cellcard cellcard cellcard

រដ្ឋាភិបាល ​នឹង​ផ្តល់​ជំនួយ​ដល់​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​នៅ​ក្រោម​ភាព​អាសន្ន​

តាំង រីនិត្យ / Khmer Times Share:
​រូបថត​ឯកសារ​របស់​ពលករ​ចំណាកស្រុក និង​និស្សិត​កម្ពុជា​ដែល​កំពុង​រង់ចាំ​ជើងហោះហើ​រ​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​មក​ភ្នំពេញ​នៅ​ខែកក្កដា ឆ្នាំ​២០២០​។ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​

​រដ្ឋាភិបាល​នឹង​ផ្តល់​ជំនួយ​ដល់​ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​ត្រូវការ​ជំនួយ​ក្នុងពេល​ប្រទេស​ម៉ាឡេស៊ី​ស្ថិត​ក្នុង​គ្រាអាសន្ន​ដើម្បី​ទប់ស្កាត់​ការរីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ។​

aba

​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​៖ «​នៅពេល​ពលករ​ចំណាកស្រុក​របស់​យើង​ត្រូវការ​ជំនួយ យើង​នឹង​ជួយ​ពួកគេ​»​។ ទោះយ៉ាងណា លោក​មិនបាន​ផ្តល់ព័ត៌មាន​ជាក់លាក់​ទេ​។​

​ការអត្ថាធិប្បាយ​របស់​លោក​ធ្វើឡើង​នៅពេលដែល​អង្គការ​មិន​មែនរដ្ឋាភិបាល​នៅ​កម្ពុជា​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់ជំនួយ​ដល់​ពលករ​ចំណាកស្រុក​កម្ពុជា បន្ទាប់ពី​ប្រទេស​ម៉ាឡេស៊ី​ប្រកាស​អំពី​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​កាលពី​ម្សិលមិញ​។​

​ការប្រកាស​របស់​ព្រះមហាក្សត្រ Sultan Abdullah Sultan Ahmad Shah ស្តីពី​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​កាលពី​ព្រឹក​ម្សិលមិញ​បានកើត​ឡើង​អំឡុង​ពេលដែល​មានការ​កើនឡើង​ចំនួន​ករណី​វិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​-១៩ គួរ​ឲ្យ​ព្រួយបារម្ភ ដែល​កាលពី​ម្សិលមិញ​ឃើញថា​ចំនួន​ករណី​វិជ្ជមាន​បាន​កើនឡើង​ដល់ ១៣ ០០០ នាក់​និង​ករណី​ស្លាប់មាន​ចំនួន ៥៥៥ នាក់​ជាមួយនិង​ប្រព័ន្ធ​សុខាភិបាល​របស់ខ្លួន​។​

​មុន​មួយថ្ងៃ រដ្ឋាភិបាល​ម៉ាឡេស៊ី​បានប្រកាស​រឹតបន្តឹង​ការ​រឹត​ត្បឹ​ត​ជំងឺ​កូ​វីដ​-១៩ ដាក់​រដ្ឋ​ចំនួន ៥ និង​ទឹកដី​សហព័ន្ធ​ចំនួន ៣ ក្រោម​បទបញ្ជា​ត្រួតពិនិត្យ​ការធ្វើដំណើរ (MCO) ម្តងទៀត​ក្នុង​រយៈពេល ២ សប្តាហ៍​។​

​ហើយក៏​ត្រូវបាន​គេ​រាយការណ៍​ផងដែរ​ថា​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ​នឹងមាន​រយៈពេល​រហូតដល់​ខែសីហា ឬ​មុន អាស្រ័យ​លើ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ប្រទេស​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ខ្មែរ​ថា​ម​ស៍លោក មឿ​ន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​បាន​និយាយថា​នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់បំផុត​សម្រាប់​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ពី​ការកើនឡើង​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​លោក​បន្តថា​៖ «​ពលករ​កម្ពុជា​ភាគច្រើន​នៅ​ប្រទេស​ម៉ាឡេស៊ី​បានទទួល​រង​នូវ​បញ្ហា​ហិរញ្ញវត្ថុ ដោយសារ​និយោជក​របស់​ពួកគេ​បាន​បញ្ឈប់​ការងារ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​»​។​

​លោក​បន្ថែមថា ពលករ​មួយចំនួន​ថែមទាំង​បានចាប់ផ្តើម​រស់នៅ​តាម​ចិញ្ចើមផ្លូវ​ដោយសារ​ពួកគេ​មិនមាន​លទ្ធភាព​ជួល​កន្លែង​ស្នាក់នៅ ហើយ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ស្នាក់​នៅក្នុង​កន្លែង​ដែល​ផ្តល់​ដោយ​អតីត​និយោជក​របស់​ពួកគេ​។​

​លោក​និយាយថា​៖ «​ឥឡូវនេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បានដាក់​ប្រទេស​ស្ថិតក្នុង​គ្រាអាសន្ន វា​នឹង​កាន់តែ​អាក្រក់​ទៅៗ​សម្រាប់​ពលករ​របស់​យើង ជាពិសេស​ដោយសារ​ពួកគេ​មិនអាច​វិល​ត្រឡប់មកផ្ទះ​វិញ​ដោយសារ​ការហាមឃាត់រ​បស់​រដ្ឋាភិបាល​កម្ពុជា​លើ​ជើងហោះហើរ​មកពី​ប្រទេស​ម៉ាឡេស៊ី​»​។​

​យោងតាម​ក្រសួង​ការងារ បច្ចុប្បន្ន​មាន​ប្រជាជន​កម្ពុជា ២៥ ១៤៩ នាក់​កំពុង​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​នៅពេល​ក្រុមហ៊ុន​កាត់បន្ថយ​ប្រាក់ខែ និង​ការងារ ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​រាតត្បាត ពលករ​រាប់ពាន់នាក់​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ទាប និង​មាន​ជំនាញ​ទាប​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​គឺជា​អ្នក​ដែល​ងាយ​រងគ្រោះ​ជាងគេ​។ អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ថា​មាន​ករណី​ពលករ​ចំណាកស្រុក​ត្រូវបាន​បញ្ឈប់​ដោយ​អយុត្តិធម៌ ឬ​មិន​ទទួលបាន​ប្រាក់​ឈ្នួល​នៅពេល​ដែលមាន​ការបិទ​ប្រទេស​លើកដំបូង​ដោយសារ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​នៅក្នុង​ខែមីនា​។​

ILO ក៏បាន​និយាយ​ផងដែរ​ថា​វិធានការណ៍​គាំទ្រ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ភាគច្រើន​មិនបាន​ជួយ​ដល់​ពលករ​ចំណាកស្រុក​ទេ ហើយ​សហជីព និង​អង្គការ​ដទៃទៀត​បាន​ចូលរួម​ជួយ​ដល់​ពលករ​ចំណាកស្រុក​រួមទាំង​ការ​ចែកចាយ​អាហារ និង​ការផ្តល់​កន្លែង​ស្នាក់នៅ​ដល់​ពួកគេ​ផងដែរ​។​

​ទន្ទឹមនឹងនេះ ជើងហោះហើរ​ដែល​ចេញពី​ប្រទេស​ម៉ាឡេស៊ី​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចុះចត​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ខែកក្កដា​ឆ្នាំ ២០២០ ។​

​លោក មឿ​ន តុលា បានស្នើ​រដ្ឋាភិបាល​ឲ្យ​ផ្តល់ជំនួយ​បន្ទាន់​ដល់​ពលករ​ចំណាកស្រុក​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​អាចរ​ស់បាន​ក្នុងពេល​លំបាក​នេះ​។​

​លោក​បាន​និយាយថា​៖ «​ជាបឋម រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ស្ថានទូត​របស់ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​គួរតែ​ផ្តល់នូវ​ស្បៀងអាហារ និង​សម្ភារៈ​ចាំបាច់​ផ្សេងៗ​ដល់​ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​គ្មាន​ការងារ​ធ្វើ​។ ទី​ពីរ ស្ថានទូត​គួរតែ​ជួយ​កម្មករ​ចរចា​ជាមួយ​ម្ចាស់​ដី​របស់​ពួកគេ​ដើម្បី​បញ្ចុះ​ថ្លៃឈ្នួល​សម្រាប់​ការ​ស្នាក់នៅ​របស់​ពួកគេ​ដែលមាន​សារៈសំខាន់​ណាស់​នៅពេលនេះ​»​។​

​លោក​បន្ថែមថា​ទោះបីជា​ការរៀបចំ​សម្រាប់​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​គ្មាន​ការងារ​ធ្វើ​អាចជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ក៏ដោយ ក៏​វា​មិនអាច​កើតឡើង​បានដែរ​នៅពេលនេះ​ដោយសារតែ​ការ​រឹតត្បិត​ការធ្វើដំណើរ​ដែល​បាន​កំណត់ដោយ​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី​។​

​លោក​បន្ថែមថា​៖ «​ជម្រើស​ល្អ​បំផុត​គឺ​ស្ថានទូត​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បញ្ចូល​ពលករ​ចំណាកស្រុក​ទៅក្នុង​កម្មវិធី​កញ្ចប់​ជំនួយ​ជំរុញ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​»​។​

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​និយាយថា​សម្រាប់​ពេលនេះ រដ្ឋាភិបាល​មិនមាន​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​ពលក​រ​ចំណាកស្រុក​កម្ពុជា​ពី​ប្រទេស​ម៉ាឡេស៊ី​ទេ​។​

​លោក​បន្តថា​៖ «​យើង​មាន​គោលការណ៍​ច្បាស់លាស់​ព្រោះ​ស្ថានភាព​រាតត្បាត​នៅ​ដំណាក់កាល​នេះ​មិន​អំណោយផល​សម្រាប់​យើង​ទេ​។ ដូច្នេះ​ខ្ញុំ​សូម​ស្នើ​ដល់​ប្រជាជន​កម្ពុជា​របស់​យើង​ឲ្យ​មាន​ភាព​អត់ធ្មត់ រក្សា​ភាព​ស្ងប់ស្ងៀម អនុវត្ត​អនាម័យ​ឲ្យ​បានល្អ និង​អនុវត្តតាម​វិធានការ​បង្ការ​ដែល​បានដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​»​។​

​នៅពេល​សួរ​អំពី​អ្វីដែល​ស្ថានទូត​កម្ពុជា​អាច​ធ្វើបាន​ដើម្បី​ជួយ​ដល់​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ម៉ាឡេស៊ី លោក​បាន​បង្វែរ​សំណួរ​នេះ​ទៅ​ក្រសួងការបរទេស​។​

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​៕

​ប្រែ​សម្រួល​ដោយ សៀវ  គួ​យ​អ៊ី​

Related Posts

Previous Article

ក្រសួង​ស្នើ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ថែរក្សា​សុខភាព​ខណៈ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​

Next Article

ស៊ីម៉ាក់​នឹង​បោស​សំអាត​គ្រាប់​មីន​ឲ្យ​បាន​ច្រើន​ជាង​ឆ្នាំ​មុន​