នៅក្នុងការវិវត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យសាធារណៈបានឃើញថាមិនបានយកចិត្តទុកដាក់ចំពោះការអនុវត្តការរក្សាគម្លាតសង្គមដែលត្រូវបានដាក់យ៉ាងតឹងរឹងដើម្បីការពារការឆ្លងនៃជំងឺកូវីដ-១៩ នោះទេ។
អ្នកជំងឺដែលបានទៅមន្ទីរពេទ្យកាល់ម៉ែតដែលគ្រប់គ្រងដោយក្រសួងសុខាភិបាលកាលពីព្រឹកម្សិលមិញបានបង្ហាញថាវិធានការណ៍ការអនុវត្តការរក្សាគម្លាតសង្គមត្រូវបានគេព្រងើយកន្តើយ ហើយចំពោះបុគ្គលិកមន្ទីរពេទ្យហាក់ដូចជាមិនមានការយកចិត្តទុកដាក់ចំពោះអ្វីដែលកើតឡើងនោះទេ។
អ្នកជំងឺម្នាក់បានថតរូបភាពនៅពេលគាត់កំពុងរង់ចាំការចេញវេជ្ជបញ្ជា ដែលបង្ហាញថាមនុស្សជាច្រើនបានប្រមូលម្តុំគ្នានៅពេលពួកគេកំពុងរង់ចាំទទួលការពិនិត្យ។
អ្នកជំងឺដែលមិនចង់បញ្ចេញឈ្មោះបាននិយាយថា៖ «ដំបូងខ្ញុំមានការភ្ញាក់ផ្អើលនៅពេលដែលឃើញមនុស្សជាច្រើនមិនអនុវត្តការរក្សាគម្លាតសង្គម មិនយកចិត្តទុកដាក់លើស្លាកសញ្ញាដែលដាក់លើកៅអីសម្រាប់ការរក្សាគម្លាតសង្គម អ្នកមួយចំនួនទៀតថែមទាងអង្គុយកៅអីតែមួយ»។
លោកបន្តថា៖ «វាធ្វើឲ្យខ្ញុំមិនស្រួលក្នុងចិត្ត ហើយធ្វើឲ្យខ្ញុំព្រួយបារម្ភពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ។ បុគ្គលិកពេទ្យបានដើរឆ្លងកាត់ស្ថានភាពនេះ ប៉ុន្តែមិនមានអ្វីដែលត្រូវបានធ្វើដើម្បីកែស្ថានការណ៍ទេ ហើយនៅខាងក្រៅក៏មានមនុស្សច្រើនកុះករដែរ»។
លោកនិយាយថា អ្នកជំងឺភាគច្រើនបានពាក់ម៉ាស ទោះបីជាលោកបានកត់សម្គាល់ឃើញថាអ្នកខ្លះមិន បានពាក់ឲ្យបានត្រឹមត្រូវក៏ដោយ។
.លោកបានកត់សម្គាល់ថានៅថ្ងៃច័ន្ទមានមនុស្សច្រើនអង្គុយលើកៅអីអង្គុយនៅខាងក្រៅរង់ចាំសមាជិកគ្រួសារ ឬរង់ចាំរកកន្លែងនៅខាងក្នុងដើម្បីទទួលបានការពិនិត្យ។
លោកថាទោះយ៉ាងណាវិធានការបង្ការមេរោគដទៃទៀតគឺត្រូវបានធ្វើឡើងដូចជាការវាស់សីតុណ្ហភាព និងការបាញ់អាល់កុលនៅពេលដែលអ្នកជំងឺចូលក្នុងមន្ទីរពេទ្យ។
លោកបន្តថាកាលពីសប្តាហ៍មុន គាត់ក៏បានជួបនូវការស្ថានភាពដែលមិនយកចិត្តទុកដាក់ទាំងស្រុងចំពោះការរក្សាគម្លាតសង្គម នៅពេលគាត់ទៅចុះឈ្មោះនៅមន្ទីរពេទ្យ។
លោកឆ្ងល់ពីរបៀបដែលក្រសួងសុខាភិបាលនឹងអាចបញ្ចុះបញ្ចូលគ្រឹះស្ថានផ្សេងទៀតដូចជាធនាគារ ដើម្បីអនុវត្តការរក្សាគម្លាតសង្គម នៅពេលដែលមន្ទីរពេទ្យផ្ទាល់ធ្វើមិនបាន។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេបន្ទាប់ពីមានការប៉ុនប៉ងទាក់ទងជាច្រើនដងមក។ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
បុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរ។
មន្ទីរពេទ្យកាល់ម៉ែតគឺជាស្ថាប័នសាធារណៈគ្រប់គ្រងដោយក្រសួងសុខាភិបាល ដែលបានអនុវត្តវិធានការការពាររោគរាតត្បាតនៅទូទាំងប្រទេស។
កន្លងមក ក្រសួងបានហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពី ២០ នាក់និងតម្រូវឲ្យភោជនីយដ្ឋាន ផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនដើម្បីអនុវត្តតាមវិធានការរបស់ក្រសួង។
នីតិវិធីប្រតិបត្តិស្តង់ដាររបស់ក្រសួងសុខាភិបាលដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលប្រជាជនគួរតែរក្សាគម្លាតសង្គមយ៉ាងតិច ២ ម៉ែត្រពីគ្នា ការពាក់ម៉ាសជាប្រចាំ ការរក្សាអនាម័យ និងលាងដៃ ចៀសវាងទៅកន្លែងដែលមានមនុស្សច្រើន។
នៅក្នុងខែឧសភា មន្រ្តីរដ្ឋាភិបាលបានព្រមានថាពួកគេនឹងបិទភោជនីយដ្ឋានណាមួយ ប្រសិនបើរកឃើញថាមិនបានអនុវត្តវិធានការណ៍យ៉ាងតឹងរឹងដែលរួមមានការពាក់ម៉ាស់ និងរក្សាគម្លាតសង្គម។
នៅក្នុងខែសីហា ភោជនីយដ្ឋានចំនួនពីរត្រូវបានបិទដោយសារមិនបានអនុវត្តវិធានការណ៍របស់ក្រសួងឲ្យបានត្រឹមត្រូវ
អំឡុវពេលបុណ្យណូអែល ភោជនីយដ្ឋាននិងអាជីវកម្មនានាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ដែលណែនាំដោយក្រសួង ដោយបានលុបចោលនូវព្រឹត្តិការណ៍ទាំងស្រុង។
ជាមួយគ្នានេះដែរក្រសួងសុខាភិបាលកាលពីម្សិលមិញបានរាយការណ៍ពីករណីថ្មីមួយនៃជំងឺកូវីដ-១៩ ដែលអ្នកជំងឺមានភេទស្រីអាយុ ២៨ ឆ្នាំមកពីខេត្តបាត់ដំបងដែលបានវិលត្រឡប់មកពីប្រទេសថៃកាលពីថ្ងៃទី ៨ ខែមករា បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ចំនួនករណីក្រុមពលករចំណាកស្រុកកម្ពុជាបានកើនឡើងដល់ ២៧ នាក់ហើយគិតជាចំនួនសរុបនៅកម្ពុជានាពេលបច្ចុប្បន្នមានចំនួន ៣៩២ នាក់។
នៅក្នុងការអភិវឌ្ឍមួយផ្សេងទៀតមានសេចក្តីរាយការណ៍ថាពលករចំណាកស្រុកជាង ២ ០០០ នាក់បានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃរបស់ពួកគេ ហើយពលករមួយចំនួនបានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ ពួកគេបានវិលត្រឡប់មកវិញតាមខេត្តបាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី ២០ ខែធ្នូដល់ថ្ងៃទី ១០ ខែមករា។
លោក វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបាននិយាយថាចាប់ពីថ្ងៃទី ២០ ខែធ្នូដល់ថ្ងៃទី ១០ ខែមករាមានពលករសរុបចំនួន ២ ៣១២ នាក់បានវិលត្រឡប់មកពីប្រទេសថៃវិញហើយហើយបច្ចុប្បន្ននេះមានកម្មករចំនួន ១ ៤២៧ នាក់ដែលកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក។
លោកបន្តថា៖ «គណៈកម្មាធិការគ្រប់គ្រងមណ្ឌលនៅក្នុងខេត្តបាត់ដំបងបានអនុញ្ញាតឲ្យពលករចំណាកស្រុកជាង ៥៦៨ នាក់វិលត្រឡប់ទៅស្រុកកំណើតវិញបន្ទាប់ពីពួកគេបានបញ្ចប់ការធ្វើចត្តាឡីស័ក»។
លោកនិយាយថាអ្នកដែលបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទទួលបានវិញ្ញាបនប័ត្របញ្ជាក់ថាពួកគេបានអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាលក្នុងអំឡុងពេលនៃការការធ្វើចត្តាឡីស័ក។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបាននិយាយថារហូតមកដល់ពេលនេះមានពលករសរុប ៨២៤ នាក់ (ស្រី ៣៦៨ នាក់) បានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញបន្ទាប់ពីបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។
លោកបន្តថាមានពលករជាង ៤ ០០០ នាក់បានឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រំដែនចាប់ពីថ្ងៃទី ២០ ខែធ្នូដល់ថ្ងៃទី ៧ ខែមករាហើយកម្មករចំនួន ៣ ៧៥៤ នាក់កំពុងស្ថិតក្នុងការការធ្វើចត្តាឡីស័ក។
លោកបន្ថែមថាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះលោកសង្កេតឃើញថាពលករចំណាកស្រុកជាមធ្យមក្នុងមួយថ្ងៃមានពលករពី ២០០ ទៅ ២៥០ នាក់បានវិលត្រឡប់មកវិញ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យបាននិយាយថាពលករចំណាកស្រុកចំនួន ៣ ១៣៥ នាក់បានវិលត្រឡប់មកវិញចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកាដល់ថ្ងៃទី ១០ ខែមករា។ ពលករចំនួន ១២៥ នាក់បានបញ្ចប់ការធ្វើចត្តាឡីស័កហើយជិត ២ ០០០ នាក់កំពុងតែបន្តការធ្វើចត្តាឡីស័កនៅមណ្ឌល។
ជាមួយគ្នានេះដែរតាមការណែនាំរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកស្រី វណ្ណឌីន និងមន្រ្តីក្រសួងសុខាភិបាលកាលពីម្សិលមិញបានអមដំណើរលោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងដំណើរទស្សនកិច្ចនៅព្រំដែនកម្ពុជា-ថៃក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងប៉ៃលិន ដើម្បីផ្តល់ការគាំទ្រដល់មន្រ្តីសុខាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីរារាំងការឆ្លងចូលនៃជំងឺកូវីដ-១៩ ពីប្រទេសជិតខាង៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី