លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះបានចេញអនុក្រឹត្យស្តីពីជំហានកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសម្រាប់បេសកកម្មក្នុងស្រុក និងបរទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដោយសារជំងឺកូវីដ-១៩ ។
ដោយបានកំណត់វិធាន និងនីតិវិធីសម្រាប់អនុវត្តថវិកាចំណាយសម្រាប់បេសកកម្មមន្ត្រីរាជការទៅតាមបណ្តាខេត្ត និងនៅបរទេស ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃស្ថាប័ន និងក្រសួង នៃអង្គភាពរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងត្រូវបន្តចំនួនបេសកកម្មដដែលទោះបីប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភនឹងត្រូវកាត់បន្ថយក៏ដោយ។
លោក ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថា៖ «កាលពីមុន ប្រសិនបើមន្ត្រីត្រូវទៅបំពេញបេសកកម្មនៅកន្លែងជាក់លាក់ពីរដងក្នុងមួយខែ ប៉ុន្តែប្រាក់ឧបត្ថម្ភរបស់ពួកគេត្រូវបានកាត់បន្ថយ ពួកគេនឹងទៅបំពេញបេសកកម្មតែម្តងប៉ុណ្ណោះ។ ឥឡូវពួកគេនៅតែត្រូវទៅពីរដងក្នុងមួយខែ»។
លោកបន្តថា៖ «ខ្ញុំសូមលើកទឹកចិត្តបន្ថែមទៀតដល់មន្ត្រីរាជការឲ្យមកមូលដ្ឋាននេះចំនួនបីដងក្នុងមួយខែទោះបីសេដ្ឋកិច្ចមានការលំបាកក៏ដោយ។ យើងគួរតែខិតខំបន្ថែមទៀតដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយប្រជាជន និងរដ្ឋាភិបាល»។
លោកបន្ថែមថារដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ស្តីពីបេសកកម្មនៅបរទេស៖ ការធ្វើដំណើរអាចប្រព្រឹត្តិទៅបានប្រសិនបើចាំបាច់។ ប្រសិនបើមិនចាំបាច់ចូលរួមបេសកកម្មដោយផ្ទាល់នៅបរទេសទេមន្ត្រីអាចធ្វើការ ឬប្រជុំតាមអ៊ិនធរណេត។
លោកនិយាយថា៖ «បើគ្មានជំងឺកូវីដ-១៩ទេ រដ្ឋាភិបាលនឹងតម្លើងប្រាក់ខែដល់មន្ត្រីរាជការ ឬប្រសិនបើពួកគេមិនអាចតម្លើងប្រាក់ខែ រដ្ឋាភិបាលនឹងមិនកាត់បន្ថយប្រាក់ខែទេ។ នេះជាការលើកទឹកចិត្តសម្រាប់មន្ត្រីរាជការ»។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបាននិយាយកាលពីម្សិលមិញថានឹងឆ្នាំនេះវិបត្តិជំងឺកូវីដ-១៩ និងនៅតែបន្ត ដែលនឹងធ្វើឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងក្នុង និងក្រៅប្រទេសមិនអាចធ្វើដំណើរទៅធ្វើការបាន។
លោកបន្តថាទោះបីប្រទេសកម្ពុជាបានបន្ថយវិធានការណ៍ជំងឺកូវីដ-១៩ យ៉ាងតឹងរ៉ឹងបន្ទាប់ពីព្រឹត្តការណ៍ ៣ និង ២៨ វិច្ឆិកាក៏ដោយ ក៏ប្រទេសបរទេស ជាពិសេសនៅអឺរ៉ុប មិនទាន់មានការបើកសម្រាប់ការធ្វើដំណើរនៅឡើយទេ។
លោកបន្ថែមថា៖ «ដូច្នេះ បទប្បញ្ញត្តិសម្រាប់ការកាត់បន្ថយបេសកកម្ម និងចំណាយលើការធ្វើដំណើររបស់មន្ត្រីរាជការមិនប៉ះពាល់ដល់ពួកគេច្រើនទេ។ មន្ត្រីមិនចាំបាច់ទៅប្រជុំ ឬទៅសិក្ខាសាលាដោយផ្ទាល់ទេ ប៉ុន្តែអាចចូលរួមតាមអ៊ីនធរណេតបាន»។
អនុក្រឹត្យស្តីពីបេសកកម្មក្នុងស្រុក និងបរទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអនុវត្តចំពោះសមាជិករដ្ឋាភិបាលរដ្ឋ មន្ត្រី និងប្រតិភូទៅនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក៏ដូចជាសមាជិករាជធានីខេត្ត។
ក្រុមប្រឹក្សាក្រុង ស្រុក និងសង្កាត់។ នេះក៏រួមបញ្ចូលផងដែរនូវមន្ត្រីសាធារណៈគ្រប់ជាន់ថ្នាក់ ទីប្រឹក្សា ជំនួយការ មន្ត្រីកិច្ចសន្យាដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងមុខងារសាធារណៈ និងជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី