នៅថ្ងៃដែលប្រកាសចេញសាលក្រមលើជនជាប់ចោទពីរនាក់ជុំវិញការដួលរលំអគារកាលពីឆ្នាំមុននៅខេត្តកែបនោះ តុលាការខេត្តកំពតកាលពីម្សិលមិញបានបញ្ជាឲ្យធ្វើការស៊ើបអង្កេតឡើងវិញចំពោះឧប្បត្តិហេតុនេះ។
សេចក្តីសម្រេចនេះធ្វើឲ្យភ្ញាក់ផ្អើលដល់ក្រុមគ្រួសារជនរងគ្រោះចំនួន ៣៦ នាក់ដែលក្នុងនោះមានទាំងកុមារដែលបានបាត់បង់ជីវិត និងកម្មករ ២៣ នាក់ដែលបានរួចផុតពីការដួលរលំនៃសណ្ឋាគារកម្ពស់ ៧ ជាន់ដែលសាងសង់នៅក្នុងទីក្រុងកែបកាលពីថ្ងៃទី ៤ ខែមករាឆ្នាំមុន។
លោក ឯក សារុន និងភរិយា ឈីវ សុធី ដែលជាម្ចាស់អគារត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងបង្កអន្តរាយដល់រាងកាយដោយអចេត្តនាតាមមាត្រា ២០៧ និង ២៣៦ នៃក្រមព្រហ្មទណ្ឌបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួននៅខេត្តព្រះសីហនុប៉ុន្មានថ្ងៃបន្ទាប់ពីពេលដែលអគារបានដួលរលំ។
ទោះយ៉ាងណា ពួកគេត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីពួកគេបានសន្យាថានឹងអនុវត្តតាមលក្ខខណ្ឌរបស់តុលាការសម្រាប់ការនៅក្រៅឃុំ និងបានបង់ប្រាក់ធានាប្រមាណ ៨៧ ០០០ ដុល្លារ។
យោងទៅតាមច្បាប់ បទឃាតកម្មត្រូវបានកំណត់ថាជាអំពើមួយដែលបណ្តាលឲ្យមនុស្សម្នាក់ទៀតស្លាប់ដោយសារការធ្វេសប្រហែស ការមិនពិចារណាឲ្យបានច្បាស់លាស់ ឬការមិនយកចិត្តទុកដាក់។
ការចោទប្រកាន់នេះរួមមានការជាប់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំនិងពិន័យជាប្រាក់រហូតដល់ ១៥០០ ដុល្លារ។
លើសពីនេះទៀត ការបង្កឲ្យមានគ្រោះថ្នាក់ដល់រាងកាយដោយអចេតនា ការបង្ករបួសដល់មនុស្សម្នាក់ទៀតដោយសារការធ្វេសប្រហែស ការមិនពិចារណាឲ្យបានច្បាស់លាស់ ឬការមិនយកចិត្តទុកដាក់។ ការចោទប្រកាន់នេះរួមមានការជាប់ពន្ធនាគារពី ៦ ខែទៅ ២ ឆ្នាំនិងពិន័យជាប្រាក់រហូតដល់ ១០០០ ដុល្លារ។
អ្នកតំណាងរបស់ម្ចាស់អគារបានទម្លាក់កំហុសចំពោះការដួលរលំទៅលើអ្នកម៉ៅការម្នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍នោះ ប៉ុន្តែបាននិយាយថាពួកគេសុខចិត្តផ្តល់សំណងដល់ក្រុមគ្រួសាររបស់អ្នកស្លាប់ ឬរងរបួស។
អំឡុងពេលសវនាការនៅតុលាការមុនពេលចេញសាលក្រម មានការចូលរួមពីក្រុមគ្រួសារជនរងគ្រោះ និងមេធាវីរបស់ពួកគេ លោកចៅក្រម ម៉ែន វណ្ណៈ បានបញ្ជាឲ្យអាជ្ញាធរបើកការស៊ើបអង្កេតករណីនេះឡើងវិញ។
លោក គី តិច ជាប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនកំពុងជួយក្រុមគ្រួសារជនរងគ្រោះ និងអ្នករស់រានមានជីវិតដើម្បីស្វែងរកយុត្តិធម៌បាននិយាយកាលពីម្សិលមិញថាក្រុមរបស់លោកក៏បានចូលរួមក្នុងសវនាការនេះដែរ។
លោកបន្តថា៖ «ទាក់ទងនឹងសាលក្រមតុលាការបានសម្រេចចិត្តចាត់វិធានការដើម្បីសាកសួរសាក្សីនិងអ្នកជំនាញ ៧ នាក់បន្ថែមទៀត»។
ចាប់តាំងពីសប្តាហ៍មុនសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) នៅទូទាំងប្រទេសបានបង្ហោះរូបភាពរបស់ពួកគេកាន់ផ្ទាំងរូបភាព និងប័ណ្ណប្រកាសទាក់ទងនិងអគារដែលដួលរលំដោយអំពាវនាវរកយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះ និងដែលអ្នកនៅរស់មានជីវិត។
សញ្ញាមួយក្នុងចំណោមសញ្ញាជាច្រើនដែលត្រូវបានបង្ហោះលើហ្វេសប៊ុកបាននិយាយថា៖ «ប្រសិនបើអ្នកសម្លាប់កម្មករ អ្នកគួរតែចូលទៅក្នុងគុក»។
សារមួយទៀតបានសរសេរថា៖ «ការដួលរលំអគារមួយនៅខេត្តកែប ដោយមានការស្លាប់មនុស្ស ៣៦ នាក់តែឃាតករបានដោះលែងឲ្យនៅក្រៅឃុំ»។
លោក អ៊ុក អឿន អាយុ ៤៨ ឆ្នាំជាអ្នករស់រានមានជីវិតពីខេត្តព្រៃវែងដែលបានបាត់បង់សមាជិកគ្រួសារចំនួន ៤ នាក់រួមទាំងប្រពន្ធផងដែរ មិនបានចូលរួមក្នុងវគ្គសង្ខេបខ្លីកាលពីម្សិលមិញទេ។ ទោះយ៉ាងណាលោកថាគ្រួសាររបស់លោកមិនសប្បាយចិត្តនឹងសេចក្តីសម្រេចរបស់តុលាការឡើយ។
លោកបន្តថា៖ «យើងពិតជាខកចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការនៅថ្ងៃនេះណាស់។ អាជ្ញាធរបានសន្យាថានឹងរកយុត្តិធម៌ជូនយើង ប៉ុន្តែជាងមួយឆ្នាំក្រោយមកនៅតែមិនទាន់មានដំណោះស្រាយច្បាស់លាស់។ ខ្ញុំមិនដឹងថាពេលណាតុលាការនឹងបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួននោះទេ។ ពួកគេនៅតែបន្តពន្យារពេល»។
លោកបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់តុលាការ ឬអាជ្ញាធរពាក់ព័ន្ធមេត្តាពន្លឿនការស៊ើបអង្កេតរកការពិតនិងបញ្ចប់រឿងក្តីដែលបង្កឲ្យមានការឈឺចិត្តដល់សមាជិកគ្រួសារជនរងគ្រោះទាំងអស់»។
លោក ម៉ិន តាក់ អាយុ ៣៨ ឆ្នាំមកពីខេត្តកំពតដែលបានបាត់បង់កូនប្រុសអាយុ ១៧ ឆ្នាំនិងប្រពន្ធអាយុ ៤២ ឆ្នាំអំឡុងការបាក់រលំអគារបាននិយាយកាលពីម្សិលមិញថាលោកមានទុក្ខព្រួយចំពោះការបាត់បង់នេះ។
លោកនិយាយថា៖ «សូមតុលាការចាត់ការតាមផ្លូវច្បាប់»។
លោក សុខ គីន ប្រធាន BWTUC ដែលកំពុងតាមដានករណីនេះយ៉ាងជិតស្និទ្ធកាលពីម្សិលមិញបានសម្តែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការដោយនិយាយថាក្រុមគ្រួសារជនរងគ្រោះនិងអ្នករស់រានមានជីវិតនៅតែមិនទាន់ត្រូវបានផ្តល់យុត្តិធម៌ឲ្យ។
លោកបានបន្តថា៖ «ខ្ញុំមានការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្ដីសម្រេចរបស់តុលាការខេត្តកំពត ដែលបញ្ជាឲ្យមានការស៊ើបអង្កេតឡើងវិញ។ ខ្ញុំស្នើរឲ្យតុលាការ ឬក៏ភាគីពាក់ព័ន្ធធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ចំពោះអ្នកទទួលខុសត្រូវដែលបណ្ដាលកម្មករស្លាប់ និងរបួសឲ្យខានពុំបាន»។
លោកនិយាយថា៖ «ពួកគាត់ទទួលរងគ្រោះពីបាក់អគារគឺវាគ្រប់គ្រាន់ហើយ ហើយតុលាការ ឬអាជ្ញាធរពាក់ព័ន្ធនៅតែព្យាយាមពន្យាពេលវាលា ជាហេតុធ្វើឲ្យគាត់នៅតែមិនទាន់ទទួលបានយុត្តិធម៌សម្រាប់ករណីនេះ។ យើងសង្កេតឃើញថា ក្នុងករណីថៅកែប្ដឹងកម្មកគឺសំណុំរឿងប្រព្រឹត្តទៅយ៉ាងលឿន ក៏ប៉ុន្តែករណីនេះប្រើពេលជាង១ឆ្នាំហើយ នៅតែពន្យាពេលដដែល»។
លោកថាសមាជិកសហជីពបានធ្វើយុទ្ធនាការនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីទាមទារយុត្តិធម៌។
លោកបន្ថែមថា៖ «បើករណីនេះនៅតែអូសបន្លាយ ខ្ញុំយល់ថាកម្មករងគ្រោះ អាចបាត់បង់ឱកាសក្នុងការទទួលបានសំណងសមរម្យ និងយុត្តិធម៌។ ពួកគាត់មិនអាចអង្គុយរងចាំ ស្ដាប់សវនារហូតទេ ពួកគាត់ត្រូវប្រកការងារដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ»។ ប្រែសម្រួលដោយ សៀវ គួយអ៊ី