ស្របពេលដែលប្រជាជនកម្ពុជាចាប់យកយុគសម័យឌីជីថលកាន់តែច្រើន បណ្តាអ្នកអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទកំពុងបង្កើតកម្មវិធីនៃមុខម្ហូបខ្មែរដើម្បីចែករំលែកមុខម្ហូបប្រពៃណីរបស់ប្រទេសកម្ពុជា។
មុខម្ហូបខ្មែរនាពេលបច្ចុប្បន្នបានឈានដល់មហាជនតាមរយៈវេទិកាឌីជីថលនានា។ ការទាញយកកម្មវិធីរាប់ពាន់ដងពី Google Play និង Apple App Store បានបង្កើតជាសក្តានុពលនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មដែលកំពុងបន្តក្នុងចំណោមកម្មវិធីដែលផ្ដល់នូវមុខម្ហូបខ្មែរ។
នៅលើ Google Play សម្រាប់ប្រព័ន្ធ Android កម្មវិធី « Khmer Cooking Recipe» កំពុងតែឈានមុខគេ ដែលត្រូវបានទាញយកច្រើនជាង ១០០,០០០ ដង។ កម្មវិធីនេះក៏ទទួលបានចំណាត់ថ្នាក់គួរឱ្យចាប់អារម្មណ៍ក្នុងកម្រិត ៤.៦ នៃ កម្រិត ៥ ផងដែរ ខណៈដែលមានការលើកឡើងថាកម្មវិធីនេះមានភាពប្រសើរជាងកម្មវិធីមុខម្ហូបខ្មែរដ៍ទៃទៀត។
ការលើកឡើងមួយផ្សេងទៀតបានឲ្យដឹងថា៖ «ប្រសិនបើអ្នកចូលចិត្តបរិភោគម្ហូបខ្មែរ ប៉ុន្តែមិនដឹងពីរបៀបរៀបចំម្ហូប ឬគ្រឿងផ្សំអ្វីដែលត្រូវបានប្រើក្នុងការចំអិននោះទេ នេះគឺជាកម្មវិធីដែលអ្នកត្រូវការ ខណៈដែលវាបង្ហាញអ្នកនូវគ្រឿងផ្សំទាំងអស់ ហើយក៏មានវីដេអូខ្លះបង្ហាញពីរបៀបចំអិនផងដែរ»។
កម្មវិធីមួយផ្សេងទៀត «Khmer Cooking» ទទួលបានការវាយតម្លៃក្នុងកម្រិត ៤.២ ក្នុងចំណោម ៥ ។
បើទោះបីជាអ្នកប្រើប្រាស់មួយចំនួនបានថ្លែងថាកម្មវិធីនេះមានភាពល្អប្រសើរក៏ដោយ អ្នកប្រើប្រាស់ម្នាក់បានលើកឡើងថាការផ្សាយពាណិជ្ជកម្មជាច្រើនធ្វើឱ្យកម្មវិធីនេះមិនអាចប្រើបាន។
ទន្ទឹមនឹងនេះ នៅលើ App Store របស់ Apple ខណៈពេលដែលកម្មវិធី « Khmer Cooking» មិនទាន់មានការទាញយកបានគ្រប់គ្រាន់ដើម្បីទទួលបានចំណាត់ថ្នាក់ ចំនួនទាញយករបស់ខ្លួនកំពុងតែកើនឡើងជារៀងរាល់ថ្ងៃ។
ខណៈពេលដែលអ្នកប្រើកម្មវិធីចម្អិនអាហារស្វែងរកគំនិតថ្មីអំពីអ្វីដែលត្រូវធ្វើសម្រាប់អាហាររបស់ពួកគេ អ្នកអភិវឌ្ឍន៍នានាបានជ្រើសរើសយកមធ្យោបាយក្នុងការទទួលបានប្រាក់ចំណូលតាមរយៈកម្មវិធីទាំងនេះ។
អ្នកអភិវឌ្ឍន៍វេទិកាទូរស័ព្ទចល័តឈានមុខ Tekrevol បានឲ្យដឹងថាកម្មវិធីកំពូលៗមានសក្តានុពលក្នុងការទាញប្រាក់ចំណូលរាប់ពាន់លានដុល្លារ។
«ទោះជាយ៉ាងណា កម្មវិធីដើម្បីធ្វើវាមានចំនួនតិចណាស់។ ដូច្នេះ វាគឺជាសកម្មភាពពិបាកមួយក្នុងការផ្តល់តួលេខអំពីចំនួនទឹកប្រាក់ដែលកម្មវិធីអាចរកបាន»។
Tekrevol បន្ថែមថាការសំរេចបាននិងរក្សាបានតំណែងកំពូលទាំង ២០០ ក្នុងការទាញយកកម្មវិធីអាចរកប្រាក់ចំណេញដល់អ្នកអភិវឌ្ឍន៍ចំនួន ៨២ ៥០០ ដុល្លារក្នុងមួយថ្ងៃ។
«ប៉ុន្តែនៅពេលដែលយើងមើលទៅកាន់តួលេខសម្រាប់កម្មវិធីកំពូលទាំង ៨០០ ប្រាក់ចំនូលប្រចាំថ្ងៃធ្លាក់ចុះដល់ប្រមាណជា ៣ ៥០០ ដុល្លារ»។
«ទោះជាយ៉ាងណា ទីផ្សារកម្មវិធីកំពុងតែទទួលបានកំណើនជាបន្ត ខណៈដែលអ្នកវិភាគឧស្សាហកម្មព្យាករណ៍ថានិន្នាការនេះនឹងនៅតែរឹងមាំទៅអនាគតផងដែរ»។
ទីផ្សារកម្មវិធីរូបមន្តមុខម្ហូបត្រូវបានរំពឹងថានឹងកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំ ១៦ ភាគរយចន្លោះឆ្នាំ ២០១៩ និង ២០២៧ នេះបើយោងតាមស្ថាប័ន Absolute Market Insights ។ អត្រាកំណើនប្រចាំឆ្នាំនេះត្រូវបានជំរុញដោយអ្នកអភិវឌ្ឍន៍ដែលពង្រីកមុខងារនិងសមត្ថភាពកម្មវិធីជាបន្តបន្ទាប់។
AMI បានឲ្យដឹងថា tech-savvy millennials (ចាប់ផ្ដើមនៅចន្លោះឆ្នាំ ១៩៧៩ និង ១៩៩៥) និង Generation Z (ចាប់ផ្ដើមនៅចន្លោះឆ្នាំ ១៩៩៦ និងឆ្នាំ ២០១០) កាន់តែច្រើនប្រើវេទិកាឌីជីថលដើម្បីអនុវត្តសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។
«តាមរយៈការផ្លាស់ប្តូរនិន្នាការនេះ ក្រុមហ៊ុននានានៅក្នុងទីផ្សារកម្មវិធីរូបមន្តធ្វើម្ហូបធ្វើសមាហរណកម្មនូវលក្ខណៈពិសេសបន្ថែមផ្សេងៗគ្នារួមមានបញ្ជីគ្រឿងទេសស្វ័យប្រវត្តិ។ បញ្ជីរាយគ្រឿងទេសស្វ័យប្រវត្តិកម្មបំលែងរូបមន្តដែលបានរក្សាទុកទៅក្នុងបញ្ជីទិញទំនិញតាមរយៈលក្ខណៈសហការគ្នា ដែលផ្តល់ដល់អ្នកប្រើប្រាស់របស់ខ្លួននូវភាពងាយស្រួលក្នុងការចម្អិនអាហារ»។
AMI បន្តថាការជឿនលឿនទៅមុខនៃបច្ចេកវិទ្យាក៏កំពុងត្រូវបានដាក់បញ្ចូលផងដែរ។ ក្នុងចំណោមនោះមាន «snap n cook» ជាមុខងារមួយដែលអាចឱ្យអ្នកប្រើប្រាស់ចុចរូបភាពនៃគ្រឿងផ្សំ បន្ទាប់មកវិភាគដើម្បីបង្កើតរូបមន្តដែលបានណែនាំនិងពាក់ព័ន្ធ។ food intelligence ក៏អាចបង្កើតជាការណែនាំផ្ទាល់ខ្លួនសម្រាប់អ្នកប្រើប្រាស់ផងដែរ។
នៅក្នុងប្រទេសកម្ពុជា ការនាំយកមុខម្ហូបរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកអាចជារូបមន្តនៃភាពជោគជ័យមួយ៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា