ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ នឹងវិលត្រឡប់ពីការព្យាបាលនៅប្រទេសបារាំង ដើម្បីដឹកនាំគណប្សរាជានិយមហ៊្វុនស៊ិនប៉ិចនៅខែក្រោយ បន្ទាប់ពីមិនបានចូលប្រឡូកក្នុងនយោបាយអស់រយៈពេលជាច្រើនឆ្នាំ ហើយបានប្រគល់ទំនួលខុសត្រូវដល់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាកូនប្រុសច្បងរបស់ព្រះអង្គឲ្យគ្រប់គ្រងគណបក្ស ខណៈទ្រង់មានបទពិសោធន៍តិចតួចនៅក្នុងនយោបាយក្នុងដំណែងជាប្រធានស្តីទីរបស់គណបក្ស។
ជាមួយគ្នានេះដែរលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃគណបក្សប្រឆាំងគ្រោងនឹងចុះបញ្ជី គណបក្សប្រឆាំង ថ្មីមួយជាមួយក្រសួងមហាផ្ទៃនៅចុងខែនេះ បន្ទាប់ពីបាត់បង់ក្តីសង្ឃឹមថាអតីតគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយដោយតុលាការរបស់លោកមិនអាចស្តារឡើងវិញបាន។
លោក ផាន់ សិទ្ធី អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបាននិយាយក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារថាព្រះរាជសុខភាពរបស់ព្រះអង្គបានប្រសើរឡើងច្រើន បន្ទាប់ពីការព្យាបាលរយៈពេលវែងនៅប្រទេសបារាំង។
លោកបន្តថា៖ «សុខភាពរបស់ព្រះអង្គបានប្រសើរជាងមុន ទ្រង់អាចដើរដោយអង្គឯងបាន។ ព្រះអង្គអាចមានលទ្ធភាពមកដឹកនាំគណបក្សដោយផ្ទាល់វិញបាន។ គណបក្ស ហ៊្វុនស៊ិនប៉ិច គ្រោងធ្វើសមាជគណបក្ស នៅថ្ងៃទី២៧ ខែកុម្ភៈខាងមុខ»។
គណបក្សហ៊្វុនស៊ិនប៉ិចកាន់តែចុះខ្សោយទៅៗដោយសារតែគណបក្សបានឈ្នះអាសនៈចំនួន ៤៣ ក្នុងការបោះឆ្នោតជាតិឆ្នាំ ១៩៩៨ និងឈ្នះអាសនៈ ចំនួន ២៦ ក្នុងឆ្នាំ ២០០៣ និងមានបានឈ្នះអាសនៈតែ ២ ប៉ុណ្ណោះនៅឆ្នាំ ២០០៨ មុនពេលត្រូវបានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៣ ដោយមិនទទួលបានអាសនៈសម្បីតែមួយ។
លោក សិទ្ធី បាននិយាយថា៖ «យើងសង្ឃឹមយ៉ាងមុតមាំថាគណបក្សហ៊្វុនស៊ិនប៉ិចនឹងទទួលបានអាសនៈនៅក្នុងការបោះឆ្នោតលើកក្រោយ។ បច្ចុប្បន្ន គណបក្សត្រូវបានគេមើលឃើញថាមានភាពស្ងាត់ស្ងៀម ប៉ុន្តែយើងកំពុងរៀបចំរចនាសម្ព័ន្ធដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតទូទៅនាពេលខាងមុខ»។
កាលពីខែសីហាឆ្នាំ ២០១៨ ព្រះអង្គម្ចាស់ រណឬទ្ធិ បានជ្រើសរើសកូនប្រុសច្បងរបស់ព្រះអង្គឲ្យចូលកាន់ដំណែងនៅក្នុងគណបក្សជំនួសក្នុងអវត្តមានរបស់ទ្រង់ អំឡុងពេលព្យាបាលនៅប្រទេសថៃបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវដែលបានសម្លាប់ភរិយារបស់ទ្រង់គឺអ្នកម្នាង អ៊ុក ផល្លា កាលពីខែមិថុនាឆ្នាំ ២០១៨ ។
