ព្រះមហាក្សត្រនរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យតែងតាំងរដ្ឋលេខាធិការចំនួន ៤ រូបអនុរដ្ឋលេខាធិការ ២ រូបនិងទីប្រឹក្សាក្រសួងសុខាភិបាលចំនួន ២៩ រូបដែលមានឋានៈស្មើរដ្ឋលេខាធិការក្រោមរដ្ឋ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ៧ ខែមករាដែលទទួលបានកាលពីម្សិលមិញដោយកាសែតខ្មែរថាមស៍រដ្ឋលេខាធិការចំនួន ៤ រូបដែលត្រូវបានតែងតាំងរួមមានវេជ្ជបណ្ឌិត កើត ម៉ាច វេជ្ជបណ្ឌិត ម៉ី សំបូរ វេជ្ជបណ្ឌិត ឡូ វាសនាគីរី និងវេជ្ជបណ្ឌិត ង៉ូវ កាង។
អនុរដ្ឋលេខាធិការចំនួន ២ រូបដែលត្រូវបានតែងតាំងដោយរដ្ឋមានដូចជាលោកបណ្ឌិត បាន បូតានិងលោកបណ្ឌិតហេង សុធី។ ទីប្រឹក្សាចំនួន ២៩ រូបផ្សេងទៀតដែលត្រូវបានតែងតាំងទៅក្រសួងសុខាភិបាលភាគច្រើនជាប្រធាន និងអនុប្រធានមន្ទីរសុខាភិបាលក្រុង និងខេត្តនៅក្នុងទីក្រុង និងខេត្តនានាទូទាំងប្រទេស។
លោកបណ្ឌិត វាសនាគីរី ប្រធាននាយកដ្ឋានផែនការ ក្រសួងសុខាភិបាលបានបញ្ជាក់កាលពីម្សិលមិញថាលោកគឺជារដ្ឋលេខាធិការមួយរូបក្នុងចំណោមរដ្ឋលេខាធិការទាំង ៤ ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រ។
លោកបានកោតសរសើរ និងសាទរចំពោះការតែងតាំងថ្មីនេះ ដោយលោកបានខិតខំធ្វើការដើម្បីជាប្រយោជន៍ដល់សាធារណជននិងប្រទេស។
លោកបាននិយាយថា៖ «ខ្ញុំពិតជាមានកិត្តិយសនិងរីករាយណាស់ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រជារដ្ឋលេខាធិការក្រសួងសុខាភិបាល»។
លោកបន្តថា៖ «ជាមួយនឹងតួនាទីថ្មីនេះខ្ញុំបានប្តេជ្ញាចិត្តបន្តខិតខំដើម្បីជាប្រយោជន៍ដល់ប្រជាជនរដ្ឋាភិបាលនិងប្រទេស»។
លោកស្រី យក់ សម្បត្តិ អ្នកនាំពាក្យក្រសួងបាននិយយាថាលោកស្រីជាប់រវល់នៅក្នុងកិច្ចប្រជុំរបស់ក្រសួងហើយមិនអាចធ្វើការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី