យោងតាមទីភ្នាក់ងារលើកកម្ពស់ការវិនិយោគពាណិជ្ជកម្មកូរ៉េ Korea Trade-Investment Promotion Agency បានឱ្យដឹងថាភេសជ្ជៈរបស់ប្រទេសកូរ៉េកំពុងបន្តទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា ខណៈដែលការគាំទ្រពីសំណាក់សាធារណរដ្ឋមានការកើនឡើងជាង ៨ ដងពីចំនួន ៤,៨ លានដុល្លារក្នុងឆ្នាំ ២០១៦ ដល់ ៤១,១ លានដុល្លារនៅឆ្នាំ ២០១៩ ។
ចាប់តាំងពីឆ្នាំ ២០១៨ ភេសជ្ជៈបានក្លាយជាការនាំចេញធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ដែលមានប្រមាណជា ១៣,៤ ភាគរយនៃការនាំចេញសរុបរបស់ប្រទេសនោះ។
សកម្មភាពនេះបានបណ្តាលឱ្យមានអត្រាកំណើនជាមធ្យម ១៧ ភាគរយចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩ ក្នុងវិស័យភេសជ្ជៈរបស់ប្រទេសកូរ៉េខាងត្បូង។ អ្នកជំនាញនានាក៏បានឲ្យដឹងផងដែរថាកំណើនតម្រូវការភេសជ្ជៈដែលនាំចូលក្នុងប្រទេសកម្ពុជាគឺទាក់ទងទៅនឹងការកើនឡើងនៃប្រាក់ចំណូលរបស់ប្រទេសនេះ រួមជាមួយនឹងអត្រាខ្ពស់នៃប្រជាជនវ័យក្មេងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ ២០១៩ ការនាំចូលភេសជ្ជៈសរុបរបស់កម្ពុជាមានទំហំទឹកប្រាក់ចំនួន ៣០០ លានដុល្លារ ដែលស្មើនឹង ៦២,៥ ភាគរយនៃទីផ្សារភេសជ្ជៈរបស់ប្រទេស។
តួលេខនៃការកើនឡើងនេះកើតឡើងស្របពេលដែលកិច្ចចរចាកំពុងបន្តសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជានិងកូរ៉េខាងត្បូង ខណៈដែលការចរចារគ្រោងនឹងបញ្ចប់នៅឆ្នាំនេះ។
កាលពីដើមខែធ្នូឆ្នាំ ២០២០ កន្លងទៅ ការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងកូរ៉េខាងត្បូងត្រូវបានបញ្ជាក់ថាសម្រចបានចំនួន ៩០ ភាគរយហើយ ខណៈដែលកិច្ចពិភាក្សាលើកទី ៤ បានបញ្ចប់កាលពីខែ វិច្ឆិកាកន្លងទៅ។
ប្រទេសទាំងពីរបានព្រមព្រៀងលើផ្នែកនានារួមមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដំណោះស្រាយពាណិជ្ជកម្ម បទប្បញ្ញត្តិទូទៅ យន្តការដំណោះស្រាយជម្លោះ និងបញ្ជីសម្រាប់ផលិតផល។
ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថាក្នុងចន្លោះខែមករានិងខែតុលាឆ្នាំ ២០២០ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកូរ៉េខាងត្បូងមានតម្លៃ ៧២៤ លានដុល្លារ។
ប្រទេសកម្ពុជាបាននាំចេញផលិតផលក្នុងទំហំទឹកប្រាក់ចំនួន ២៦៧ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង ខណៈដែលប្រទេសកម្ពុជាបាននាំចូលទំនិញពីកូរ៉េខាងត្បូងមកវិញក្នុងទំហំទឹកប្រាក់ចំនួន ៤៥៧ លានដុល្លារ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូងរួមមានសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង កាបូបធ្វើដំណើរ គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ ឱសថ និងផលិតផលកសិកម្ម។ ការនាំចូលរបស់កម្ពុជាពីប្រទេសកូរ៉េរួមមានយានយន្ត គ្រឿងអេឡិចត្រូនិក ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា