាង សុខា គឺជាឥស្សរជនដ៏សំខាន់មួយរូបក្នុងការលើកកម្ពស់វិស័យសារព័ត៌មាននិងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ព្រមទាំងត្រូវបានមនុស្សជាច្រើនទទួលស្គាល់ផងដែរចំពោះវិជ្ជាជីវៈដ៏មានកម្រិតខ្ពស់ ក៏ដូចជាភាពក្លាហាននិងភាពជាអ្នកដឹកនាំរបស់លោក។
លោកជាង សុខា បានចូលរួមជាមួយកាសែតខ្មែរថាមស៍នៅឆ្នាំ ២០១៥ ហើយក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅបានចូលរួមចំណែកយ៉ាងសម្បើមក្នុងដំណើររបស់កាសែតខ្មែរថាមស៍ឆ្ពោះទៅរកការក្លាយជាកាសែតដែលមានការរីកចម្រើនលឿនជាងគេនៅក្នុងតំបន់ និងជាសារព័ត៌មានភាសាអង់គ្លេសលេចធ្លោជាងគេនៅកម្ពុជា។
លោកត្រូវបានគេកំណត់ឱ្យចូលកាន់មុខតំណែងជានិពន្ធនាយកកាសែតខ្មែរថាមស៍វិញនៅថ្ងៃទី ៤ ខែមករាឆ្នាំ ២០២១ ក៏ប៉ុន្តែអការៈជំងឺរបស់លោកបានរារាំងលោកក្នុងការត្រលប់មករកការបំពេញការងារវិញបាន។
ការចូលរួមវិភាគទានយ៉ាងច្រើនរបស់លោក ជាង សុខា ដល់វិស័យសារព័ត៌មានរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានទទួលស្គាល់ជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ ២០១៩ នៅពេលដែលលោកត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មាន។
គ្រួសាររបស់លោក ជាង សុខានៅថ្ងៃនេះ បាត់បង់ស្វាមីដ៏អស្ចារ្យនិងឪពុកប្រកបដោយព្រហ្មវិហារធម៌ម្នាក់ ប៉ុន្តែសម្រាប់បុគ្គលិកទាំងអស់នៅកាសែតខ្មែរថាមស៍ ការបាត់បង់លោក ជាង សុខា ជាការបាត់បង់មេដឹកនាំនិងសហការីម្នាក់ដែលតែងតែបង្ហាញពីក្តីស្រឡាញ់និងការគាំទ្រដោយគ្មានលក្ខខណ្ឌ និងមិនដែលស្ទាក់ស្ទើរក្នុងការលះបង់ដើម្បីប្រយោជន៍រួម។
កាសែតខ្មែរថាមស៍សូមចូលរួមរម្លែកមរណទុក្ខជាមួយគ្រួសារ មិត្តភក្តិ និងមិត្តរួមការងាររបស់លោក ជាង សុខា និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅដល់សុគតិភព៕