កាលពីថ្ងៃច័ន្ទ មេខ្យល់ម្នាក់ក្នុងចំណោមបក្ខពួកចំនួនបីនាក់ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្សត្រូវបានចាប់ខ្លួនដោយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យ។
ករណីនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃទី ១៨ ខែមករា។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថាជនសង្ស័យត្រូវបានប្រទះឃើញដោយកម្លាំងល្បាតមូលដ្ឋានកងពលតូចថ្មើរជើងលេខ ៥០៣ ដែលព្យាយាមនាំប្រជាជនខ្មែរឲ្យទៅធ្វើការនៅប្រទេសថៃដែលរួមមានភេទប្រុស និងស្រីចំនួន ១១ នាក់ហើយក្នុងនោះមានទារកអាយុ ៣ ខែផងដែរ។
លោកបន្ថែមថាជនសង្ស័យមានអាយុ ៣៦ ឆ្នាំដែលត្រូវបានគេស្គាល់ឈ្មោះ ប៉ិក ឌត មកពីភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកនិយាយថា៖ «ពលករត្រូវបានគេនាំទៅកាន់មណ្ឌលសំចតឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ»។
លោកបន្ថែមថាជនសង្ស័យត្រូវបានឃាត់ខ្លួនដែលដឹកនាំដោយក្រុមរបស់លោកនៅឯមណ្ឌល ហើយនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយចេកដើម្បីធ្វើការសាកសួរនិងចាត់ការតាមច្បាប់។
លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថាជនសង្ស័យបានសារភាពថាបក្ខពួក ២ នាក់របស់គាត់បានរត់គេចខ្លួនពេលបានឃើញអាជ្ញាធរដោយបានប្រាប់ឈ្មោះថា ឡុំ និង ថា។
ពួកគេពិតជាបាននាំពលករនិងកុមារឆ្លងព្រំដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ក្នុងតម្លៃ ៣,៣៤ ដុល្លារ។
លោកបន្ថែមថាជនសង្ស័យ និងពលករករកំពុងដើរទៅកាន់តំបន់ ស នៃព្រំដែននៅពេលដែលកម្លាំងយោធាបានឃាត់ខ្លួនពួកគេ។
លោកថាជនសង្ស័យត្រូវបានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសាកសួរមុនពេលបញ្ជូនទៅសាលាដំបូងខេត្ត។
ប្រែសម្រួលដោយ សៀវ គួយអ៊ី