ស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជាបានកើនឡើងគួរឱ្យព្រួយបារម្ភកាលពីសប្តាហ៍មុនដោយសារការរីករាលដាលនៃការឆ្លងក្នុងសហគមន៍ដែលរហូតមកដល់ពេលនេះមាន ២៩ ករណីត្រូវបានរកឃើញ។
លើសពីនេះ ក្រសួងសុខាភិបាលបានរកឃើញករណីនាំចូលដែលមិនទាក់ទងគ្នាចំនួន ៣ ករណីទៀតនៅថ្ងៃនេះ នាំឱ្យមានករណីវិជ្ជមានសរុបនៃជំងឺកូវីដ-១៩ កើនដល់ ៣៤៤ ករណី។
យោងតាមលោកស្រី យគ់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា ករណី ៣ ចុងក្រោយបង្អស់គឺសុទ្ធតែជាបុរសដែលរួមមានជនជាតិខ្មែរម្នាក់និងជនជាតិអាមេរិក ២ នាក់ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកតាមរយៈចិនតៃប៉ិ។
ព័ត៌មានលម្អិតបន្ថែមទៀតមិនត្រូវបានផ្សព្វផ្សាយដោយក្រសួងទេ ហើយរំពឹងថានឹងទទួលបាននៅថ្ងៃអាទិត្យនេះ។
ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងនិងជារដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្រសួងសុខាភិបាលកំពុងវាយតម្លៃជាបន្តបន្ទាប់អំពីស្ថានភាពជំងឺរាតត្បាតនៅកម្ពុជានាពេលបច្ចុប្បន្ន។
លោកស្រីនិយាយថា៖ «ស្ថានភាពបច្ចុប្បន្នអាចនិយាយថា បានឆ្លងផុតខ្សែបន្ទាត់ក្រហមទាក់ទងនឹងការផ្ទុះឡើងជាចង្កោមឬការផ្ទុះឡើងក្នុងសហគមន៍និងមានន័យថាវាឈានដល់កម្រិតធ្ងន់ធ្ងរហើយ ទោះជាយ៉ាងណាក៏ដោយស្ថានភាពនេះមិនទាន់ឈានដល់ខ្សែបន្ទាត់នៃបិទរាជធានីភ្នំពេញទេ»។
ជាមួយនឹងករណីថ្មីនេះ ចំនួនសរុបនៃករណីកូវីដ-១៩នៅកម្ពុជាបានកើនឡើងដល់ ៣៤៤ ក្នុងនោះ ៣០៤ ត្រូវបានព្យាបាលជាសោះស្បើយដោយជោគជ័យ ដោយពុំមានករណីគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ក្នុងករណីទាំង ៣៤៤ នោះមានជនជាតិកម្ពុជា ២២៦ នាក់បារាំង ៤៥ នាក់ចិន ១៨ នាក់ ម៉ាឡេស៊ី ១៣ នាក់ ឥណ្ឌូណេស៊ី ៩ នាក់ អាមេរិក ១១ នាក់ អង់គ្លេស ៦ នាក់ វៀតណាម ៣ នាក់ កាណាដា ៣ នា ក់ឥណ្ឌា ៣ នាក់ ហុងគ្រី ២ នាក់ ប៉ាគីស្ថាន ២ នាក់ ប៊ែលហ្សិកម្នាក់ កាហ្សាក់ស្ថាន ១ នាក់ និងប៉ូឡូញ ១ នាក់៕