កាលពីខែធ្នូឆ្នាំមុនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតទៅព្រះមហាក្សត្រនរោត្តម សីហមុនី ដើម្បីផ្លាស់ប្តូរសមាជិកបីរូបនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាន់ខ្ពស់ (SCC) នៃគណបក្សហ៊្វុនស៊ិនប៉ិច។ ដែលរួមមានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ លោក ពេជ្រ សូជេថ្ថា និងលោក រស់ សាផន ដែលសមាជិកជាន់ខ្ពស់នៃគណបក្ស។
ក្រោយមកព្រះមហាក្សត្របានយល់ព្រមក្នុងការផ្លាស់ប្តូរតំណែងទាំងបីនេះជាមួយសមាជិកដទៃទៀតមកពីគណបក្សហ៊្វុនស៊ិនប៉ិច ដែលរួមមានលោក ហេង ចាន់ថា លោក អាំង សំបូរ និងលោក ឯម យិន វរៈ។
លោក ហេង ចាន់ថា ដែលជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចថ្មីបាននិយាយថាគណបក្សរបស់លោកបានត្រៀមខ្លួនយ៉ាងល្អដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ ២០២២ ក៏ដូចជាការបោះឆ្នោតតំណាងរាស្រ្តនៅឆ្នាំ ២០២៣ ។
លោកបន្ថែមថា៖ «គណបក្សហ៊្វុនស៊ិនប៉ិចសូមប្រកាសជាសាធារណៈថាព្រះអង្គម្ចាស់ រណឫទ្ធិ មានព្រះរាជសុខភាពល្អបន្ទាប់ពីព្រះអង្គមានជំងឺអស់រយៈពេលជាយូរបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ។ បច្ចុប្បន្ននេះទ្រង់កំពុងរៀបចំគណបក្សដើម្បីចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ។ ព្រះអង្គបានរៀបចំគណបក្សឡើងវិញចាប់ពីថ្នាក់លើដល់ថ្នាក់មូលដ្ឋាន»។
លោកបន្តថាព្រះអង្គម្ចាស់ រណឫទ្ធិ បានចេញពីមន្ទីរពេទ្យហើយកំពុងស្នាក់នៅឯគេហដ្ឋានមួយនៅប្រទេសបារាំងដោយរង់ចាំការវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
នៅពេលត្រូវបានសួរថាតើគណបក្សហ៊្វុនស៊ិនប៉ិចមានយុទ្ធសាស្ត្រណាមួយដើម្បីស្តារប្រជាប្រិយភាពឡើងវិញក្នុងការទទួលបានអាសនៈសភានោះ លោកបានថ្លែងថា គណបក្សបានត្រៀមយុទ្ធសាស្រ្តថ្មីដើម្បីទទួលបានប្រជាប្រិយភាព។
លោកនិយាយថាគណបក្សហ៊្វុនស៊ិនប៉ិចកាន់តែខ្សោយដោយសារតែការបែកបាក់គ្នាក្នុងចំណោមមេដឹកនាំគណបក្សនាពេលកន្លងមកដោយហៅវាថា ជា «ជំងឺ» មួយ។
លោកបន្តថា៖ «យើងបានរកឃើញជំងឺនេះហើយ ដែលខ្ញុំតែងតែនិយាយថាយើងហ៊ានទទួលស្គាល់ថាជំងឺរបស់គណបក្សហ៊្វុនស៊ិនប៉ិចគឺការបែកខ្ញែកទៅជាហ្វូងតូចៗ។ បន្ទាប់ពី គណបក្សបានវិលត្រឡប់ទៅបោះឆ្នោតនៅឆ្នាំ ១៩៩៨ យើងបានបែងចែកជា ៩ ក្រុមពីគ្នាហើយបានបន្តបែកបាក់គ្នាដោយសារតែការយល់ច្រលំ»។
លោកបន្ថែមទៀតថា៖ «សម្រាប់យុទ្ធសាស្ត្រថ្មី ព្រះអង្គម្ចាស់អំពាវនាវឲ្យបំភ្លេចបញ្ហាចាស់ៗនិងចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិចថ្មីដើម្បីឲ្យប្រជាជនដែលធ្លាប់គាំទ្ររូបលោកមកគាំទ្រព្រះអង្គម្តងទៀត»។
គណបក្សហ៊្វុនស៊ិនប៉ិចបានឈ្នះការបោះឆ្នោតតំណាងរាស្រ្តលើកដំបូងដែលត្រូវបានរៀបចំឡើងដោយអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជាក្នុងឆ្នាំ ១៩៩៣ ដោយទទួលបានអាសនៈចំនួន ៥៨ ក្នុងចំណោមរដ្ឋសភាចំនួន ១២០ ខណៈគណបក្សប្រជាជនទទួលបាន ៥១ ។
ព្រះអង្គម្ចាស់ រណឫទ្ធិបានក្លាយជា នាយករដ្ឋមន្រ្តីទីមួយ ខណៈពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជា នាយករដ្ឋមន្រ្តីទី ២។ ព្រះអង្គម្ចាស់ រណឫទ្ធិត្រូវបានគេទម្លាក់ពីអំណាចបន្ទាប់ពីការប្រយុទ្ធគ្នារវាងកងកម្លាំងស្មោះត្រង់នឹងព្រះអង្គនិងលោក ហ៊ុន សែនក្នុងឆ្នាំ ១៩៩៧ ។
អាសនៈគណបក្សហ៊្វុនស៊ិនប៉ិចនៅក្នុងរដ្ឋសភាបានកាត់បន្ថយរាល់ការបោះឆ្នោត និងបាត់បង់អាសនៈទាំងអស់ក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ និង ២០១៨ ។ គណបក្សនេះក៏ត្រូវបានគេរិះគន់ផងដែរបន្ទាប់ពីខ្លួនទទួលបានអាសនៈចំនួន ៤១ ក្នុងចំណោម ៥៥ របស់រដ្ឋសភាដែលធ្វើឡើងដោយគណបក្សសង្គ្រោះជាតិដែលត្រូវបានបែកចេញបន្ទាប់ពីគណបក្សនោះត្រូវបានរំលាយដោយតុលាការកំពូលក្នុងឆ្នាំ ២០១៧ ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីលទ្ធិប្រជាធិបតេយ្យបានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថា គណបក្សហ៊្វុនស៊ិនប៉ិចលែងនឹងលែងទទួលបានការគាំទ្រគ្រប់គ្រាន់ពីអ្នកបោះឆ្នោតដើម្បីទទួលបានអាសនៈរដ្ឋសភានៅក្នុងការបោះឆ្នោតបន្ទាប់ហើយ។
លោកបន្តថា៖ «ចាប់តាំងពីការបោះឆ្នោតមុន នៅពេលដែលព្រះអង្គម្ចាស់ រណឫទ្ធិ ជាប្រធាន គណបក្សហ៊្វុនស៊ិនប៉ិចមិនមានប្រជាប្រិយភាពគ្រប់គ្រាន់ ឬទទួលបានការទុកចិត្តពីប្រជាជនក្នុងការទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ដើម្បីទទួលបានអាសនៈនៅក្នុងរដ្ឋសភាទេ»។
ដោយសំដៅទៅលើការទទួលយកអាសនៈរបស់អតីតគណបក្សសង្គ្រោះជាតិលោកបាននិយាយថា៖ « បន្ទាប់ពីព្រឹត្តិការណ៍ឆ្នាំ ២០១៧ គណបក្សហ៊្វុនស៊ិនប៉ិច ក៏ដូចជាព្រះអង្គម្ចាស់ រណឫទ្ធិ បានបន្តបាត់បង់ប្រជាប្រិយភាព»។
លោកបន្ថែមថា៖ «ដូច្នេះសម្រាប់ខ្ញុំក្នុងនាមជាអ្នកសង្កេតការណ៍សង្គម ខ្ញុំមើលមិនឃើញថាព្រះអង្គម្ចាស់ រណឫទ្ធិ នៅតែមានឥទ្ធិពលក្នុងការទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីឈ្នះអាសនៈ ឬទទួលបានការគាំទ្រសម្រាប់ការបោះឆ្នោតនាពេលខាងមុខទែ។ ដោយទ្រង់ជរាហើយមានជំងឺ ដូច្នេះវាពិបាកក្នុងការដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចឲ្យត្រឡប់មកវិញដូចគ្រាព្រះអង្គនៅក្មេងណាស់ នៅអំឡុងពេលដែលទ្រង់អាចបង្ហាញប្រជាជនអំពីសក្តានុពល ឬគោលនយោបាយរបស់គណបក្ស»។
នៅក្នុងព័ត៌មានទាក់ទិននឹងការខកខាននៃផែនការវិលត្រលប់ពីនិរទេសដើម្បីស្វែងរក ការផ្សះផ្សារជាតិរបស់ឥស្សរជនអតីតគណបក្សសង្គ្រោះជាតិដែលរំលាយដោយតុលាការកំពូល។ គណបក្សប្រឆាំងថ្មីមួយនឹងលេចចេញនៅចុងខែនេះដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
លោក ច័ន្ទរ័ត្ន បានប្រាប់កាសែតខ្មែរថាមស៍ថាលោកនឹងចុះឈ្មោះគណបក្សនេះជាមួយក្រសួងមហាផ្ទៃ។ ដោយលោកមិនមានសង្ឃឹមថាគណបក្សសង្គ្រោះជាតិនឹងអាចស្តារឡើងវិញសម្រាប់ចូលបម្រើការងារនៅក្នុងការបោះឆ្នោតលើកក្រោយនោះទេ។
លោកបន្តថា៖ «យើងនឹងចុះបញ្ជីគណបក្សថ្មីមួយដែលមិនលើសពីខែនេះ។ យើងនឹងសម្រេចជាផ្លូវការលើឈ្មោះគណបក្ស ឈ្មោះសមាជិកស្ថាបនិក និងរូបសញ្ញាគណបក្ស»។
លោកបន្ថែមថាលោកមិនជឿថាលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសនៅប្រទេសបារាំងអាចវិលត្រឡប់មកប្រទេសវិញបានទេ ដោយសារលោកត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋផ្សេងៗ ខណៈដែលលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិនៅតែប្រឈមនឹងការចោទប្រកាន់ពីបទ ក្បត់ជាតិ។
លោកថា៖ «ខ្ញុំមិនគិតថាពួកគេមានឱកាសស្តារគណបក្សសង្គ្រោះជាតិឡើងវិញទេ ដូច្នេះការរង់ចាំអតីតមេដឹកនាំគណបក្សប្រឆាំងវិលត្រឡប់មកវិញគឺមិនអាចទៅរួចទេរហូតទាល់តែការបោះឆ្នោតលើកក្រោយ»។
ក្រុមអ្នកវិភាគបានលើកឡើងថាគំនិតផ្តួចផ្តើមបង្កើតគណបក្សថ្មីគ្រាន់តែជាការខិតខំប្រឹងប្រែងរបស់លោក ច័ន្ទរ័ត្ន និងសហការីរបស់លោក ដើម្បីរកកន្លែងបន្តអាជីពនយោបាយរបស់ពួកគេបន្ទាប់ពីទទួលបានការស្តារនីតិសម្បទានយោបាយ។
បច្ចុប្បន្ននេះ សមាជិកជាង ១០ នាក់ក្នុងចំណោមអតីតមេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១១៨ នាក់ត្រូវបានលើកលែងបម្រាមរបស់ពួកគេលើសកម្មភាពនយោបាយ។ រួមមានអតីតសមាជិកសភាលោក សុន ឆ័យ លោក កង គឹមហាក់ លោក ជីវ កត្តា លោកស្រី ទេព សុទ្ធី លោក គង់ បូរ៉ា និងលោក រៀល ខេមរិន្ទ ក៏ដូចជាលោកគង់ គាំ អតីតឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ សព្វថ្ងៃជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោក។
ឥឡូវនេះលោក ខេមរិន្ទ ជាប្រធានគណបក្សអភិរក្សខ្មែរនិយម ខណៈដែលលោក គឹមហាក់ និងលោក កត្តា បច្ចុប្បន្នជាអ្នកបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ។
ប្រែសម្រួលដោយ សៀវ គួយអ៊ី