cellcard cellcard cellcard

ការ​ស្នើ​ប្រជាជន​កម្ពុជា​កុំ​ឲ្យ​ជឿ មេ​ខ្យល់ ដែល​សន្យាថា​និង​ផ្តល់​ការងារ​ដល់​ពួកគេ​

សែន ដេវីដ / Khmer Times Share:
​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ដឹកនាំ​កិច្ចប្រជុំ​សុវត្ថិភាព​ពលករ​ចំណាកស្រុក​កាលពី​ម្សិលមិញ​។ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​

ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​បាន​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​ពី​ប្រទេស​ថៃ ហើយ​ចង់​វិលត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ត្រូវ​បានស្នើ​កុំ​ឲ្យ​ជឿ មេខ្យល់ ដែល​បោកប្រាស់​ដោយ​សន្យាថា​នឹង​ផ្តល់​ការងារ​ដល់​ពួកគេ​។​

aba

​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គ​.​ជ​.​ប បាន​និយាយ​កាលពី​ម្សិលមិញ​ថា ដូចគ្នានេះដែរ ពលករ​ចំណាកស្រុក​កម្ពុជា​នៅក្នុង​ប្រទេស​ថៃ​ក៏​គួរតែ​ប្រយ័ត្ន​ចំពោះ មេខ្យល់ ទាំងនេះ​ផងដែរ​។​

​លោកស្រី​បន្តថា​៖ «​ពលករ​ចំណាកស្រុក​កម្ពុជា​មិន​ថា​នៅទីនេះ ឬ​នៅ​ប្រទេស​ថៃ​គួរតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ មេខ្យល់ ទាំងនេះ ដោយ​មិនគួរ​ចាញ់បោក​ពួកគេ​ដែលថា​អាច​នាំ​ពួកគេ​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ​ដោយ​ស្របច្បាប់​ឬ​ខុសច្បាប់ ហើយ​សន្យាថា​នឹង​ផ្តល់​ការងារ​ឲ្យ​ពួកគេ​នោះទេ​»​។​

​លោកស្រី​និយាយ​បន្ទាប់ពី​កិច្ចប្រជុំ​ស្តីពី​សុវត្ថិភាព​ពលករ​ចំណាកស្រុក​ថា​៖ «​នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​មួយ​សម្រាប់​ពលក​រ​ចំណាកស្រុក​ដែល​កំពុងស្នាក់នៅ​ក្នុងប្រទេស​ថៃ ឬ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​ដោយសារ​ពួកគេ​បាន​បាត់បង់​ការងារ ហើយ​មិនអាច​រកបាន​នៅពេលនេះ​»​។​

​លោកស្រី​បន្ថែមថា​៖ «​យើង​ចង់អោយ​ពលករ​ទាំងអស់​ស្តាប់​អាជ្ញាធរ​នៅទីនេះ​និង​ក្នុងប្រទេស​ថៃ​។ ប្រសិនបើ​អាជ្ញាធរ​ថៃ​បានចេញ​សេចក្តីណែនាំ​មិន​ឲ្យ​ផ្លាស់​ទី​នៅតាម​តំបន់​ដែលមាន​ការរីក​រាលដាល នោះ​ពួកគេ​មិនគួរ​ផ្លាស់​ទី​ឡើយ​។ មាន មេខ្យល់ មួយចំនួន​កំពុង​ឆ្លៀត​ឪ​កាស​នៅក្នុង​ស្ថានភាព​នេះ​បោកប្រាស់​ពួកគេ​ដោយ​សន្យាថា​និង​នាំ​ពួកគេ​ឆ្លងកាត់​ព្រំដែន​ដោយ​ស្របច្បាប់ ឬ​ខុសច្បាប់ និង​ផ្តល់​ការងារ​ដល់​ពួកគេ​ផងដែរ​»​។​

​លោកស្រី​ថា​អាជ្ញាធរ​កម្ពុជា​កំពុង​សហការ​ជាមួយ​សម​ភាគី​របស់​ពួកគេ​នៅក្នុង​ប្រទេស​ថៃ​ដើម្បី​ស្វែងរក មេខ្យល់ ទាំងនេះ​ដែល​បោកប្រាស់​ប្រជាជន​កម្ពុជា​។​

​លោកស្រី​បន្ថែមថា​ពលករ​កម្ពុជា​ប្រហែល ១៣០ ០០០ នាក់​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ហើយ​បានធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ​។​

​លោកស្រី​ថា​៖ «​រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ការងារ​ធ្វើ​នៅទីនេះ​»​។​

​កាលពី​សប្តាហ៍​មុន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ដែល​ស្ថិតនៅក្រោម​ក្រសួង​ការងារ​បានប្រកាស​ពី​ឱកាស​ការងារ​ក្នុងស្រុក​ចំនួន ២០ ០០០ សម្រាប់​ពលករ​កម្ពុជា​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​និយាយថា​ពលករ​ចំណាកស្រុក​កម្ពុជា​ចំនួន ៣ ៧៥៤ នាក់​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​ហើយ​មាន​ពលករ ៨ នាក់​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ៕

​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី

Related Posts

Previous Article

ស៊ីម៉ាក់​នឹង​បោស​សំអាត​គ្រាប់​មីន​ឲ្យ​បាន​ច្រើន​ជាង​ឆ្នាំ​មុន​

Next Article

ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ ក្នុង​រយៈពេល ១១ ខែ ឆ្នាំ ២០២០ មាន​ការ​ធ្លាក់​ចុះ​