លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបាននិយាយកាលពីម្សិលមិញថា សមាជិកសភានិងមន្ត្រីទាំងអស់ជាង ១០០ នាក់ដែលបានទាក់ទងដោយផ្ទាល់និងដោយប្រយោលទាក់ទងនឹងមន្ត្រីជាន់ខ្ពស់ដែលមានជំងឺកូវីដ-១៩ បានធ្វើតេស្តទទួលបានលទ្ធផលអវិជ្ជមាន។
ទោះយ៉ាងណា លោកបាននិយាយថាពួកគេទាំងអស់នឹងបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃហើយកិច្ចប្រជុំធំៗរួមមានកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ និងសម័យប្រជុំពេញអង្គនឹងមិនត្រូវបានធ្វើឡើងជាធម្មតានោះឡើយ។
កាលពីដើមសប្តាហ៍នេះ រដ្ឋសភាជាតិបានស្នើសុំឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបង្កើតកន្លែងធ្វើតេស្តដើម្បីយកសំណាករបស់សមាជិកសភា។ សេចក្តីថ្លែងការណ៍នោះបាននិយាយថាសមាជិកសភាលោក ឡូយ សុផាត បានទាក់ទងដោយផ្ទាល់ជាមួយលោកឧត្តមសេនីយ៍ឯក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលបានធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ។
យោងតាមរដ្ឋសភាជាតិ សមាជិកសភានិងមន្ត្រីចំនួន ៣១ នាក់ត្រូវបានគេចាត់ទុកថាមានហានិភ័យមធ្យមនៃការឆ្លងហើយមន្ត្រី ៣៥ នាក់ផ្សេងទៀតត្រូវបានគេចាត់ទុកថាមានហានិភ័យទាប។
លោក ប៉េងឡុង បាននិយាយកាលពីម្សិលមិញថាលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របានរកឃើញថាប្រធានរដ្ឋសភាលោក ហេង សំរិន អនុប្រធានទី ១ ងួន ញ៉ិលនិងអនុប្រធានទី ២ ឃួន សុដារី សុទ្ធសឹងតែទទួលបានលទ្ធផលអវិជ្ជមានសម្រាប់ជំងឺកូវីដ–១៩ ។
លោកបន្តថាក្រុមគ្រួសារមន្ត្រី ជំនួយការ អ្នកបើកបរនិងអ្នកដែលទាក់ទងនឹងពួកគេក៏បានធ្វើតេស្តទទួលបានលទ្ធផលអវិជ្ជមានផងដែរ។
លោក ឡូយ សុផាត បានចូលរួមសម័យប្រជុំពេញអង្គរបស់រដ្ឋសភាកាលពីថ្ងៃទី ២៥ ខែវិច្ឆិកាដែលមានការចូលរួមពីសមាជិកសភាចំនួន ១១៦ រូបក៏ដូចជារដ្ឋសភានិងមន្ត្រីរដ្ឋាភិបាល។
អ្នកចូលរួមមានលោក គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងជាលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
លោកបាននិយាយថាអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានឹងនៅតែបន្តធ្វើចត្តាឡីស័កខណៈពេលរង់ចាំការធ្វើតេស្តលើកទី ២ ។
លោកបានបន្ថែមថាក្រុមមន្រ្តីបានដាក់ចេញនូវវិធានការតឹងរឹងដើម្បីការពារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ។
លោក ប៉េងឡុង បាននិយាយថាវិធានការណ៍ទាំងនេះត្រូវបានអនុវត្តចាប់តាំងពីសមាជិកសភាលោក សួស យ៉ារ៉ា ត្រូវបានគេធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមានបន្ទាប់ពីបានទាក់ទងជាមួយលោក ភីធើ ស៊ីចាតូ រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រីក្នុងអំឡុងព្រឹត្តការណ៍ ៣ វិច្ឆិកា។
លោកបាននិយាយថា៖ «អ្នកដែលចូលក្នុងរដ្ឋសភាត្រូវពាក់ម៉ាស់ ពិនិត្យសីតុណ្ហភាពនិងលាងសម្អាតដៃ យើងក៏មានម៉ាស៊ីនសម្អាតផងដែរ»។
លោកបាននិយាយថាការិយាល័យរដ្ឋសភាជាតិមួយចំនួននឹងនៅតែដំណើរការខណៈដែលគណៈកម្មការជំនាញរបស់រដ្ឋសភាជាតិនឹងត្រូវធ្វើការតាមប្រព័ន្ធអ៊ីនធើណែត។
ព្រឹទ្ធសភាក៏បានពន្យាពេលកិច្ចប្រជុំសំខាន់ៗមួយចំនួនផងដែរបន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាបាននិយាយកាលពីម្សិលមិញថាដោយសារមានការព្រួយបារម្ភអំពីជំងឺកូវីដ-១៩ គណៈកម្មការជំនាញព្រឹទ្ធសភាបានផ្អាកការប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់។
លោកបន្តថា៖ «កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ព្រឹទ្ធសភាក៏ដូចជាសម័យប្រជុំពេញអង្គត្រូវបានពន្យាពេល»៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី