ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថាផលិតកម្មបន្លែក្នុងស្រុកបានកើនឡើងនៅឆ្នាំ ២០២០ ដែលកើតឡើងដោយសារតែកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការជំរុញចង្វាក់ផលិតកម្ម។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានមានប្រសាសន៍ថាផលិតកម្មបន្លែក្នុងស្រុកមានចំនួន ៧១៦ ១១៣ តោនក្នុងឆ្នាំ ២០២០ កើនឡើង ៥ ភាគរយ បើធ្វើការប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ដែលមានចំនួន ៦៨១ ០៩៩ តោន។
លោកបន្តថាការប្រើប្រាស់បន្លែកាលពីឆ្នាំមុននៅកម្ពុជាត្រូវបានប៉ាន់ប្រមាណជាមានចំនួន ១ លានតោន។
លោកថា៖ «ផលិតកម្មបន្លែក្នុងស្រុកកាលពីឆ្នាំមុនមានប្រមាណជា ៦៨ ភាគរយនៃការប្រើប្រាស់សរុប»។ លោកបន្តថាបន្លែដែលនាំចូលជាទូទៅគឺបន្លែដែលមិនត្រូវបានដាំដុះនៅក្នុងប្រទេសកម្ពុជាដោយសារតែបញ្ហាអាកាសធាតុ។
លោកបានបន្ថែមទៀតថានិន្នាការឆ្ពោះទៅរកការប្រើប្រាស់អាហារដែលមានសុវត្ថិភាពរួមមានបន្លែ ផ្លែឈើ និងសាច់ហាក់ កំពុងតែមានការកើនឡើង។
លោកថា៖ «ឆ្លើយតបទៅនឹងតំរូវការនេះ រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តនិងគាំទ្រដល់ប្រជាជនក្នុងការបង្កើនផលិតកម្មបន្លែក្នុងស្រុកដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បង្កើនប្រាក់ចំណូល បង្កើតការងារនិងបង្កើតឱកាសនាំចេញ»។
ជាមួយគ្នានេះផងដែរ លោក វេង សាខុន ក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍របស់ក្រសួងរួមមានកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងគម្រោងពិពិធកម្មវិស័យកសិកម្មនៅកម្ពុជា។
លោកថា៖ «តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងសង្ឃឹមយ៉ាងមុតមាំថានៅពេលអនាគតប្រទេសកម្ពុជានឹងផលិតបន្លែមានសុវត្ថិភាពគ្រប់គ្រាន់នៅក្នុងស្រុកដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុកនិងទីផ្សារនាំចេញ»។
យោងតាមទិន្នន័យពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាព្រះរាជាណាចក្រកម្ពុជាបាននាំចេញផលិតផលកសិកម្មក្នុងទំហំទឹកប្រាក់ចំនួន ៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ។
ការនាំចេញទាំងនោះរួមមានផលិតកម្មស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ស្វាយ កៅស៊ូ ចេក មៀនប៉ៃលិន ម្រេច សំបុកត្រចៀកកាំ ផលិតផលជលផល ផលិតផលសត្វ ផលិតផលព្រៃឈើ និងទំនិញផ្សេងទៀត។
លោក វេង សាខុន បានឲ្យដឹងផងដែរថាបើទោះបីជាប្រទេសកម្ពុជានៅតែពឹងផ្អែកលើការនាំចូលបន្លែដើម្បីបំពេញតំរូវការការប្រើប្រាស់ក៏ដោយ ក៏ព្រះរាជាណាចក្រកម្ពុជាបាននាំចេញបន្លែបន្តិចបន្តួចដែលភាគច្រើនទៅកាន់ប្រទេសមួយចំនួននៃសហភាពអឺរ៉ុប។
គួរបញ្ជាក់ឲ្យដឹងផងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជាមានផ្ទៃដី ៦ ម៉ឺនហិកតាដែលកំពុងដាំដុះបន្លែនៅតាមកសិដ្ឋាននានាទូទាំងប្រទេស៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា