គម្រោងវិលត្រឡប់របស់អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រឆាំងកាន់តែខិតជិតមកដល់ ហើយលទ្ធភាពនៃការចូលក្នុងប្រទេសរបស់ពួកគេនៅតែស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ខណៈដែលរដ្ឋាភិបាលបានបដិសេធមិនផ្តល់សុពលភាពលិខិតឆ្លងដែន និងទិដ្ឋាការថ្នាក់ខ្មែរដល់ពួកគេ។
លោកឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ ខ.ភបាននិយាយកាលពីថ្ងៃច័ន្ួថាលោកបានប្តេជ្ញាថានឹងរារាំងក្រុមណាមួយដែលបង្កបញ្ហាដល់ប្រទេសជាតិ។
លោក ឌៀង សារុន ក៏ជាមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានអង្គរក្សរដ្ឋមន្ត្រីហ៊ុន សែនផងដែរបានអំពាវនាវឲ្យកងយោធពលខេមរភូមិន្ទកំណត់ ការពារ និងដោះស្រាយរាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ជាពិសេសដើម្បីរួមគ្នាការពារសន្តិភាពដឹកនាំដោយលោក ហ៊ុន សែន។
អតីតមេដឹកនាំមួយចំនួននៃអតីតគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានប្រកាសវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី ៤ ខែមករាដើម្បីចូលរួមការជំនុំជម្រះនាពេលខាងមុខនៅឯសាលាដំបូងរាជធានីភ្នំពេញក្រោមការចោទប្រកាន់ពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។
ទោះយ៉ាងណា លោកស្រី សុខហួរ ក្រោយមកបានកំណត់ពេលវេលាហោះហើរត្រឡប់មកវិញរហូតដល់ថ្ងៃទី ១៧ ខែមករាដោយលើកឡើងពីការផ្អាកជើងហោះហើរដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍។ ពួកគេបានហៅការត្រឡប់មកវិញរបស់ពួកគេដែលបានគ្រោងទុកថាជា ការផ្សះផ្សារជាតិ។
លោកស្រី សុខហួរ ស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់និងសកម្មជនអតីតបក្សប្រឆាំងចំនួន ៣៩ នាក់ដោយក្រសួងបានលុបចោលលិខិតឆ្លងដែនរបស់ពួកគេតាំងពីឆ្នាំ ២០១៩ ។ ពេលនេះលោកស្រី ជាពលរដ្ឋអាមេរិក។
ដើម្បីត្រឡប់មកប្រទេសកម្ពុជាវិញពួកគេត្រូវការលិខិតឆ្លងដែនដែលមានសុពលភាព។ លោកស្រី សុខហួរ និងប្រជាជនខ្មែរដទៃទៀតដែលកាន់លិខិតឆ្លងដែនបរទេសតម្រូវឲ្យដាក់ពាក្យសុំទិដ្ឋាការថ្នាក់ខេ ដើម្បីអាចចូលមកប្រទេសកម្ពុជាបាននៅថ្ងៃទី ១៧ ខែមករា។
ទោះយ៉ាងណា ការប៉ុនប៉ងថ្មីៗនេះរបស់ពួកគេដើម្បីដាក់ពាក្យសុំទិដ្ឋាការថ្នាក់ខេនៅស្ថានទូតកម្ពុជានៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ីក៏ដូចជាស្ថានកុងស៊ុលកិត្តិយសកម្ពុជានៅទីក្រុងឡូវែលនៃរដ្ឋធម្មនុញ្ញនៃរដ្ឋម៉ាសាឈូសេតមិនទទួលបានជោគជ័យទេ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កាលពីម្សិលមិញបានបង្វែរសេចក្តីសម្រេចមិនធ្វើឲ្យលិខិតឆ្លងដែន ឬទិដ្ឋាការរបស់អតីតមេដឹកនាំបក្សប្រឆាំងទៅលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសដែលមិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញករណីនេះបាន។
ទោះយ៉ាងណា លោក ម៉ាលីន បាននិយាយថាយោងតាមគោលការណ៍នៃច្បាប់ព្រហ្មទណ្ឌអន្តរជាតិនិងការអនុវត្តទូទៅប្រសិនបើជនល្មើសរត់គេចពីប្រទេស ឬមានដីកាចាប់ខ្លួនប្រឆាំងនឹងពួកគេប្រទេសកំណើតមានសិទ្ធិបញ្ចប់លិខិតឆ្លងដែនរបស់ពួកគេ។

លោកបន្តថា៖ «គោលបំណងក្នុងការបញ្ចប់សុភលភាពលិខិតឆ្លងដែនគឺដើម្បីកុំឲ្យជនល្មើស ឬជនដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនអាចរត់គេចពីប្រទេសមួយទៅប្រទេសមួយបាន។ តួនាទីរបស់អង្គទូតនៅបរទេស គឺត្រូវសហកាជាមួយរដ្ឋម្ចាស់ផ្ទះក្នុងការចាប់បញ្ជូនជនល្មើស ឬក៏អ្នកដែលមានដីការបង្គាប់ឲ្យចាប់ខ្លួន យកមកអនុវត្តទោសនៅប្រទេសដែលបទល្មើសបានកើតឡើង ឬក៏បទលើសដែលមានជាប់ពាក់ព័ន្ធនឹងពលរដ្ឋរបស់ខ្លួន»។
លោកនិយាយថាតំណាងកម្ពុជានៅបរទេសមានសិទ្ធិបដិសេធសំណើទិដ្ឋាការដើម្បីវិលត្រឡប់មកប្រទេសវិញ។
លោកបន្ថែមថា៖ «ពួកគេមិនអាចចេញ ទិដ្ឋការ ឬសុពលភាពលិខិតឆ្លងដែន ដើម្បីឲ្យអ្នកទាំងនោះមកបង្ហាញខ្លួនក្នុងសវនាកាដោយស្ម័គ្រចិត្តនោះទេ ផ្ទុយទៅវិញគឺពួកគេមានភារកិច្ចសហការជាមួយប្រទេសម្ចាស់ផ្ទះក្នុងការចាប់ជនល្មើសទាំងនោះមកអនុវត្តទោសតាមនីតិវិធីច្បាប់»។
សមាជិកអតីតគណបក្សសង្គ្រោះជាតិមួយចំនួនកាលពីថ្ងៃច័ន្ទបានធ្វើពិធីមួយដើម្បីនិយាយលាដល់មិត្តរួមការងាររបស់ពួកគេដែលមានផែនការវិលត្រឡប់ទៅស្រុកវិញឆាប់ៗនេះដោយនិយាយថាដំណើរនេះមានគោលបំណងដើម្បី «ប្រយុទ្ធប្រឆាំងនឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា»។
នៅក្នុងសុន្ទរកថាលោកស្រី សុខហួរ បានរំឮកអ្នកគាំទ្ររបស់លោកស្រីអំពីផែនការវិលត្រឡប់របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិមកកម្ពុជាវិញនៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៩ ដែលរដ្ឋាភិបាលនៅពេលនោះបានចាត់ទុកថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីស្វែងរកការផ្លាស់ប្តូររបប។ លោកស្រីក៏បានរិះគន់លោក ហ៊ុន សែន ផងដែរចំពោះការរារាំងពួកគេមិនឲ្យវិលត្រឡប់កាលពីឆ្នាំមុន។
នៅពេលនោះ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក រង្ស៊ី និងអតីតសមាជិកជាន់ខ្ពស់ ៨ រូបផ្សេងទៀតនៃគណបក្សសង្គ្រោះជាតិដែលបានរំលាយដោយកំបាំងមុខពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
លោកស្រីនិយាយថា៖ «យើងមិនអនុញ្ញាតឲ្យអ្នកដែលវាយប្រហារយើងហៅយើងថាជាមនុស្សកំសាកឬបរាជ័យឡើយ។ ប៉ុន្តែអ្នកដែលជាមនុស្សកំសាកគឺជាអ្នកដែលមិនបើកផ្លូវឲ្យយើងត្រឡប់ទៅផ្ទះវិញ។ នេះមិនមែនជាការធ្វើមាតុភូមិនិវត្តន៍ធម្មតាទេ ប៉ុន្តែយើងនឹងតវ៉ាទៅតុលាការ»។
មន្ត្រីជាន់ខ្ពស់ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិជាច្រើននាក់ត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងរៀបចំផែនការ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលតាមមាត្រា ៤៥៣ និង ៤៩៤ នៃក្រមព្រហ្មទណ្ឌ។ ពួកគេប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំប្រសិនបើត្រូវបានរកឃើញថាមានពិរុទ្ធភាព។
អ្នកទាំងអស់រួមមានលោក សម រង្ស៊ី និងអតីតសមាជិកសភា លោកស្រី ជូឡុង សូមូរ៉ា ជាភរិយា លោកស្រី មូរ សុខហួរអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង និងអតីតសមាជិកព្រឹទ្ធសភាផ្សេងទៀតដែលបានកោះហៅរួមមានលោក អ៊ុំ សំអាន លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទរិទ្ធ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក តុ វ៉ាន់ចាន់ និងលោក គង់ សភា។
ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលបាននិយាយថាអ្នកដែលកំពុងប្រឈមមុខនឹងរឿងក្ដីនឹងត្រូវចាប់ខ្លួននៅពេលពួកគេមកដល់ប្រទេសកម្ពុជា។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបាននិយាយថាខ្ញុំយល់ថាគម្រោងវិលត្រឡប់របស់លោកស្រី មូ សុខហួរ គ្រាន់តែជាការសកម្មភាពនយោបាយរបស់អតីតថ្នាក់ដឹកនាំCNRP ដែលបានខិតខំប្រឹងប្រែងរកមធ្យោបាយដើម្បីបន្តជីវិតនយោបាយ និងទាមទារសិទ្ធិសេរីភាពនយោបាយ ក៏ដូចជាគណបក្សរបស់ពួកគាត់មកវិញ»។
លោកបន្តថា៖ «ចំពោះលទ្ធផលនៃការវិលត្រឡប់មក ឬមិនមក គឺវាអាស្រ័យលើកត្តាជាច្រើនដែលជាកត្ដារាំងស្ទះ រួមមានទាំងកត្តាបច្ចេកទេសពាក់ព័ន្ធក្រុមហ៊ុន អាកាសចរដែលហោះមកស្រុកខ្មែរក៏មានចំនួនកំណត់ក្នុងសម័យកូវីត ហើយការធ្វើដំណើររបស់ពួកគាត់ ក៏ប្រឈមមុខនឹងផលវិបាកផ្នែកវេជ្ជសាស្ត្រ គឺការរីករាលដាលនៃជំងឺកូវីត១៩ រួមផ្សំនឹងកត្ដានយោបាយ»។
លោកនិយាយថា៖ «ដូច្នេះសម្រាប់ពួកគាត់ មិនមែនជាការងាយស្រួលទេ។ ខ្ញុំសុំមិនទស្សទាយចំពោះ គម្រោងនៃការវិលត្រឡប់របស់ពួកគាត់ទេ ប៉ុន្តែខ្ញុំមើលឃើញការប្រកាសវិលត្រឡប់របស់ពួកគាត់ គឺជាសកម្មភាពនយោបាយដើម្បីបង្កើនការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ថាពួកគាត់មិននៅស្ងៀមទេ ហើយបន្តរកមធ្យោបាយដើម្បីត្រឡប់មកធ្វើនយោបាយ ក៏ដូចជាទាមទារសិទ្ធិនយោបាយរបស់ខ្លួនវិញ»។
លោកបន្ថែមថា៖ «សម្រាប់ឆ្នាំថ្មីនេះ ខ្ញុំចង់ឃើញអ្នកនយោបាយខ្មែរ បោះបង់ទំនាស់នយោបាយផ្ទាល់ខ្លួនក្ដី គណបក្សក្ដី ហើយត្រឡប់មកដើរតាមគន្លងនៃការបង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិឡើងវិញ ដើម្បីឲ្យយើងមានឱកាស និងកំលាំងគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងបញ្ហាធំៗរបស់ជាតិ រួមបញ្ជូលទាំងជំងឺកូវីដ-១៩ ការបាត់បង់ការងាររបស់ពលរដ្ឋ និងការប្រែប្រួលអាកាសធាតុ និងលទ្ធិពលភូមិសនយោបាយមកលើកម្ពុជាក្នុងពេលបច្ចុប្បន្ន និងពេលអនាគត»៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី