ពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជានិងថៃមានការធ្លាក់ចុះចំនួន ២២ ភាគរយគិតចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២០ បើធៀបទៅនឹងតួលេខប្រចាំឆ្នាំក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ កន្លងទៅ ។ ពាណិជ្ជកម្មទ្វេភាគីសម្រាប់រយៈពេលនេះមានទំហំទឹកប្រាក់ចំនួន ៦,៦ ពាន់លានដុល្លារ ធ្លាក់ចុះពី ៨,៦ ដុល្លារ ពាន់លានដុល្លារនៅឆ្នាំ ២០១៩។ នេះបើយោងតាមស្ថិតិពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃមានទំហំទឹកប្រាក់សរុបចំនួន ១,១ ពាន់លានដុល្លារក្នុងរយៈពេលនេះ ពោលធ្លាក់ចុះចំនួន ៥២ ភាគរយ ពីចំនួន ២,២ ពាន់លានដុល្លារអាមេរិកបើធ្វើការប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ កន្លងទៅ។
ការនាំចូលពីប្រទេសថៃដែលមានទំហំទឹកប្រាក់ចំនួន ៦,៣ ពាន់លានដុល្លារ ធ្លាក់ចុះ ១២ ភាគរយ ពីចំនួន ៥,៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។
តួលេខទាំងនេះបានបង្កើតឱនភាពពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសថៃចំនួន ៤,៥ ពាន់លានដុល្លារ។
នៅក្នុងខែវិច្ឆិកា ពាណិជ្ជកម្មឆ្លងដែនរបស់ថៃជាមួយកម្ពុជាឈានដល់ទំហំទឹកប្រាក់ចំនួន ៥៧២ លានដុល្លារ។ ការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសថៃក្នុងខែវិច្ឆិកាមានចំនួនសរុប ៥៩ លានដុល្លារ ធ្លាក់ចុះ ៥៦ ភាគរយបើធៀបនឹងចំនួន ១៣៥ លានដុល្លារកាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ។ ការនាំចូលពីប្រទេសថៃក្នុងខែវិច្ឆិកាមានចំនួន ៥១៣ លានដុល្លារ ធ្លាក់ចុះ ២៨ ភាគរយបើធៀបនឹងខែវិច្ឆិកាឆ្នាំ ២០១៩ ដែលមានចំនួន ៧១០ លានដុល្លារ។
ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃបានមានប្រសាសន៍ថាស្ថានទូតកម្ពុជាប្រចាំប្រទេសថៃតាមរយៈការិយាល័យពាណិជ្ជកម្មរបស់ខ្លួនបានផ្តល់ព័ត៌មានថ្មីៗដល់ក្រុមហ៊ុនថៃអំពីឱកាសវិនិយោគនៅកម្ពុជា ការពិគ្រោះយោបល់បច្ចេកទេស និងការគាំទ្រពេញទំហឹងលើដំណើរការចុះបញ្ជីអាជីវកម្ម។
លោកថា៖ «ថ្មីៗនេះ យើងក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនច្បាប់ដែលមានមូលដ្ឋាននៅទីក្រុងបាងកក iLAWASIA ដើម្បីផ្តល់ដំបូន្មាននិងការគាំទ្រផ្នែកច្បាប់ដល់ពាណិជ្ជករកម្ពុជានិងថៃ។ លើសពីនេះទៅទៀត បច្ចុប្បន្ន យើងកំពុងធ្វើការជាមួយក្រុមហ៊ុន Horeca Investment Co Ltd របស់ប្រទេសធៃដើម្បីបង្កើតមជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBCC) ដែលជាសភាពាណិជ្ជកម្មសម្រាប់ប្រទេសកម្ពុជានៅក្នុងរដ្ឋធានីរបស់ប្រទេសថៃ»។
ឯកឧត្តមបន្តឲ្យដឹងទៀតថា នៅពេលដែលមានប្រតិបត្តិការ មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជានឹងត្រូវជួយផ្សព្វផ្សាយផលិតផលកម្ពុជាតាមរយៈការផ្តល់ព័ត៌មាននិងកម្មវិធីបណ្តុះបណ្តាលដល់សហគ្រិន ជួយសម្រួលដល់ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរក្នុងការគាំទ្រដល់គោលដៅពាណិជ្ជកម្មឆ្នាំ ២០២១ចំនួន ១៥ ពាន់លានដុល្លារដែលបានកំណត់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។
លោក ជា ចាន់ដារា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញបានមានប្រសាសន៍ថាស្ថានភាពនៃការនាំចូលនិងនាំចេញរវាងកម្ពុជានិងថៃនាពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងពេលដែលករណីនៃវីរុសកូវីដ១៩ផ្ទុះឡើងដំបូង នៅដើមឆ្នាំ ២០២០ ។
ទោះជាយ៉ាងណា ដោយសារតែករណីឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ បានវាយលុកប្រទេសថៃយ៉ាងធ្ងន់ធ្ងរ ដូច្នេះវាបានបង្កឱ្យមានអស្ថិរភាពក្នុងខ្សែសង្វាក់ផលិតកម្មរបស់ថៃដែលបណ្តាលឱ្យការនាំចេញពីប្រទេសថៃមានការធ្លាក់ចុះ។
លោកបន្ថែមថា៖ «យើងបានរកឃើញថាសព្វថ្ងៃ ទំនិញនិងអាហារនាំចេញពីប្រទេសថៃមកប្រទេសកម្ពុជាមានដំណើរការជាធម្មតា»។
យោងតាមឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ កំណើនស្ថិរភាពរបស់ប្រទេសកម្ពុជាបានបង្កើតឱកាសសម្រាប់ក្រុមហ៊ុនថៃនិងក្រុមហ៊ុនបរទេសដទៃទៀតដើម្បីទទួលបានផលចំណេញល្អសម្រាប់ការវិនិយោគនៅកម្ពុជា។
លោកបន្ថែមថា បើទោះបីជាប្រទេសថៃកំពុងបិទប្រទេសយ៉ាងណាក្ដី ក៏វិនិយោគិនថៃនៅតែស្វែងរកឱកាសធ្វើជំនួញនិងវិនិយោគនៅកម្ពុជា ខណៈដែលមនុស្សជាច្រើនបានដឹងអំពីយុទ្ធសាស្ត្រថៃបូកមួយ ច្បាប់វិនិយោគថ្មី និងកំណែទម្រង់ស៊ីជម្រៅដែលដឹកនាំដោយរដ្ឋាភិបាលកម្ពុជាដើម្បីកែលម្អបរិយាកាសធុរកិច្ចសម្រាប់អ្នកវិនិយោគបរទេស។
កាលពីថ្ងៃច័ន្ទកន្លងទៅ កាសែតខ្មែរថាមស៍បានរាយការណ៍ថាការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ចំនួន ៦ ០៥៩ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២០ កើនឡើង ១៧ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា