រដ្ឋាភិបាលបានប្រកាសថាខ្លួននឹងប្រើប្រាស់ចំណូលបានមកពីផលិតកម្មប្រេងនាពេលអនាគតក្នុងការលើកកម្ពស់ការអប់រំឌីជីថលដែលត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុកសម្រាប់បុគ្គលិកបច្ចេកទេសនិងជំនាញ។
ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើដល់ក្រសួងអប់រំក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលក្នុងវិស័យអប់រំតាមរយៈការបណ្ដុះបណ្ដាលទេពកោសល្យឆ្ពោះទៅរកសមត្ថភាពច្នៃប្រឌិតដែលឆ្លើយតបទៅនឹងតម្រូវការនៃសតវត្សរ៍ទី ២១ ។
សកម្មភាពនេះពាក់ព័ន្ធនឹងការផ្តោតការយកចិត្តទុកដាក់លើសកម្មភាពបង្រៀននៅក្នុងជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា STEM ។
នៅក្នុងសេចក្តីប្រកាសដដែល លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីភាពចាំបាច់សម្រាប់ក្រសួងដើម្បីបន្តកែលម្អនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀនរួមមានអាគារ ថ្នាក់រៀន បន្ទប់ពិសោធន៍ និងបន្ទប់កុំព្យូទ័រ។ លោកបានលើកឡើងថាការសិក្សារៀនសូត្រប្រកបដោយបរិយាកាសស្រស់ស្អាតគួរតែត្រូវបានបង្កើតឡើង ដែលជាកន្លែងផ្តល់ទឹកស្អាត បង្គន់អនាម័យ និងសួនច្បារ។
លោក ហ៊ុន សែន បន្តថាខណៈដែលប្រទេសកម្ពុជាដែលបានទាញយកផលិតកម្មប្រេងដំបូងរបស់ខ្លួនដោយជោគជ័យ រដ្ឋាភិបាលបានប្តេជ្ញាថានឹងប្រើប្រាស់ចំណូលបានមកពីផលិតកម្មប្រេងឲ្យបានល្អប្រសើរក្នុងការអភិវឌ្ឍវិស័យអប់រំនិងវេជ្ជសាស្ត្រ។
លោកបន្ថែមថាចំណូលពីប្រេងរបស់ប្រទេសកម្ពុជានឹងជួយជាថវិកាសម្រាប់ការច្នៃប្រឌិតឌីជីថលដែលត្រូវការជាចាំបាច់នៅក្នុងវិស័យអប់រំ។
ការទាញយកផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជាគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសជាតិ។
រដ្ឋាភិបាលគ្រោងនឹងប្រើប្រាក់ចំណូលដែលទទួលបានដើម្បីផ្តល់មូលនិធិដល់កម្មវិធីផ្សេងៗគ្នាដើម្បីកែលំអការអប់រំឌីជីថលនៅក្នុងប្រទេសកម្ពុជាដោយមានជំនួយពីក្រសួងអប់រំជាមួយ មជ្ឈមណ្ឌលអន្តរជាតិយូនីស្កូ ដើម្បីភាពច្នៃប្រឌិតការអប់រំកម្រិតឧត្ដមសិក្សា UNESCO-ICHEI ដើម្បីធ្វើពិពិធកម្មការអប់រំឧត្តមសិក្សានិងផ្តោតលើកម្មវិធីឌីជីថលកាន់តែច្រើន។
កម្មវិធីអប់រំឌីជីថលគឺជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលទាក់ទងនឹងទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍កាលពីពេលកន្លងទៅថាផែនការនេះគឺដើម្បីលើកកម្ពស់ការអប់រំឌីជីថលតាមរយៈកម្មវិធីព័ត៌មានវិទ្យានិងបច្ចេកវិទ្យាគមនាគមន៍ដែលជាឧបករណ៍សម្រាប់បង្រៀននិងសិក្សារៀនសូត្រ។
លោកថា៖ «វាមានគោលបំណងដើម្បីធានាថាសិស្សានុសិស្សកម្ពុជាទាំងអស់បញ្ចប់ការសិក្សាជាមួយនឹងចំណេះដឹងនិងជំនាញដែលនឹងជួយពួកគេឱ្យបន្តការសិក្សានិងធ្វើការប្រកបដោយវិជ្ជាជីវៈ»។
លោកបន្ថែមថា៖ «ខ្ញុំជឿជាក់ថាអាទិភាពនៃការអប់រំឌីជីថលជាពិសេសនៅក្នុងបរិបទនៃវីរុសកូវីដ១៩ នឹងជំរុញឱ្យក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានាណែនាំកម្មវិធីបន្ថែមទៀតដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ»។
កាលពីចុងឆ្នាំ ២០២០ កន្លងទៅ ប្រទេសកម្ពុជាបានចាប់ផ្តើមទាញយកផលិតកម្មប្រេងដំបូងរបស់ខ្លួនក្នុងឈូងសមុទ្រថៃ។ ការបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនរបស់ប្រទេសសឹង្ហបូរី KrisEnergy Ltd បានចាប់ផ្តើមផលិតហើយនឹងត្រូវអភិវឌ្ឍអណ្តូងថ្មីនៅប៉ុន្មានខែខាងមុខនេះ។
ប្រទេសកម្ពុជាបានរកឃើញថាខ្លួនអាចទាញយកតំណក់ប្រេងនៅឈូងសមុទ្ររបស់ខ្លួនអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ខណៈដែលក្រុមហ៊ុនប្រេងផ្សេងទៀតដូចជា Chevron បានវិនិយោគនៅក្នុងការរុករករ៉ែនៅឯនាយសមុទ្ររបស់ប្រទេសកម្ពុជានាពេលកន្លងមក។ ប៉ុន្តែផលិតកម្មត្រូវបានពន្យាពេលអស់ជាច្រើនឆ្នាំដោយសារតែក្រុមហ៊ុនមានការភ័យខ្លាចចំពោះតម្លៃប្រេងទាបហើយដោយសារតែរដ្ឋាភិបាលកម្ពុជាមិនអាចឈានដល់កិច្ចព្រមព្រៀងលើផលិតកម្មជាមួយក្រុមហ៊ុនប្រេងណាមួយ។
ទីតាំងទាំងនោះនឹងចាប់ផ្តើមជាមួយនឹងការផលិតប្រេងប្រមាណជា ៧៥០០ បារ៉ែលក្នុងមួយថ្ងៃដែលជាចំនួនតិចតួច ខណៈដែលប្រទេសរុស្ស៊ីផលិតបានជាង ១០ លានបារ៉ែលក្នុងមួយថ្ងៃ និងថៃផលិតច្រើនជាងប្រទេសកម្ពុជា។ ទោះបីជាទិន្នផលដែលទទួលបានមានចំនួនតិចតួច បរិមាណនេះត្រូវបានរាយការណ៍ថានឹងបង្កើតប្រាក់ចំណូលថ្មីចំនួន ៥០០ លានដុល្លារសម្រាប់កម្ពុជា។
រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជឿជាក់ថានឹងមានប្រេងរាប់រយលានបារ៉ែលដើម្បីបូមចេញពីដែនទឹករបស់ខ្លួន។ ប្រាក់ចំណូលអាចនឹងបង្កើនសក្តានុពល ខណៈដែលទីតាំងអណ្តូងថ្មីត្រូវបានបង្កើតបន្ទាប់ពីដំណាក់កាលដំបូងនៃគម្រោង៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា