មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រកាសថាខ្លួននិងបោសសំអាតគ្រាប់មីនជិត ១០ ភាគរយបន្ថែមទៀតនៅឆ្នាំនេះបើប្រៀបធៀបទៅនឹងចំនួនឆ្នាំមុន។
នៅចុងឆ្នាំនេះ ស៊ីម៉ាក់គ្រោងនឹងបោសសំអាតមីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង ១១៣ គីឡូម៉ែត្រក្រឡានៅទូទាំងប្រទេស។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បាននិយាយថា៖ «យើងត្រូវការបុគ្គលិកជាង ១៥០០ នាក់ដើម្បីអនុវត្តផែនការនេះដោយចំណាយថវិកាជាង ១៤ លានដុល្លារ។ រហូតមកដល់ពេលនេះ គម្រោងប្រហែល ៩០ ភាគរយកំពុងស្ថិតក្នុងដៃហើយ។ នៅក្នុងឆ្នាំ ២០២១ ស៊ីម៉ាក់គ្រោងនឹងបញ្ចូលការបោសសំអាតមីននិងការជួយសង្គ្រោះគ្រោះមហន្តរាយដោយមានជំនួយពីជប៉ុន»។
លោកបានអំពាវនាវឲ្យប្រជាជនទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់។
លោកនិយាយថា៖ «ប្រសិនបើកំលាំងស៊ីម៉ាក់មិនទាន់ទៅដល់សហគមន៍ ហើយប្រជាជនបានឃើញអ្វីដែលសង្ស័យថាជាគ្រាប់មីន គួរកុំធ្វើបាតុកម្ម ឬកុំប៉ះវា និងកុំផ្លាស់ប្តូរទីតាំងរបស់វាអី ព្រោះវាអាចផ្ទុះដែលបង្កហានិភ័យខ្ពស់ដល់អាយុជីវិតមនុស្ស ហើយក្រុមគ្រួសាររបស់ពួកគេត្រូវតែរាយការណ៍ឲ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីឲ្យស៊ីម៉ាក់ជួយអន្តរាគមន៍ទាន់ពេលវេលា»។
លើបញ្ហាមួយទៀត លោកបាននិយាយថាបុគ្គលិកស៊ីម៉ាក់ភេទប្រុសដែលបានបម្រើការងាររយៈពេល ១៥ ឆ្នាំនិងស្រី ១០ ឆ្នាំ អាចដាក់ពាក្យសុំចូលបម្រើការងារនៅកងយោធពលខេមរភូមិន្ទ ឬអាចចូលនិវត្តន៍ដោយមានប្រាក់សោធនពីស៊ីម៉ាក់។
លោកបន្តថា៖ «បន្ទាប់ពីធ្វើការអស់រយៈពេលជាង ១០ ឆ្នាំបុគ្គលិកស៊ីម៉ាក់អាចបម្រើការងារយោធាដរាបណាពួកគេមានសុខភាពល្អ។ ទោះយ៉ាងណា ប្រសិនបើពួកគេមិនមានសុខភាពល្អពួកគេអាចដាក់ពាក្យសុំចូលនិវត្តន៍។ អ្នកដែលពិការ ឬរងរបួសនៅកន្លែងធ្វើការនឹងទទួលបានសំណងច្រើន»។
នៅឆ្នាំនេះ ស៊ីម៉ាក់បានដាក់ចេញនូវគម្រោងថ្មីចំនួន ២ គឺគម្រោងបោសសំអាតមីន និងសមាហរណកម្មនៅស្រុកក្រគរ ខេត្តបាត់ដំបងនិងគម្រោងទី ១ ទី ២ និងទី ៣ នៃគម្រោងសកម្មភាពមីនក្រោមជំនួយឧបត្ថម្ភពីយូអិនឌីភី ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី ណូវែលសេឡង់ កូរ៉េខាងត្បូង និងកាណាដា៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី