cellcard cellcard cellcard

ឥណទានមិនដំណើរការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ធ្លាក់ចុះដល់ ២,២៧% នៅក្នុងខែតុលា

Harrison White / Khmer Times Share:
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក គា បូរាណ៕ KT

អនុបាតឥណទានមិនដំណើរការក្នុង​វិស័យមីក្រូហិរញ្ញវត្ថុបានថយចុះពី ២,៥៦ ភាគរយក្នុងខែកញ្ញា ដល់ ២,២៧ ភាគរយនៅក្នុងខែតុលា បន្ទាប់ពីកើនឡើងពី ១,៣៣ ភាគរយក្នុងខែមករា និងឡើងដល់កំពូលនៅខែឧសភាចំនួន ២,៦១ ភាគរយ។

អនុបាតឥណទានមិនដំណើរការសម្រាប់វិស័យទាំងមូលរួមទាំងធនាគារនិងស្ថាប័នហិរញ្ញវត្ថុក៏មានការធ្លាក់ចុះផងដែរពី ២,២ ភាគរយក្នុងខែកញ្ញាដល់ ២,១៨ ភាគរយនៅក្នុងខែតុលា។

លោក កាំង តុងងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានថ្លែងឲ្យដឹងកាលពីម្សិលមិញថា ការថយចុះនេះត្រូវបានរំពឹងទុកជាមុនដោយសារតែធនាគារនិងស្ថាប័នហិរញ្ញវត្ថុនៅតែបន្តធ្វើការជាមួយអតិថិជនរបស់ពួកគេដែលហិរញ្ញវត្ថុរបស់ខ្លួន​រងផលប៉ះពាល់ពីការរាតត្បាត។

លោកថា៖ «ដូចដែលបានរំពឹងទុក ឥណទានមិនដំណើរការនៃវិស័យមីក្រូហិរញ្ញវត្ថុបានធ្លាក់ចុះពី ២,៥៦ ភាគរយក្នុងខែកញ្ញាមកនៅត្រឹម ២,២៧ ភាគរយនៅក្នុងខែតុលា។ ការធ្លាក់ចុះនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិកនៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដើម្បីធានាថាតម្រូវការរបស់អតិថិជនត្រូវបានដោះស្រាយយ៉ាងយកចិត្តទុកដាក់ជាពិសេសនៅក្នុងគ្រាដ៏លំបាកនេះ»។

លោកបន្ថែមថា៖ «តម្រូវការមួយក្នុងចំណោមតម្រូវការទាំងនោះគឺការរៀបចំប្រាក់កម្ចីឡើងវិញដែលកំពុងបន្តធ្វើដែលជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយសារករណីនៃវីរុសកូវីដ ១៩ ។ ដោយមានគោលនយោបាយរៀបចំរចនាសម្ព័ន្ធឡើងវិញជាបន្តរបស់ធនាគារជាតិនៃកម្ពុជា ស្ថាប័នហិរញ្ញវត្ថុនានាមានក្របខ័ណ្ឌច្បាប់ចាំបាច់ដើម្បីគាំទ្រដល់​អតិថិជនទាំងឡាយដែលរងផលប៉ះពាល់»។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ប្រាក់កម្ចីត្រូវបានចាត់ទុកថាមិនដំណើរការនៅពេលដែលអ្នកខ្ចីមិនបានធ្វើការសងវិញក្នុងរយៈពេលកំណត់​លើសពី ៣០ ថ្ងៃ។ វាត្រូវបានចាត់ទុកថាជាសូចនាករសំខាន់មួយដើម្បីវាយតម្លៃពីហានិភ័យផលប័ត្រនៃវិស័យមីក្រូហិរញ្ញវត្ថុ។

សម្រាប់អត្រាឥណទាន​មិន​ដំណើរការ ទាបជាង ៥ ភាគរយត្រូវបានចាត់ទុកថាជាអត្រាដែលល្អក្នុងស្តង់ដារឧស្សាហកម្មពិភពលោក។

ជាមួយគ្នានេះផងដែរ ធនាគារជាតិនៃកម្ពុជាកាលពីខែមុនក៏បានជូនដំណឹងដល់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុនានាក្នុងការបន្តរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញរហូតដល់ពាក់កណ្តាលឆ្នាំ ២០២១៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

កម្លាំងខ្យល់ក្នុងខេត្តកំពត​មា​នសក្ដា​នុពលសម្រាប់ការបង្កើតថាមពល​កកើតឡើងវិញ

Next Article

ក្រសួងសុខាភិបាលកម្ពុជា​ ត្រូវ​បាន​គេ​សាទរចំពោះ​ការគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ប៉ុន្តែរងការរិះគន់ថាខ្វះតម្លាភាព