មន្ទីរកសិកម្មខេត្តបាត់ដំបងបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកសិករចិញ្ចឹមបសុបក្សី និងអ្នកចិញ្ចឹមមាន់ទាំងអស់ត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ប្រសិនបើពួកគេបានឃើញមាន់ឈឺ និងងាប់។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សី (H5N1) នៅកសិដ្ឋានចិញ្ចឹមសត្វមួយស្ថិតនៅក្នុងភូមិព្រែកតារាំង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងដែលបណ្តាលឲ្យមាន់ងាប់ជាង ១៣០០ ក្បាល។
លោក ឈឹម វជិរា ប្រធានមន្ទីរបាននិយាយកាលពីម្សិលមិញថាការគាំទ្ររបស់ប្រជាជនគឺសំខាន់ណាស់។
លោកបានបន្តថាសាធារណជនគួរតែជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ឬបុគ្គលិកពេទ្យសត្វនៃមន្ទីរកសិកម្ម ប្រសិនបើពួកគេឃើញសត្វបក្សីឈឺ ឬងាប់ ដូច្នេះពួកគេអាចចាប់ផ្តើមធ្វើការស៊ើបអង្កេតជាបន្ទាន់ និងដកហូតសត្វទាំងនោះដើម្បីការពារការរីករាលដាលនៃជំងឺ H5N1 ។
បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺនេះ និយោជិកពីរនាក់នៃកសិដ្ឋានដែលរងផលប៉ះពាល់ត្រូវបានគេបញ្ជាឲ្យបញ្ឈប់ការទាក់ទងជាមួយអ្នកដទៃរហូតដល់អាជ្ញាធរសុខាភិបាលជូនដំណឹងដល់ពួកគេ។
លោក វឿង ប៊ុនរេត មន្ត្រីមន្ទីរសុខាភិបាលខេត្តបាននិយាយថាមន្ត្រីសុខាភិបាលបានយកសំណាកពីកម្មករទាំងពីរនាក់ដែលមានអាយុ ២១ និង ២៨ ឆ្នាំហើយបានបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រក្នុងរាជធានីភ្នំពេញដើម្បីធ្វើការវិភាគ។
លោក អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបាននិយាយថាលទ្ធផលតេស្តបញ្ជាក់ថាពួកគេមិនបានឆ្លងជំងឺទេ។
លោកបន្ថែមថា៖ «យើងធ្វើតេស្ត ពីព្រោះយើងចង់ធ្វើឲ្យប្រាកដថាកម្មករទាំងពីរនាក់មិនបានឆ្លងជំងឺទេដោយសារពួកគេអាចត្រូវបានប៉ះពាល់ដោយសត្វឈឺ ឬបក្សីដែលងាប់»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបាននិយាយថាវីរុសនេះត្រូវបានគេស្គាល់ថាជាវីរុស H5N1 ដែលកម្រឆ្លងពីបក្សីទៅមនុស្ស លុះត្រាតែមនុស្សនោះមានទំនាក់ទំនងជាមួយបក្សីឈឺ ឬងាប់ហើយវាកម្រណាស់សម្រាប់ការឆ្លងពីមនុស្សទៅមនុស្ស។
ក្រសួងកសិកម្មកាលពីថ្ងៃអង្គារបានអំពាវនាវដល់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វឲ្យធ្វើតេស្ត និងកំណត់តំបន់ដែលមានជំងឺផ្តាសាយបក្សីបន្ថែមទៀតនៅក្នុងខេត្តបាត់ដំបង។
ហើយក៏មានការហាមឃាត់ផងដែរនូវការទិញ លក់ និងដឹកជញ្ជូនសត្វបក្សីគ្រប់ប្រភេទនៅតំបន់ចម្លោះពីបីគីឡូម៉ែត្រពីតំបន់ដែលមានការផ្ទុះឡើងនៃប្រភពជំងឺផ្តាសាយបក្សីក្នុងរយៈពេល ៣០ ថ្ងៃនិងតាមដានចលនាបក្សីក្នុងចម្ងាយ ១០ គីឡូម៉ែត្រពីចំណុចកណ្តាលនៃការផ្ទុះជំងឺ៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី