cellcard cellcard cellcard

ក្រុម​គ្រួសារ​ជន​រងគ្រោះ​ក្នុង​ហេតុ​ការណ៍​បាក់​អគារ​នៅ​កែប​នៅតែ​បន្ត​ស្វែងរក​យុត្តិ​ធម៍​

ប៊ែន សុខហ៊ាន / Khmer Times Share:
​ក្រុម​អ្នក​ជួយសង្គ្រោះ​ជួយ​គ្រា​អ្នក​ដែល​នៅមាន​ជីវិត​ដែល​ត្រូវបាន​រកឃើញ​នៅក្រោម​គំនរ​បាក់បែក​នៃ​អគារ​ដែល​បាក់​រលំ​នៅក្នុង​ខេត្ត​កែប​កាលពី​ឆ្នាំមុន​។ KT/​ជរ សុគន្ធារ​

​ទើបតែ​ផុត​មួយឆ្នាំ​នៃ​ការដួលរលំ​អគារ​នៅ​ខេត្ត​កែប តុលាការ​ខេត្តកំពត​នឹង​ប្រកាស​សាលក្រម​លើ​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់​លើ​សោកនាដកម្ម​ដែល​បានសម្លាប់​មនុស្ស​ចំនួន ៣៦ នាក់​។​

aba

​សាលក្រម​ដែល​គេ​ទន្ទឹងរង់ចាំ​បានកើត​ឡើង​ចំពេល​មានការ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ដោយ​ក្រុមគ្រួសារ​នៃ​អ្នកស្លាប់ និង​ដែល​អ្នក​នៅរស់​។​

​ក្រុមគ្រួសារ​កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ដល់​តុលាកា​ឲ្យ​ផ្តល់​យុត្តិធម៌​សម្រាប់​ការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​ក៏ដូចជា​សំណង​ពី​ម្ចាស់​អគារ​។​

​កាលពី​ថ្ងៃទី ៤ ខែមករា​អគារ​កម្ពស់ ៧ ជាន់​ដែល​កំពុង​សាងសង់​បាន​ដួលរលំ​នៅក្នុង​ក្រុងកែប​ខេត្ត​កែប​ដោយបាន​សម្លាប់​មនុស្ស ៣៦ នាក់​រួមទាំង​កុមារ​និង​មាន​មនុស្ស​ចំនួន ២៣ នាក់​ផ្សេងទៀត​រងរបួស​។​

​ក្រោយ​ឧប្បត្តិ​ហេតុនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ក្រុម​មេធាវី​ដែល​ទើបនឹង​បង្កើត​ថ្មី​របស់លោក​ដើម្បី​ផ្តល់​ការគាំទ្រ​ផ្នែក​ច្បាប់​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​។​

​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់លោក ហ៊ុន សែន ដែល​កំពុង​ធ្វើ​សកម្មភាព​ដើម្បី​ក្រុមគ្រួសារ​ជនរងគ្រោះ​បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា​តុលាការ​ខេត្តកំពត​នឹង​ប្រកាស​សាលក្រម​នៅថ្ងៃនេះ​ក្នុងពេល​បើកសវនាការ​ជា​សាធារណៈ​។​

​សូមបញ្ជាក់ថា​ខេត្ត​កែប​មិនមាន​តុលាការ​ប្រចាំខេត្ត​នោះទេ​។​

​ម្ចាស់​សំណង់​ឈ្មោះ ឯក សារុន និង​ភរិយា​ឈ្មោះ ឈី​វ សុធី ត្រូវបាន​តុលាការ​ខេត្តកំពត​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​អ​ចេ​ត្ត​នា​តាម​មាត្រា ២០៧ និង​មាត្រា ២៣៦ នៃ​ក្រមព្រហ្មទណ្ឌ​។ ទោះយ៉ាងណា​ក៏ដោយ​ពួកគេ​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ដោយ​បង់ប្រាក់​ធានា​ចំនួន ៨៧ ០០០ ដុល្លារ​។​

​នៅពេល​សួរថា​ហេតុអ្វី​បានជា​តុលាការ​ចំណាយពេល​ជាង​មួយឆ្នាំ​ដើម្បី​ប្រកាស​សាលក្រម លោក ម៉ាន់ បូរី អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពត​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ពេលវេលា​កំណត់​អាស្រ័យ​លើ​នីតិវិធី​របស់​តុលា​ការដែល​ពឹងផ្អែក​លទ្ធផល​នៃ​ការស៊ើបអង្កេត​។​

​លោក អ៊ុក អឿន អាយុ ៤៨ ឆ្នាំ​ជា​អ្នក​រស់រានមានជីវិត​ពី​ខេត្តព្រៃវែង​ដែល​បាន​បាត់បង់​សមាជិកគ្រួសារ​បួន​នាក់​រួមទាំង​ប្រពន្ធ​របស់លោក​នៅក្នុង​កា​របាក់រ​លំអ​គារ​ខេត្ត​កែប​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ក្រុមគ្រួសារ​របស់លោក​កំពុង​រង់ចាំ ភាពយុត្តិធម៌​។​

​លោក​បន្តថា​៖ «​យើង​បាន​រង់ចាំ​សាលក្រម​ជាង​មួយឆ្នាំ​ហើយ​។ ខ្ញុំ​ចង់បាន​យុត្តិធម៌​សម្រាប់​ភរិយា​ខ្ញុំ​ដែល​បាន​ស្លាប់​នៅពេល​កើតហេតុ​នោះ​»​។​

​លោក​និយាយ​នៅក្នុង​ប៉ុន្មាន​ខែ​ដំបូង​បន្ទាប់ពី​ឧប្បត្តិ​ហេតុនេះ​ថា​លោក​បាន​ទៅ​ប្រទេស​វៀតណាម​ជាប្រចាំ​ដើម្បី​ព្យាបាល​ជំងឺ​ដែល​លោក​បាន​ទទួលរង​អំឡុងពេល​ការដួលរលំ​អគារ​នោះ​។ លោក​បាន​ចំណាយ​ប្រាក់​ចន្លោះ​ពី ៣ ០០០ ដុល្លារ​ទៅ ៤ ០០០ ដុល្លារ​សម្រាប់​ការព្យាបាល​។​

​លោក​ថា​៖ «​រហូតមកដល់​ពេលនេះ ខ្ញុំ​នៅតែ​រង​ផលប៉ះពាល់​នៃ​របួស​ចាស់​ដែល​តែងតែ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺក្បាល​»​។​

​លោក​បាន​និយាយថា​រហូតមក​ដល់ពេលនេះ​ក្រុមគ្រួសារ​របស់លោក​មិនបាន​ទទួល​សំណង​ណាមួយ​ឡើយ ទោះបី​លោក​បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​ម្ចាស់​សំណង់​តាមរយៈ​មេធាវី​របស់លោក​ក៏ដោយ​។ គ្រួសារ​របស់លោក​ទាម​ទារប្រាក់​ចំនួន ៥០ ០០០ ដុល្លារ​សម្រាប់​ការស្លាប់​និង​របួស​នីមួយៗ​ដែល​បណ្តាលមកពី​ការដួលរលំ​នេះ​។​

​នៅពេល​សួរថា​តើ​ក្រុមគ្រួសារ​របស់គាត់​ចង់អោយ​តុលាការ​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​ម្ចាស់​អគារ​នេះដែរ​ឬ​អត់ លោក​ឆ្លើយថា​៖ «​ទុក​ឲ្យ​តុលាការ​ធ្វើការ​សំរេច​ដោ​យ​ផ្អែកលើ​ច្បាប់​ចុះ​»​។​

​ម្ចាស់​អគារ​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ ប៉ុន្តែ​លោក គង់ សំអុន មេធាវី​របស់​ពួកគេ​បាន​អះអាងថា​ពួកគេ​មិនគួរ​ត្រូវបាន​ចោទប្រកាន់​ទេ​។ គាត់​បាន​ស្តីបន្ទោស​ចំពោះ​ការដួលរលំ​ទៅលើ​អ្នកម៉ៅការ​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​។​

​ទោះយ៉ាងណា លោក​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​ថា​កូនក្តី​របស់លោក​សុខចិត្ត​ផ្តល់​សំណង​ដល់​ក្រុមគ្រួសារ​នៃ​អ្នក​ដែល​បាន​ស្លាប់ ឬ​រងរបួស​។​

​លោក​ថា​អតិថិជន​របស់លោក​មិន​ទទួលខុសត្រូវ​ទេ ព្រោះ​ពួកគេ​បាន​ចុះកិច្ចសន្យា​ប្រគល់​ការសាងសង់​ទៅ​ឲ្យ​អ្នកម៉ៅការ​។​

​ក្រុមការងារ​រដ្ឋាភិបាល​ដែល​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​លើ​ការបាក់​រលំ​អគារ​ដ៏​សាហាវ​នេះ​បាន​ស្តីបន្ទោស​ដល់​ការសាងសង់​ខុស​បច្ចេក​ទេ​រួមទាំង​ការប្រើប្រាស់​សសរ​គ្រឹះ​ដែលមាន​គុណភាព​អន់​សម្រាប់​ឧប្បត្តិ​ហេតុនេះ​។​

​លោក ទេព ធន រដ្ឋលេខា​ធិ​ក្រសួង​រៀបចំ​ដែនដី និង​ជា​ប្រធាន​ក្រុមការងារ​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​កាលពី​ឆ្នាំមុន​ថា​ស៊ីម៉ងត៍​ដែលមាន​គុណភាព​អន់​ត្រូវបាន​ប្រើ​ដើម្បី​ធ្វើ​របាំង​ដែក​ដែល​ទ្រទ្រង់​អគារ​ចំនួន ៧ ជាន់​។​

​លោក​បន្តថា​៖ «​ការសាងសង់​អគារ​នេះ​មិនបាន​ធ្វើទៅ​តាម​ស្តង់ដារ​បច្ចេកទេស​ទេ​។ ឧទាហរណ៍​សសរ​ភាគ​និរតី​ខ្សោយ​ពេក​ក្នុងការ​ទ្រទ្រង់​អគារ​នេះ​។ ផ្អែកលើ​ស្តង់ដារ​បច្ចេកទេស​អ្នកម៉ៅការ​ត្រូវ​ការប្រើ​រនាំង​ដែក​ចំនួន ១៦ ប៉ុន្តែ​គាត់​ប្រើតែ​ដែក​ចំនួន ៨ ប៉ុណ្ណោះ​ដើម្បី​ទ្រទ្រង់​សសរ​នីមួយៗ​»​។​

​លោក​ក៏បាន​បន្តថា​ការសាងសង់​អគារ​នេះ​បានចាប់ផ្តើម​មុនពេល​មានការ​យល់ព្រម​ពី​រដ្ឋបាលខេត្ត​។​

​យោងតាម​ប៉ូលីស​ខេត្ត​កែប អ្នកម៉ៅការ​ទទួលបន្ទុក​ផ្នែក​សំណង់​និង​កូនចៅ​របស់គាត់​ក៏បាន​ស្លាប់​នៅក្នុង​ការបាក់​រលំ​នោះដែរ ហើយ​អ្នកមើលការខុសត្រូវ​សំណង់​ម្នាក់​ដែល​ត្រូវបាន​ឃុំខ្លួន​បន្ទាប់ពី​ការបាក់​នេះ​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​បន្ទាប់ពី​បញ្ចប់​ការយល់ច្រលំ​។​

​អាជ្ញាធរខេត្ត​ក៏បាន​និយាយ​ដែរ​ថា​ការស្ថាបនា​អគារ​នេះ​បានចាប់ផ្តើម ៥ ខែ​មុនពេល​ទទួលបាន​ការយ​ល់​ព្រម​ពី​លោក កែន ស​ត្ថា  អភិបាលខេត្ដ​កែប​នៅ​ថ្ងៃទី ២ ខែសីហា​។​

​លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា​កំពុង​តាមដាន​ករណីនេះ​យ៉ាង​ជិតស្និទ្ធ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​តុលាការ​ចំណាយពេល​យូរពេក​ដើម្បី​បញ្ចប់​ការស៊ើបអង្កេត​លើ​ករណីនេះ​។​

​លោក​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ក្រុមគ្រួសារ​ដែល​បាន​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​និង​អ្នក​ដែល​បាន​រងរបួស​ក្នុងកំឡុងពេល​ការបាក់​រលំ​អគារ​នៅក្នុង​ខេត្ត​កែប​នេះ​។ ពួកគេ​បាន​រង់ចាំ​អស់​រយៈពេល​ជាង​មួយឆ្នាំ​សម្រាប់​យុត្តិធម៌​ពិតប្រាកដ​នេះ​»​។​

​លោក​បន្ថែមថា​៖ «​ប្រសិនបើ​សាលក្រម​មិន​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ​ទេនោះ​វា​នឹង​ធ្វើជា​គំរូ​អាក្រក់​និង​ជា​ឱកាស​សម្រាប់​វិនិយោគិន​មួយចំនួន​បន្ត​លះបង់​ការទទួលខុសត្រូវ​របស់​ពួកគេ​»​។​

​លោក​បន្តថា​ដើម្បី​ចៀសវាង​ហានិភ័យ​នៃ​ការដួលរលំ​អគារ​នាពេល​អនាគត អាជ្ញាធរ​និង​ភាគី​ពាក់ព័ន្ធ​ត្រូវខិតខំ​អស់ពី​សមត្ថភាព​ដើម្បី​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ទាំងអស់​។ អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​សុវត្ថិភាព និង​គុណភាព​នៃ​គម្រោង​សាងសង់​ទាំងអស់​ជាជាង​រងចាំ​មាន​គ្រោះថ្នាក់​កើតឡើង​។​

​លោក​បាន​និយាយថា​៖ «​ពួកគេ​មិនចាំបាច់​រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវអនុវត្ត​ច្បាប់​ដែលមាន​ស្រាប់​តាម​តួនាទី​រៀងៗ​ខ្លួន​។ ពួកគេ​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ត្រួតពិនិត្យ និង​ធ្វើ​ឲ្យ​ប្រាកដថា​គុណភាព​នៃ​ការសាងសង់​គឺមាន​លក្ខណៈ​ស្តង់ដារ និង​ផ្តល់​អាទិភាព​ដល់​សុវត្ថិភាព​កម្មករ​»​។​

​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​សំណង់​នៅក្នុង​ប្រទេស​ត្រូវបាន​លើកឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​កម្មករ និង​សមាជិកគ្រួសារ​រាប់សិប​នាក់​បាន​ស្លាប់ ឬ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ក្នុងកំឡុងពេល​នៃ​ការសាងសង់​ការដ្ឋាន​សំណង់​ជាច្រើន​នៅ​ខេត្ត​ព្រះសីហនុ សៀមរាប បន្ទាយមានជ័យ និង​ខេត្ត​កែប​។​

​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ស្តង់ដារ​សុវត្ថិភាព​នៅ​ការដ្ឋាន​សំណង់ រដ្ឋសភាជាតិ​នៅ​ឆ្នាំ ២០១៩ បានអនុម័ត​ច្បាប់​ស្តីពី​សំណង់​ដែលមាន​គោលដៅ​រឹតបន្តឹង​លើ​វិស័យ​សំណង់​ដែល​កំពុងមាន​ការរីក​ចំរើន​។​

​ក្រសួង​រៀបចំ​ដែនដី​កាលពី​ឆ្នាំមុន​ក៏​បានចេញ​សេចក្តីណែនាំ​ហាម​មិន​ឲ្យ​ធ្វើការ​សាងសង់​អគារ​ទាំងអស់​ដោយ​គ្មាន​លិខិតអនុញ្ញាត​នៅក្នុង​ព្រះរាជាណាចក្រ ក៏ដូចជា​ហាមឃាត់​កម្មករសំណង់​មិន​ឲ្យ​រស់នៅក្នុង​ការដ្ឋាន​សំណង់​។​

​ក្រសួង​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​រួមទាំង​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ឲ្យ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ទាំងឡាយណា​ដែល​បំពាន​ច្បាប់​៕

​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី

Related Posts

Previous Article

ផលិតកម្ម​បន្លែ​ក្នុងស្រុក​កើនឡើង​ក្នុង​ឆ្នាំ ២០២០

Next Article

ក្រសួង​ស្នើ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ថែរក្សា​សុខភាព​ខណៈ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​