cellcard cellcard cellcard

ក្រុមប្រឹក្សាសកម្មភាពជនពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់ការពារជនពិការ

សែន ដេវីត / Khmer Times Share:

ក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្រ្តីពាក់ព័ន្ធកាលពីថ្ងៃអង្គារបានពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីពិការភាពដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ជនពិការក្នុងការឆ្លើយតបនឹងវិបត្តិពិភពលោកនាពេលបច្ចុប្បន្ន។

លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបាននិយាយថាសេចក្តីព្រាងវិសោធនកម្មនេះមាន ១០ ជំពូកនិង ១០៨ មាត្រាហើយអនុវត្តទៅតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

លោកបន្តថាសេចក្តីព្រាងវិសោធនកម្មនេះនឹងជួយលើកកម្ពស់ គោរពសិទ្ធិជនពិការ កាត់បន្ថយការរើសអើង និងពង្រឹងសមត្ថភាពជនពិការតាមរយៈការផ្តល់ឱកាសស្មើៗគ្នា បង្កើតការងារ បង្កើនការងារ បង្កើនប្រាក់ចំណូល បង្កើនការធ្វើដំណើរចល័ត និងបង្កើនការទទួលបានការអប់រំ សុខភាព ការងារសង្គម ការចូលរួមក្នុងសកម្មភាពនយោបាយ និងការអភិវឌ្ឍសង្គម។

លោកបន្តថា៖ «យើងសង្ឃឹមថាច្បាប់នេះនឹងបង្កើនការផ្តល់អត្ថប្រយោជន៍បន្ថែមទៀតសម្រាប់ជនពិការទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ សុខភាព ការអប់រំ ការងារ វប្បធម៌ សិល្បៈ និងកីឡា»។

លោកបន្ថែមថាប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលបានបន្សល់ទុកនូវផលវិបាកដល់សង្គមជាច្រើនរួមទាំងអត្រាជនពិការខ្ពស់ផងដែរ។ គ្រោះថ្នាក់ដែលបណ្តាលមកពីគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រោះថ្នាក់ការងារ ចរាចរណ៍ កង្វះអាហារូបត្ថម្ភ និងជំងឺក៏បានបង្កើនចំនួនជនពិការនៅកម្ពុជាដែលភាគច្រើនជាជនក្រីក្រ និងងាយរងគ្រោះបំផុតនៅក្នុងសង្គម។

លោកនិយាយថាតាមរយៈកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រដ្ឋាភិបាលបានខិតខំធ្វើឲ្យប្រសើរឡើងនូវសិទ្ធិសេរីភាព សុខមាលភាព និងគុណភាពជីវិតរបស់ជនពិការ។

លោកបានបន្តថា យុទ្ធជនពិការ និងអតីតមន្រ្តីរាជការដែលមានពិការភាពទទួលបានការគាំទ្រពីរដ្ឋ សេវាស្តារនីតិសម្បទាឥតគិតថ្លៃ ការបណ្តុះបណ្តាលកាយសម្បទា វិជ្ជាជីវៈ អក្ខរកម្មនិងសេវាកម្មភាសាសញ្ញា។

លោកស្រី Sonali Dayaratne តំណាងនិវាសនជនរបស់ UNDP បាននិយាយថា៖ «កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) បានអនុវត្តកម្មវិធីសិទ្ធិជនពិការរបស់ខ្លួនអស់រយៈពេលជិត ១០ ឆ្នាំហើយ ដោយមានការប្តេជ្ញាចិត្តគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិជនពិការរួមទាំងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិមនុស្ស ជនពិការ យុទ្ធសាស្ត្រជនពិការជាតិឆ្នាំ ២០១៩-២០២៣ និងការកែប្រែច្បាប់ជនពិការបច្ចុប្បន្ន»។

នៅថ្ងៃទី ៣ ខែធ្នូឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី ២២ និងទិវាជនពិការអន្តរជាតិលើកទី ៣៨ ។ លោកបន្តថារដ្ឋាភិបាលនៅតែប្តេជ្ញាលើកកម្ពស់សិទ្ធិជនពិការ និងលើកកម្ពស់គុណភាពជីវិតរបស់ពួកគេ។

នៅចុងឆ្នាំ ២០២០ ក្រុមការងាររួមមកពីក្រសួងដឹកជញ្ជូន សុខាភិបាល និងសង្គមកិច្ចបានចេញសេចក្តីណែនាំមួយដោយតម្រូវឲ្យមន្រ្តីចេញប័ណ្ណបើកបរដល់ជនពិការដោយផ្តល់ជូនពួកគេស្របតាមតម្រូវការដែលបានកំណត់។

ដោយបាននិយាយថាជនពិការអាចដាក់ពាក្យសុំប័ណ្ណបើកបរដោយស្របច្បាប់យោងទៅតាមកម្រិតនៃពិការភាពរបស់ពួកគេ។ អាជ្ញាប័ណ្ណនឹងមានសុពលភាពរយៈពេល ១០ ឆ្នាំសម្រាប់ប្រជាជនកម្ពុជានិងមួយឆ្នាំសម្រាប់ជនបរទេស៕

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

ព្រះអង្គម្ចាស់ រណឫទ្ធិ នឹងចូលមកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចម្តងទៀត

Next Article

ធនាគារអភិវឌ្ឍន៍អាស៊ី៖ ឧស្សាហកម្ម ៤.០ អាចនាំដល់ការផ្លាល់ប្តូរនៃជំនាញ និងការងារនៅក្នុងប្រទេសកម្ពុជា