ទីតាំងហាត់កីឡាជាច្រើនដែលបានបើកដំណើរការនៅទូទាំងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំគឺជាសកម្មភាពដែលបង្ហាញពីចំនួនប្រជាជនដែលប្រកាន់ខ្ជាប់នូវរបៀបរស់នៅប្រកបដោយសុខភាពល្អ។
ចំនួនអ្នកលេងកីឡាមួយចំនួនកំពុងតែមានការប្រើប្រាស់អាហារបំប៉នសុខភាពទៅក្នុងរបបអាហារនិងរបបហាត់ប្រាណដើម្បីទទួលបានលទ្ធផលល្អប្រសើរដែលបានជំរុញទីផ្សារសម្រាប់ផលិតផលអាហាររូបត្ថម្ភនៅកម្ពុជា។
ចំណាប់អារម្មណ៍លើការរស់នៅប្រកបដោយសុខភាពល្អកាន់តែមានការកើនឡើង ស្របពេលដែលមានទីផ្សារផលិតផលថែទាំសុខភាពកាន់តែច្រើន បង្កើនការចំណាយលើការថែទាំសុខភាព ការកើនឡើងនៃចំណាប់អារម្មណ៍លើអាហារដែលដាំដុះតាមបែបសរីរាង្គ និងតម្រូវការខ្ពស់សម្រាប់អាហារបំប៉ននិងភេសជ្ជៈសុខភាពនានា។
យោងតាមគេហទំព័រ ResearchAndMarkets.com ដែលអះអាងថាជាទីតាំងស្រាវជ្រាវទីផ្សារធំជាងគេបំផុតនៅលើពិភពលោកបានឲ្យដឹងថា ទីផ្សារអាហារូបត្ថម្ភសម្រាប់សកម្មភាពកីឡានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានរំពឹងថានឹងកើនឡើងក្នុងអត្រាកំណើន មធ្យមប្រចាំឆ្នាំ (CAGR) ៩,៥ ភាគរយក្នុងពេលបច្ចុប្បន្នដល់ឆ្នាំ ២០២៣ ។
លោក ជួនចាន់ រីតា ជាម្ចាស់ហាងអាហារបំប៉ន Home Nutrition ជាហាងបំប៉នសុខភាពមួយនៅរាជធានីភ្នំពេញ បានឲ្យដឹងថានៅពេលមនុស្សផ្តោតសំខាន់លើសុខភាពនិងការហាត់ប្រាណ ពួកគេប្រើប្រាស់អាហារបំប៉នដោយសង្ឃឹមថាទទួលបានលទ្ធផលល្អប្រសើរ។ សកម្មភាពនេះបានជំរុញកំណើនសម្រាប់អាជីវកម្មរបស់លោកដែលបានដំណើរការអស់រយៈពេល ៣ ឆ្នាំមកនេះ។
លោកថា៖ «ហាងលក់អាហារបំប៉នសុខភាពរបស់ខ្ញុំទទួលបានការចាប់អារម្មណ៍ ស្របពេលដែលមានទីតាំងហាត់ប្រាណកាន់តែច្រើនបានបើកដំណើរការ។ ខ្ញុំបានចាប់ផ្តើមអាជីវកម្មដំបូងតាមប្រព័ន្ធអនឡាញ បន្ទាប់មកបានបើកហាងមួយខណៈដែលអាជីវកម្មមានភាពមមាញឹក។ មនុស្សជាច្រើនគិតគូពីរូបរាងរបស់ពួកគេរួមជាមួយនឹងការធ្វើលំហាត់ប្រាណឲ្យបានច្រើន ពួកគេបានប្រើប្រាស់អាហារបំប៉នដើម្បីជាជំនួយបន្ថែម»។
លោកបន្តថា៖ «យើងបានឃើញពីកំណើនប្រចាំឆ្នាំជាមធ្យម ២៥ ភាគរយក្នុងមួយឆ្នាំ ខណៈដែលយើងកាន់តែមានប្រជាប្រិយភាព។ អាហារបំប៉នរបស់យើងមានប្រភពមកពីសហរដ្ឋអាមេរិកហើយត្រូវបាននាំចូលដោយផ្ទាល់មកាន់កាន់ទីក្រុងភ្នំពេញ។ ទីផ្សារពិតជាមានការកើនឡើងសម្រាប់អាហារបំប៉នសុខភាពនៅទូទាំងអាស៊ីអាគ្នេយ៍ហើ យជាពិសេសនៅទីនេះ នៅក្នុងប្រទេសកម្ពុជា»។
អាហារបំប៉នដែលហាងរបស់លោកលក់រួមមានម្សៅប្រូតេអ៊ីន, creatine, អាស៊ីតអាមីណូ និងវីតាមីន។ ក្នុងនោះ ទំនិញដែលពេញនិយមបំផុតគឺម្សៅប្រូតេអ៊ីនដែលលក់ក្នុងតម្លៃពី ៥០ ទៅ ៧០ ដុល្លារក្នុងមួយគីឡូក្រាម។
បើទោះបីជាផលិតផលសាច់និងទឹកដោះគោគឺជាប្រភពប្រូតេអ៊ីនធម្មជាតិក៏ដោយ ក៏វាមិនមានប្រូតេអ៊ីនច្រើនដូចម្សៅប្រូតេអ៊ីនបំប៉នពិតប្រាកដនោះទេ។
ទីផ្សារអាហារបំប៉នម្សៅប្រូតេអ៊ីននៅសហរដ្ឋអាមេរិកបច្ចុប្បន្នមានទំហំទឹកប្រាក់ចំនួន ៤,២៤ ពាន់លានដុល្លារ។ ប្រភេទទូទៅរួមមានប្រូតេអ៊ីន whey, casein និង pea។ លើសពីនេះទៀត ប្រូតេអ៊ីនផលិតពីរុក្ខជាតិត្រូវបានរំពឹងថានឹងកាន់តែមានប្រជាប្រិយភាពក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ផលិតផលនៅក្នុងទីផ្សារអាហាររូបត្ថម្ភសម្រាប់សកម្មភាពកីឡាមានការកើនឡើងជាមួយនឹងអាហារសម្រន់ជាផ្លែឈើដែលមានប្រូតេអ៊ីនខ្ពស់ អាហារបំប៉នជាមួយប្រូតេអ៊ីន និងទឹកផ្លែឈើដែលមានជាតិប្រូតេអ៊ីន។ ទោះជាយ៉ាងណា មានការលើកឡើងផងដែរថាផលិតផលទាំងនេះជាច្រើនក៏មានជាតិស្ករខ្ពស់ផងដែរ។
ការកើនឡើងនៃតម្រូវការប្រូតេអ៊ីន និងការចាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងចំណោមប្រជាជនឆ្ពោះទៅរកសកម្មភាពកីឡាដែលជាវិធានការបង្ការក្នុងការទប់ស្កាត់ជំងឺបានជំរុញបន្ថែមដល់ការរីកចម្រើននៃទីផ្សារអាហារូបត្ថម្ភនៅអាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ន ផលិតផលទាំងនេះមិនត្រឹមតែផ្តោតលើអ្នកហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សមកពីគ្រប់មជ្ឈដ្ឋានផងដែរ។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាក្រសួងគាំទ្រដល់សហគ្រាសដែលកំពុងរីកចម្រើននៅកម្ពុជារួមទាំងអាជីវកម្មអាហារបំប៉ន។
លោកថា៖ «អតិថិជនមិនជឿអ្វីទាំងអស់ដែលពួកគេឃើញនៅលើការផ្សាយពាណិជ្ជកម្មនោះទេ។ ពេលខ្លះ ផលិតផលទាំងនេះផ្សាយពាណិជ្ជកម្មអំពីការសម្រកទម្ងន់ឬឡើងសាច់ដុំ ដែលវាមិនមានប្រសិទ្ធភាពសម្រាប់អ្នករាល់គ្នានោះទេ។ ដើម្បីការពារអតិថិជន យើងត្រូវការស្លាកព័ត៌មានច្បាស់លាស់ដើម្បីបង្ហាញពីគ្រឿងផ្សំនៃផលិតផលទាំងនោះ»។
ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ យើងបានធ្វើការណែនាំដល់អ្នកទិញនានាឱ្យជាវផលិតផលទាំងនេះពីប្រភពដែលគួរឱ្យទុកចិត្តដែលមានស្លាកយីហោ ត្រូវបានទទួលស្គាល់ និងមានព័ត៌មានគ្រប់គ្រាន់អំពីសមាសធាតុនិងគ្រឿងផ្សំរបស់ពួកគេ ជាមួយនឹងភស្តុតាងនៃប្រសិទ្ធភាពរបស់ពួកគេដោយឯកសារយោងដែលអាចជឿទុកចិត្តបាន»។
ទោះយ៉ាងណា សុវត្ថិភាព និងប្រសិទ្ធភាពនៃផលិតផលទាំងនេះមិនអាចត្រូវបានធានានោះទេ។ ផលិតផលអាមេរិកជាច្រើនដាក់ថា «មិនត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារនិងឪសថ»ដែលអ្នកទិញគួរតែប្រយ័ត្ន៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា