នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មណ្ឌលកុមារកំព្រាតម្រូវអោយកុមារពាក់ម៉ាសនៅគ្រប់ពេលវេលាហើយប្រកាន់ខ្ជាប់នូវវិធានការការពារដែលចេញដោយក្រសួងសុខាភិបាល។
អ្នកស្រី សៅរី ជាគ្រូបង្រៀននៅអង្គការ Hope of Children (HOC) ប្រចាំខេត្តបាត់ដំបងបានជូនដំណឹងដល់កាសែតខ្មែរថាមស៍ថា ពួកគេមិនទទួលភ្ញៀវដែលមកលេងនៅទីតាំងរបស់ពួកគេទេហើយក្មេងៗត្រូវបានណែនាំអោយពាក់ម៉ាសជានិច្ចទាំងនៅខាងក្រៅនិងខាងក្នុង។
អ្នកស្រីបន្តថាបច្ចុប្បន្នពួកគេកំពុងមើលថែក្មេងជាង ៣០ នាក់នៅក្នុងមណ្ឌលកុមារកំព្រា។ មានក្រុមសប្បុរសធម៌ជួយដល់កុមារហើយពួកគេបានអនុវត្តតាមពិធីសារសុខភាពដែលបានណែនាំដោយក្រសួងសុខាភិបាលដើម្បីចៀសវាងការរីករាលដាលនៃជំងឺដ៏សាហាវនេះ។
អ្នកស្រីបន្ថែមថា៖ «កុមារត្រូវបានគេប្រាប់អោយលាងដៃជាមួយសាប៊ូហើយទឹកលាងដៃត្រូវបានផ្តល់អោយ។ យើងបង្រៀនពួកគេអំពីមេរោគនេះ ដូច្នេះពួកគេនឹងដឹងពីវិធីដើម្បីជៀសវាងពីការឆ្លងនិងអ្វីដែលត្រូវធ្វើប្រសិនបើពួកគេមានរោគសញ្ញា»។
បុគ្គលិកមកពី The Sharing Foundation នៅភ្នំពេញបាននិយាយថាខ្លួនក៏ឈប់ទទួលភ្ញៀវដែរ។ ទោះបីកម្មវិធីសាលាត្រូវបានបិទស្របនឹងសេចក្តីប្រកាសរបស់រដ្ឋាភិបាលក៏ដោយ ក៏ក្មេងៗនៅតែមានសុខភាពល្អ។
លោក James Sutherland អ្នកសម្របសម្រួលផ្នែកទំនាក់ទំនងអន្តរជាតិនៃអង្គការ Friends International បាននិយាយថាក្រុមការងាររបស់លោកបានចាប់ដៃគូជាមួយកម្មវិធីនិងអង្គការដទៃទៀតដែលបានទៅដល់មណ្ឌលកុមារកំព្រាផ្សេងៗនៅកម្ពុជានិងជួយពួកគេតាមតំរូវការរបស់ពួកគេ។
លោកនិយាយថា៖ «ជំងឺកូវីដ-១៩ គឺជាឧបសគ្គក្នុងការធ្វើការរបស់យើង ដើម្បីផ្សព្វផ្សាយដល់ក្រុមរបស់យើងនៅក្នុងសហគមន៍ដោយធានាថាប្រជាជនទទួលបានការគាំទ្រជាបន្ទាន់រួមមានទាំងអាហារ សម្ភារៈអនាម័យនិ ងការបណ្តុះបណ្តាលស្តីពីការការពារពីជំងឺនេះ»។
រួមគ្នាជាមួយអង្គការមិត្តសំឡាញ់និងកម្មវិធី 3PC ដែលជាកម្មវិធីភាពជាដៃគូដើម្បីការពារកុមារ លោកបានពណ៌នាថាវាមានបញ្ហាប្រឈមខ្លាំងណាស់ក្នុងកំឡុងពេលពេលមានជំងឺកូវិដ-១៩ មិនត្រឹមតែដោយសារវិធានការសុវត្ថិភាពតឹងរឹងដែលត្រូវការដើម្បីអនុវត្តការងារសំខាន់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារជំងឺកូវិដ-១៩ កំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់គ្រួសារ។ មនុស្សជាច្រើនបានបាត់បង់ការងារ ឬព្រួយបារម្ភអំពីអនាគតរបស់ពួកគេ។
លោកបន្ថែមថា៖ «យើងនាំកុមារកំព្រាត្រឡប់ទៅគ្រួសាររបស់ពួកគេវិញពីព្រោះ ៨០ ភាគរយនៃកុមារដែលមើលថែដោយស្ថាប័ន ឬមណ្ឌលកុមារកំព្រាមិនមែនជាក្មេងកំព្រាទេ។ ពួកគេមានឪពុកម្តាយ»។
កាលពីខែឧសភា ក្រសួងសង្គមកិច្ចបានប្រកាសហាមប្រាមភ្ញៀវដែលមកលេងមណ្ឌលកុមារកំព្រា។ នេះគឺជារយៈពេលដ៏សំខាន់មួយសម្រាប់មណ្ឌលកុមារកំព្រាមួយចំនួនដែលពឹងផ្អែកលើក្រុមទេសចរណ៍និងសប្បុរសធម៌ដែលមកលេងកន្លែងរបស់ពួកគេដើម្បីទទួលបានមូលនិធិ។ ទោះយ៉ាងណាការដាក់កម្រិតថ្មីនេះមិនបានបញ្ឈប់ HOC ពីការផ្គត់ផ្គង់ដល់កុមារនៅខាងក្នុងមណ្ឌលរបស់ពួកគេទេ។
អ្នកស្រី សៅរី បាននិយាយថាក្រៅពីក្រុមដែលបរិច្ចាគថវិកាដល់កន្លែងរបស់ពួកគេ ពួកគេក៏មានភោជនីយដ្ឋានមួយនៅខេត្តបាត់ដំបងដែលមានឈ្មោះថាកាហ្វេ HOC។ អ្នកស្រីមិនត្រឹមតែបង្រៀនក្មេងៗនៅមណ្ឌលកុមារកំព្រាទេ តែថែមទាំងគ្រប់គ្រងភោជនីយដ្ឋានដែលជាប្រភពចំណូលរបស់ពួកគេដើម្បីទ្រទ្រង់សេចក្តីត្រូវការរបស់កុមារ៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី