ពលករចំណាកស្រុកជាច្រើនដែលបានវិលត្រឡប់មកពីប្រទេសថៃដោយសារការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ-១៩ ស្ថិតក្នុងស្ថានភាពលំបាកដោយសារការមិនមានការងារធ្វើ និងថវិការប្រចាំថ្ងៃ។
លោក សន សីហា អាយុ ៣២ ឆ្នាំបាននិយាយថាលោកមិនមានការងារធ្វើចាប់តាំងពីខែមីនាឆ្នាំមុន និងបានខិតខំយ៉ាងខ្លាំងដើម្បីទទួលបានការងារនៅក្នុងស្រុក ប៉ុន្តែការខិតខំប្រឹងប្រែងរបស់លោកមិនមានប្រយោជន៍អ្វីទេ។
លោកបន្ថែមថា៖ «ការបាត់បង់ការងារគឺជាបទពិសោធន៍អាក្រក់មួយ ហើយការមិនទទួលបានការងារធ្វើគឺជាបទពិសោធន៍ដែលរឹតតែអាក្រក់។ ខ្ញុំគិតថានៅពេលដែលខ្ញុំបានត្រឡប់មកស្រុកកំណើតខ្ញុំអាចទទួលបានការងារធ្វើប៉ុន្តែវាហាក់ដូចជាពិបាកខ្លាំងណាស់»។
លោកបន្តថាគាត់បានស្វែងរកការងារនៅតាមរោងចក្រ ក្រុមហ៊ុនសន្តិសុខឯកជនហើយថែមទាំងបានសាកល្បងរកនៅភោជនីយដ្ឋានក្នុងស្រុកផងដែរ ប៉ុន្តែមិនមានឪកាសការងារនោះទេ។
លោកបានប្រាប់កាសែតខ្មែរថាមស៍កាលពីថ្ងៃសុក្រសប្តាហ៍មុននៅពេលដែលបានជួបនៅសួនកាណាឌីយ៉ាក្នុងរាជធានីភ្នំពេញថា៖ «ខ្ញុំគិតថាអំឡុងពេលនៃជំងឺរាតត្បាតនេះគឺពិតជាពេលវេលាដ៏អាក្រក់មួយ ខ្ញុំមានអារម្មណ៍ថាអស់សង្ឃឹមខ្លាំងណាស់»។
លោកសង្ឃឹមថាលោកអាចវិលត្រឡប់ទៅប្រទេសថៃវិញ ដើម្បីធ្វើការនៅក្នុងចម្ការនៅខេត្តសូរិន្ទ ដែលជាកន្លែងដែលលោកធ្លាប់ធ្វើការនិងរកប្រាក់បានប្រហែល ៩ ទៅ ១៧ ដុល្លារក្នុងមួយថ្ងៃបន្ទាប់ពីប្រទេសថៃបានគ្រប់គ្រងរលកទី ២ នៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។
លោកនិយាយថានៅពេលគាត់ត្រឡប់មកផ្ទះរបស់គាត់នៅខេត្តព្រៃវែងបន្ទាប់ពីគាត់បានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅខេត្តបាត់ដំបង គាត់បានធ្វើការជាមួយក្រុមគ្រួសាររបស់គាត់នៅវាលស្រែមុនពេលផ្លាស់មករស់នៅបន្ទប់ជួលនៅភ្នំពេញជាមួយប្អូនស្រីរបស់គាត់។
លោកបានសម្តែងនូវទុក្ខព្រួយថា៖ «ខ្ញុំចាប់ផ្តើមរកការងារធ្វើរហូតមកដល់ថ្ងៃនេះ តែខ្ញុំនៅតែរកមិនបាន»។
លោក សាត ចំណាន អាយុ ២៦ ឆ្នាំដែលបានវិលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងកាលពីខែកក្កដាឆ្នាំមុនក៏ស្ថិតក្នុងស្ថានភាពដូចគ្នានិងបាននិយាយថារាល់ក្តីសុបិន្តរបស់គាត់ក្នុងការរកប្រាក់ និងជួយក្រុមគ្រួសាររបស់គាត់ត្រូវបានរលាយដោយសារជំងឺកូវីដ-១៩ ។
លោកបន្ថែមថា៖ «ខ្ញុំចង់ត្រឡប់ទៅរោងចក្រអេឡិចត្រូនិកនៅប្រទេសកូរ៉េខាងត្បូងដែលខ្ញុំបានធ្វើការអស់រយៈពេលជាងពីរឆ្នាំវិញ ប៉ុន្តែខ្ញុំត្រូវរង់ចាំដោយសារតែជំងឺរាតត្បាតនេះ»។
លោកនិយាយថានៅពេលលោកត្រឡប់មកផ្ទះវិញ លោកបានជួយសាងសង់ផ្ទះសម្រាប់ឪពុកម្តាយរបស់លោកនៅស្រុកស្អាងខេត្តកណ្តាល និងចាប់ផ្តើមអាជីវកម្មខ្នាតតូចមួយ លោកបានរៀបការ ប៉ុន្តែក្តីសុបិន្តរបស់គាត់ត្រូវបានរលាយនៅពេលដែលលោកអស់ថវិការសម្រាប់ផ្គត់ផ្គងតម្រូវការប្រចាំថ្ងៃ។
ឥឡូវនេះ លោកធ្វើការជាអ្នករត់ម៉ូតូឌុបនៅភ្នំពេញបន្ទាប់ពីការប៉ុនប៉ងរកការងារផ្សេងទៀតបានបរាជ័យ។
ដូចគ្នានឹងលោក សីហា និងលោក ចំណានដែរ មានពលករចំណាកស្រុករាប់ពាន់នាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃដែលកំពុងតស៊ូដើម្បីរកប្រាក់សម្រាប់ផ្គត់ផ្គងតម្រូវការប្រចាំថ្ងៃ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថាមានពលករចំណាកស្រុកកម្ពុជាចំនួន ១២ ០៨៨ នាក់នៅក្នុងប្រទេសថៃបានវិលត្រឡប់មកវិញនៅចន្លោះថ្ងៃទី ២០ ខែធ្នូនិងថ្ងៃទី ៧ ខែមករា។
របាយការណ៍ចុងក្រោយបំផុតរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) របស់អាស៊ានដែលមានចំណងជើងថា ការត្រលប់មកផ្ទះវិញ៖ ការផ្ទេរប្រាក់នៅក្នុងតំបន់អាស៊ាន+៣ ដែលរងគ្រោះដោយសារជំងឹរាតត្បាត ការធ្វើចំណាកស្រុកពីសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន+៣ បានកើនឡើងជាលំដាប់ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ។ ភាគហ៊ុននេះបានកើនឡើងពីប្រមាណ ១៤.៥ លាននាក់នៃពលករចំណាកស្រុកកាលពីទសវត្សឆ្នាំ ១៩៩០ ដល់ជាង ៣៥ លាននាក់។
ទិសដៅធំបំផុតសម្រាប់ពលករចំណាកស្រុកមកពីសេដ្ឋកិច្ចអាស៊ា+៣ គឺទាំងនៅក្នុងតំបន់និងក្រៅតំបន់។ នៅក្នុងតំបន់ប្រទេសថៃគឺជាទិសដៅដ៏សំខាន់ជាពិសេសសម្រាប់ពលករចំណាកស្រុកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។
ទោះបីជាមានប្រាក់ឈ្នួលទាបក៏ដោយ ក៏ពលករចំណាកស្រុកកម្ពុជាបានចំណាយប្រាក់ជាមធ្យម ១.២២៨ ដុល្លារក្នុងមួយឆ្នាំហើយអ្នកផ្តល់បទសម្ភាសន៍បាននិយាយថាការផ្ទេរប្រាក់មានសារៈសំខាន់ណាស់ក្នុងការថែរក្សា ឬកែលំអស្ថានភាពរស់នៅរបស់គ្រួសារពួកគេក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃច័ន្ទ ទីភ្នាក់ងារជាតិមុខរបរនិងការងាររបស់ក្រសួងការងារបានកំណត់ឱកាសការងារបឋមចំនួន ២០ ០០០ នៅក្នុងឧស្សាហកម្ម និងវិស័យផ្សេងៗគ្នាសម្រាប់ពលករចំណាកស្រុកកម្ពុជា។
មុនពេលជំងឺរាតត្បាត មានពលករចំណាកស្រុកកម្ពុជាប្រមាណ ១,៧ លានទៅ ២ លាននាក់នៅប្រទេសថៃប៉ុន្តែគិតត្រឹមខែកញ្ញាមានពលករប្រហែល ១,១ លាននាក់។
ក្រៅពីប្រទេសថៃ ពលករខ្មែរបានធ្វើការនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន និងម៉ាឡេស៊ីរួមទាំងជាស្ត្រីបម្រើការតាមផ្ទះផងដែរ៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី