សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)បានប្រកាសថាគិតត្រឹមថ្ងៃទី ៣ ខែមករា សមាជិកនៃសមាគមបានរៀបចំឥណទានឡើងវិញដែលមានទំហំទឹកប្រាក់ចំនួន ១,៣៨២ ពាន់លានដុល្លារ។ ចំនួនសរុបនៃការស្នើសុំរៀបចំឥណទានឡើងវិញមានចំនួន ៣០៣ ៥៩៣ ក្នុងនោះ ២៨៥ ២៣៤ ត្រូវបានអនុញ្ញាត។
សមាគមក៏បានបញ្ជាក់ផងដែរថាសំណើរសម្រាប់ការរៀបចំឥណទានឡើងវិញក្នុងរយៈពេលបួនខែចុងក្រោយនេះដំណើរការទៅដោយរលូន ដោយមានពាក្យស្នើសុំជាង ១០០០ ក្នុងមួយសប្តាហ៍។
សមាជិកភាពរបស់សមាគមរួមមានធនាគារចំនួន ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ជើ (MDIs) ចំនួន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) ចំនួន ៦៩ ស្ថាប័នភតិសន្យាហិរញ្ញវត្ថុចំនួន ១១ និងប្រតិបត្តិករឥណទានជនបទចំនួន ១៩ ។ សមាជិកធនាគារទាំងបួនរួមមានធនាគារ Hattha Bank, Phillip Bank, SBI LY HOUR Bank Plc និង AEON Specialized Bank Cambodia។
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថាចំនួននៃសំណើដែលពួកគេកំពុងទទួលបានសម្រាប់ការរៀបចំឥណទានឡើងវិញបានធ្លាក់ចុះ ដោយភាគច្រើននៃសំណើទាំងនោះគឺមកពីអាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍។
លោកបន្តថាគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ប្រាក់កម្ចីសរុបរបស់ប្រាសាក់បានកើនឡើងដល់ ៣,០៣ ពាន់លានដុល្លារ ដោយមានត្រឹមតែ ០,៩៩ ភាគរយប៉ុណ្ណោះដែលស្ថិតក្នុងស្ថានភាពប្រាក់កម្ចីមិនដំណើរការ។ ប្រាក់បញ្ញើបានកើនដល់ ២,០៦១ ពាន់លានដុល្លារនៅចុងឆ្នាំនេះ។
លោកបន្ថែមថា៖ «សកម្មភាពអាជីវកម្មជាច្រើនបានត្រលប់មកវិញ ហើយវិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តដំណើរការទៅយ៉ាងល្អទាំងគុណភាពនិងបរិមាណ»។
ធនាគារជាតិ នៃកម្ពុជាបានអនុញ្ញាតិឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបន្តរៀបចំឥណទានឡើងវិញសម្រាប់អតិថិជនដែលរងគ្រោះដោយគ្រោះទឹកជំនន់ និងករណីជម្ងឺរាតត្បាតរហូតដល់ពាក់កណ្តាលឆ្នាំ ២០២១ ។ សំណើររៀបចំឥណទានឡើងវិញដែលសមស្របគឺផ្អែកលើការវាយតម្លៃជាក់ស្តែងដែលធ្វើឡើងដោយស្ថាប័នហិរញ្ញវត្ថុ។
ធនាគារជាតិ នៃកម្ពុជាបានបន្តថាខ្លួនពង្រឹងការត្រួតពិនិត្យវិស័យធនាគារនិងត្រៀមចេញវិធានការណ៍ប្រុងប្រយ័ត្ននិងការគាំទ្រផ្សេងៗទៀតដែលចាំបាច់ដើម្បីរក្សានិរន្តរភាព ភាពធន់ និងកម្រិតនៃការជឿទុកចិត្តនៅក្នុងវិស័យធនាគារនៅកម្ពុជា។
ធនាគារជាតិ នៃកម្ពុជាបានបន្ថែមទៀតថាវិស័យធនាគារនិងហិរញ្ញវត្ថុនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេស ក៏ដូចជារួមចំណែកដល់ការថែរក្សាគោលការណ៍ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ធនាគារជាតិ នៃកម្ពុជាបន្តទៀតថាប្រព័ន្ធធនាគារនៅតែបន្តផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ លើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ និងធានាឱ្យមានការចូលរួមពីសាធារណជន ទន្ទឹមនឹងការពង្រឹងការការពារអតិថិជន និងលើកកម្ពស់គុណភាព និងតម្លាភាពនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាន។ កត្តាទាំងនេះនឹងរួមចំណែកដល់ការថែរក្សាស្ថេរភាពហិរញ្ញវត្ថុ និងការចៀសវាងការជំពាក់បំណុលក្នុងចំនួនច្រើនលើសលប់ក្នុងចំណោមប្រជាជន៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា